ភ្នំពេញ៖ក្រុមកីឡាវាយកូនឃ្លីលើតុ សាកលវិទ្យាល័យជាតិ បាតដំបង និងវិទ្យាស្ថាន ខេមអេដ ឈ្នះមេដាយមាស ២ គ្រឿងដូចគ្នានៃការប្រកួតប្រភេទកីឡាវាយកូនឃ្លីលើតុ ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកី ឡាវាយកូនឃ្លីលើតុកម្ពុជាចាប់ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយ ជូនក្រុមម្ចាស់ជយលាភីនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា តំណាងឲ្យប្រធានសហព័ន្ធ លោក ឈុន ចាន់ធូ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក គង់ វុត្ថា អនុប្រធានតំណាង លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងអ្នកតំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន ។

ក្រុមកីឡាវាយកូនឃ្លីលើតុ សាកលវិទ្យាល័យជាតិ បាតដំបង ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង វិទ្យាស្ថាន ខេមអេដ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយសំរឹទ្ធិ ៣ គ្រឿង និងសាកលវិទ្យាល័យ អាមេកាំងភ្នំពេញ ដណ្តើមបានមេដាយសំរឹទ្ធិ១ គ្រឿង ។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕



