កីឡា

គ្រូ​ក្លឹប​របស់ David Beckham នៅ​ស្រុក​អាមេរិក និយាយ​ត្រង់​ៗ​ថា ​ចង់​បាន Messi

លោក Phil Neville អ្នក​ចាត់ការ​ក្លឹប Inter Miami ដែល​ជា​ក្លឹប​របស់​វីរបុរស​ បាល់ទាត់​អង់គ្លេស​ David Beckham បាន​ប្រាប់​អ្នក​កាសែត​ថា លោក​ចង់​បាន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi និង​កីឡាករ​កំពូលៗ​ដទៃ​ទៀត​ចូល​រួម​ នៅ​ក្នុង​ក្លឹប​អាមេរិក​មួយ​នេះ។

លោក​បាន​និយាយ​ថា៖ «យើង​ចង់​នាំ​ចូល​កីឡាករ​កំពូលៗ​នៅ​លើ​ពិភពលោក ដើម្បី​មក​លេង​នៅ​ក្នុង​ក្លឹប​បាល់ទាត់​មួយ​នេះ»។

«Messi និង Bosquets [សំដៅ​លើ​ខ្សែ​បម្រើ​អេស្ប៉ាញ និង​ក្លឹប Barcelona កីឡាករ​ Sergio Busquets] ជា​កីឡាករ​លេចធ្លោ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​»។ នេះ​ជា​ការ​បន្ត​របស់​លោក។

លោក​បាន​បន្ថែម​ថា៖ «ពួក​គេ​ជា​កីឡាករ​ដ៏​ល្អ​ ហើយ​នឹង​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ក្លឹប​នេះ។ សម្រាប់​លីគ​អាមេរិក​ MLS វិញ ពួកគេ​នឹង​ក្លាយ​ជា​អ្នក​ផ្លាស់ប្ដូរ​បរិយាកាស​ទាំង​ស្រុង​តែ​ម្ដង»។

បន្ថែម​ពី​នេះ​ទៅ​ទៀត លោក Neville ក៏​ចង់​បាន​កីឡាករ​ល្អៗ​ដទៃ​ទៀត​ដូច​ជា ខ្សែ​ការពារ​អេស្ប៉ាញ Sergio Ramos និង​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski ជា​ដើម៕

Most Popular

To Top