កីឡា

សហព័ន្ធកីឡាបាល់ទះកម្ពុជា ប្រកាសបើកការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “តេជោលីគ” រដូវកាលទី៣ ឆ្នាំ២០២៦

ភ្នំពេញ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “តេជោលីគ”  (Techo Volleyball Cambodia League) រដូវកាលទី៣ ឆ្នាំ២០២៦ នេះមានក្រុមបាល់ទះជើងខ្លាំងចំនួន ៨ ក្រុមប្រកួតប្រជែងដើម្បីដណ្តើមម្ចាស់ពាន។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៥~២៦ ត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះពិភពលោក រៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជានៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហឺ្វនកីឡា។

លោក អគ្គលេខាធិការសហព័ន្ធកីឡា បានបញ្ជាក់ថា “តេជោលីគ”  (Techo Volleyball Cambodia League) រដូវកាលទី៣ ឆ្នាំ២០២៦ មានក្រុមចូលរួមចំនួន ៨ រួមមាន សមាគមកីឡាបាល់ទះវិសាខា ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្លិបបាល់ទះស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង និង
ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តកោះកុង។

ចំពោះរូបមន្តនៃការប្រកួតពានរង្វាន់ខាងលើនេះ ត្រូវលេងចំនួន២ជុំ ដោយជុំទីមួយ មានចំនួន៨ក្រុម ត្រូវធ្វើការប្រកួត ជម្រុះយកចាប់ឈរលំដាប់លេខ១ ដល់លេខ៦ លេងនៅជុំទី២ ចំណែកក្រុមឈរលំដាប់លេខ ៦ និងលេខ ៧ ត្រូវធ្លាក់ពីចេញព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) បន្ទាប់មកទំាង៤ ក្រុមត្រូវលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយលេខ ១ ប៉ះលេខ ៤ និងលេខ ២ និងលេខ ៣ ដើម្បីស្វែងរកក្រុមជើងខ្លាំង ២ ដណ្តើមម្ចាស់ជើងឯកប្រចាំឆ្នាំ២០២៦។

ជុទី១ ៖ ចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦
ជុំទី២ ៖ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦

ការប្រកួតឆ្នាំនេះ ត្រូវបានរំពឹងថានឹងកាន់តែមានភាពស្វិតស្វាញ រំភើប និងទាក់ទាញ ដោយមានការចូលរួមពីកីឡាករកម្ពុជា និងកីឡាករបរទេសដែលមានគុណភាពខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើន និងឈានទៅកាន់កម្រិតអន្តរជាតិ៕

ដោយ៖ លី ភីលីព

Most Popular

To Top