កីឡា

សហព័ន្ធកីឡាទាញព្រ័ត្រ ប្រកាសរៀបចំ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសរៀបចំការ ប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤ ចាប់ផ្តើមដំណើរការ ការប្រកួតជាផ្លូវការពីថ្ងៃទី ១០ដល់១២ ខែឧសភា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងដៃគូឧបត្ថម្ភនានា ។

លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសន្និសីទ សារព័ត៌មាន ស្តីពីការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់ Idol លើកទី១ កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) រាជធានីភ្នំពេញ ។

លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol លើកទី១នេះ ឆ្នាំ២០២៤ ក្នុងគោលបំណង ផ្សព្វផ្សាយកីឡាទាញព្រ័ត្រ និងចូលរួមបំផុសឲ្យប្រជាជន ម្នាក់លេងកីឡា មួយមុខប្រចាំជីវិត ដើម្បីទទួលបានការគាំទ្រ ចាប់អារម្មណ៍ កាន់តែច្រើនពីមហាជន ក៏ដូចជាការចូល រួមអបអរ សាទរខួបលើកទី៩ នៃការបើកបង្ហាញ ល្បែងទាញព្រ័ត្រ ដែលអង្គភាព UNESCO បានដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។ ក្នុងនោះ សហព័ន្ធក៏ត្រៀមជ្រើសរើសក្រុមខ្លាំង ដែលមានសមត្ថភាពឆ្នើមៗ សម្រាប់ត្រៀមទៅ ចូលរួមព្រឹត្តិការណ៍ ប្រកួតលក្ខណៈអន្តរជាតិនានា ទៅតាមការអញ្ជើញ របស់សហព័ន្ធកីឡា ទាញព្រ័ត្រអន្តរជាតិ ផងដែរ ។

លោកបណ្ឌិតបានលើកឡើងទៀតថា សំខាន់ជាងនេះ ការប្រកួតកីឡាទាញព្រ័ត្រនេះ ដើម្បីសម្រួចទិសដៅ ក៏ដូចជាជ្រើសរើសអត្តពលិកឆ្នើមៗ សម្រាប់ត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ នៅឆ្នាំ២០២៥ ក្នុងករណីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាត សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃធ្វើជាម្ចាស់ផ្ទះ ។

សហព័ន្ធនឹងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មការរៀបចំ អ្នកគាំទ្រ សរុប ៩៣២ នាក់ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតមានចំនួនសរុប ៣១២នាក់។ ចំពោះវិញ្ញាសាដាក់ឲ្យប្រកួតមាន ៨ វិញ្ញាសា រួមមាន៖ វិញ្ញាសា៨នាក់ទល់៨នាក់ ផ្នែកបុរស ទម្ងន់ ៦០០គីឡូក្រាម វិញ្ញាសា ៨នាក់ទល់៨នាក់ ផ្នែកនារី ទម្ងន់ ៥០០គីឡូក្រាម និងវិញ្ញាសា ៤នាក់ទល់៤នាក់ ផ្នែកបុរស ទម្ងន់ ៣០០គីឡូក្រាម ។

ចំណែកវិញ្ញាសា ៤នាក់ទល់៤នាក់ ផ្នែកនារី ទម្ងន់ ២៥០គីឡូក្រាម, វិញ្ញាសាម្នាក់ទល់ម្នាក់ ផ្នែកបុរស ទម្ងន់ ៧៥គីឡូក្រាម វិញ្ញាសាម្នាក់ទល់ម្នាក់ ផ្នែកនារី ទម្ងន់ ៦២,៥០គីឡូក្រាម រីឯវិញ្ញាសាពានរង្វាន់សមាគម មានវិញ្ញាសា ៨នាក់ទល់៨នាក់ ផ្នែកបុរស លើទម្ងន់ ៦០០គីឡូក្រាម រីឯផ្នែកនារី គឺវិញ្ញាសា ៨នាក់ទល់៨នាក់ប្រកួតលើទម្ងន់ ៥០០គីឡូក្រាម ៕
ដោយ៖លី ភីលីព

Most Popular

To Top