កីឡា

ក្រុមកីឡាវាយសីសាកលវិទ្យាល័យ វេស្ទើន ឈ្នះមេដាយមាស ៣ គ្រឿង និងវិទ្យាស្ថាន ខេមអេដ ឈ្នះមេដាយមាស ១ គ្រឿងនៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ 

ភ្នំពេញ៖ក្រុមកីឡាវាយសី សាកលវិទ្យាល័យ វេស្ទើន ឈ្នះមេដាយមាស ៣ គ្រឿង និងវិទ្យាស្ថាន ខេមអេដ ឈ្នះមេដាយមាស ១ គ្រឿងនៃការប្រកួតប្រភេទកីឡាវាយសី ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាវាយសីកម្ពុជាចាប់ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនក្រុមម្ចាស់ជយលាភីនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក កុសល សុវណ្ណវិសាល អនុប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជាតំណាងលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក ណយ ផាណា អគ្គលេខាធិការរងនៃNOCC  លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងលោក ផាត់ បញ្ញាសុជាតក៌អនុប្រធានតំណាង លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ 

លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានប្រាប់ឲ្យដឹងថា  ក្នុងនាមគណៈកម្មការរៀបចំការប្រកួត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រសួងអប់រំយុវជន និងកីឡា ដែលបានអនុញ្ញាត និងផ្តលនូវថវិកាសម្រាប់រៀបចំការប្រកួតនេះឡើង។ ជាមួយគ្នានេះ សូមអរគុណដល់អ្នក ចូលរួមលើកទឹកចិត្តដែលជាថាមពលដ៏ខ្លាំងក្លា ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកីឡាវាយសីឲ្យកាន់តែមានសន្ទុះខ្លាំងក្លា និងមានប្រជាប្រិយភាពបន្ថែមទៀត។ 

ជាពិសេសក្នុងគោលបំណងលើកកម្ពស់វិស័យកីឡា សំដៅបណ្តុះស្មារតីស្រឡាញ់ កីឡា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡា វាយសីក្នុងថ្នាក់ជាតិ។ 

លោកអគ្គលេខាធិការ បានបន្តថា កីឡាករ-កីឡាការិនីចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រភេទកីឡាវាយសី មានរយៈ ពេលប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានសាកលវិទ្យាល័យ និងវិទ្យាស្ថានចូលរួម ចំនួន ៨គ្រឹះស្ថានសិក្សាមានប្រតិភូកីឡា និងគ្រូបង្វឹក មានចំនួន ១៩នាក់ ក្នុងនោះកីឡាករ មានចំនួន ៣៨នាក់ កីឡាការិនី មានចំនួន ៣០នាក់សរុបមានចំនួន ៨៧នាក់។

ក្រុមកីឡាវាយសី សាកលវិទ្យាល័យ វេស្ទើន ឈ្នះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង វិទ្យាស្ថានខ្មែរជំនាន់ថ្មី ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង វិទ្យាស្ថាន ខេមអេដ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមសាកលវិទ្យាល័យអន្តរជាតិ ឈ្នះមេដាយសំរិទ្ធ ២ គ្រឿង និង សាកលវិទ្យាល័យ អាមេកាំងភ្នំពេញ ដណ្តើមបានមេដាយសំរឹទ្ធិ១ គ្រឿង៕

ដោយ៖លី ភីលីព

Most Popular

To Top