ខេត្តកណ្តាល៖ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូតំណាងឧញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានមានប្រសាសន៍ថា កុមារ និងយុវជនជាធនធានមនុស្សជំនាន់ក្រោយដ៏សំខាន់បំផុតសម្រាប់សហព័ន្ធ ក្នុងការបណ្តុះបណ្តាលកីឡាករ-កីឡាការិនីវ័យក្មេងផ្នែកកីឡាហាប់គី និងផ្តល់ក្បាច់គុនការពារខ្លួន ព្រមទំាងផ្នែកបច្ចេកទេស និចទិក និងស្នៀតផ្សេងៗថែមទៀត ។

លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានលើកឡើងក្នុងឱកាសពិធីបើកសម្ពោធក្លិបកីឡាហាប់គីដូ សាលាស្មាតស្តាតអន្តរជាតិនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណសាលាស្មាតស្តាតអន្តរជាតិ ស្ថិតភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាលក្រោម ការសហការរវាងសហព័ន្ធខ្មែរ កីឡាហាប់គីដូ និងសាលាស្មាតស្តាតអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៊ាន ចាន់គ្រឹស្នា នាយក និងអ្នកគ្រូ ញាណ នាង ម្ចាស់សាលា។

លោកប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបន្តថា ដើម្បីសម្រួចទិសដៅអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យបណ្តុះបណ្តាលកីឡាករ-កីឡាការិនីវ័យក្មេងផ្នែកកីឡាហាប់គី ដូឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត សហព័ន្ធផ្តល់ជូនគ្រូបង្វឹកជំនាញទំាំងផ្នែកបច្ចេកទេស និចទិក និងស្នៀតផ្សេងៗថែមទៀត ។

លោក គួច ហុងជៀក បានលើកទឹកចិត្ត និងទទូចដល់ក្មួយៗសិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងឆ្លៀតពេលទំនេរពីការសិក្សាគួរយកពេលវេលាមកចូលរួមហាត់កីឡា។ កីឡាមិនត្រឹមតែជួយឲ្យរាងកាយមាំមួនប៉ុណ្ណោះទេ ថែមទំាងជួយបញ្ញាស្មារតីមានភាពវៀងវៃ ល្អប្រសើជាងយើងមិនបានហាត់កីឡា។

ក្នុងចំណោមកីឡាទាំងអស់មិនថាកីឡាអ្វីក៏ដោយសុទ្ធតែមានសារសំខាន់ សម្រាប់ការហាត់កីឡាហាប់គីដូអាចជួយឲ្យរាងកាយរឹងមាំហើយ អាចយកមកការពារខ្លួនបានទៀត ព្រោះកីឡានេះជាក្បាច់គុនដែលអាចអោយក្មួយៗយកមកការពារខ្លួនបានពេលជួបគ្រោះអាសន្ន។

ជាចុងក្រោយ លោក គួច ហុងជៀក បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការបើកក្លិបកីឡាហាប់គីដូនៅក្នុងសាលាស្រុកល្វាឯមនេះ នឹងជួយដុសខាត់យុវជនថ្នាលដែលជាទំពាំងស្នងឫស្សីឲ្យក្លាយជាធនធានបន្តវេនដ៏រឹងមាំ ក្នុងការតំណាងឲ្យសហព័ន្ធ និងតំណាងឱ្យជាតិ ចេញទៅប្រកួតលើកមុខមាត់ ជាតិនៅលើឆាកអន្តរជាតិនាថ្ងៃអនាគត។

គួរបញ្ជាក់ថា នេះជាក្លិបទីពីរហើយដែលសហព័ន្ធបានបង្កើតឡើងនៅតាមសាលារៀន ដោយក្លិបទីមួយស្ថិតនៅសាលាបាក់ទូក។ សហព័ន្ធក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការបញ្ជ្រាបកម្មវិធីសិក្សាកីឡាហាប់គីដូនេះ ទៅកាន់សាលារៀនផ្សេងៗជាច្រើនទៀត ដោយមានការបញ្ជូនគ្រូបង្វឹកដែលមានជំនាញច្បាស់លាស់ពីសហព័ន្ធទៅបង្ហាត់បង្រៀនផ្ទាល់តែម្តង៕


ដោយ៖លី ភីលីព
