កីឡា

លោក ណយ ផាណា ៖ ការប្រកួតកម្រិតអាស៊ីនេះ ពិតជាលំបាក ក្នុងការប្រជែងដណ្តើម មេដាយណាស់ ចំពោះកីឡាកាយ សម្ព័ន្ធកម្ពុជា

ភ្នំពេញ ៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូបង្វឹកបានមានប្រសាសន៍ថា កីឡាកាយសម្ព័ន្ធកម្ពុជា ប្រភេទកីឡាកាយសម្ព័ន្ធ អាអេរ៉ូប៊ិក បានបង្កើនការហ្វឹកហាត់ យ៉ាងសកម្មរាល់ថ្ងៃ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ដើម្បីត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាកាយសម្ព័ន្ធជើង ឯកអាស៊ី លើកទី១៩ នៅប្រទេសម៉ុងហ្គោលី កញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ។

លោកអគ្គលេខាធិការបានបន្តថា រូបលោកបានចំណាយពេលនៅជាមួយកីឡាករ-កីឡាការិនីរបស់លោកដើម្បីបង្ហាត់រួមជាមួយនឹងការបង្កើនពេលវេលា ហ្វឹកហាត់ ដើម្បីត្រៀមការមកដល់ នៃព្រឹត្តិការណ៍ជើងឯកអាស៊ីនេះ ។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ។ កម្ពុជា នឹងបញ្ជូនអត្តពលិកចំនួន ៨ នាក់ ក្នុងនោះកីឡាករ ១ នាក់ និងកីឡាការិនី ៧ នាក់ទៅចូលរួម ចំពោះកីឡាកាយសម្ព័ន្ធកម្ពុជា ត្រូវបានធ្វើឲ្យ ស្រឡាំងកាំង ខណៈព្រឹត្តិការណ៍SEA GAME ២ លើកចុងក្រោយនេះ បានទទួលមេដាយ ទោះនៅមិនទាន់ឈានដល់កម្រិតមេដាយមាសក៏ពិតមែន តែក៏បានមេដាយប្រាក់ និងមេដាយសំរិទ្ធដែរ ។

លោកអគ្គលេខាធិការបានបន្ថែមថា ការប្រកួតកម្រិតអាស៊ីបែបនេះ ពិតជាលំបាកក្នុងការប្រកួតប្រជែង ដណ្តើមមេដាយណាស់ ប៉ុន្តែក្នុងនាមរូបលោក និងសហព័ន្ធនៅតែដាក់គោលដៅ ប្រជែង យកមេដាយឲ្យបានទោះ ជាមេដាយកម្រិតអ្វីក៏ដោយ ។ គោលដៅចម្បង របស់សហព័ន្ធត្រូវឆ្លង ឲ្យផុតវគ្គជម្រុះសិនដើម្បីឈានឡើង ទៅកាន់ផ្ដាច់ព្រ័ត្រក្នុងការសម្រេចគោលដៅ ដណ្ដើមយកមេដាយ ។

លោកបានអះអាងថា នៅទ្វីបអាស៊ីយើងប្រទេសដែលជើងខ្លាំងផ្នែកកីឡាកាយសម្ព័ន្ធរួមមាន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង ប្រទេសវៀតណាម ប្រទេសជប៉ុន និងបណ្ដាប្រទេសមួយចំនួនទៀត ចំពោះកម្ពុជា ពេលនេះក៏ស្ថិតក្នុងចំណោមប្រទេស កំពុងធ្វើឲ្យប្រទេសដទៃចាប់អារម្មណ៍ដែរ។ ការប្រកួតកីឡាកាយ សម្ព័ន្ធមាន ចំនួន ២ ប្រភេទធំៗ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic) និងកាយសម្ព័ន្ធ (Artistic) ។ សម្រាប់ការប្រកួតជើង ឯកអាស៊ីលើកនេះ មានតែប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកតែប៉ុណ្ណោះ ៕
ដោយ៖លី ភីលីព

Most Popular

To Top