កីឡា

លោក កុសល សុវណ្ណវិសាល៖ការប្រកួតនេះជាការផ្តល់ឱកាសដល់អត្តពលិកវាយសីម្នាក់ៗ បានបញ្ចេញនូវទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេស

ភ្នំពេញ៖លោក កុសល សុវណ្ណវិសាល អនុប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជាតំណាងលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា  បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រភេទកីឡាវាយសី ឆ្នាំ២០២៦ នេះគឺជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីម្នាក់ៗ បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់ គុណផលបច្ចេកទេសបានហ្វឹកហាត់កន្លងមកដើម្បីប្រកួតប្រជែងគ្នា និងរឹតចំណងមិត្តភាព សាមគ្គីភាពជាតិ។ 

លោក កុសល សុវណ្ណវិសាល អនុប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនក្រុមម្ចាស់ជយលាភីនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ណយ ផាណា អគ្គលេខាធិការរងនៃNOCC  លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងលោក ផាត់ បញ្ញាសុជាតក៌អនុប្រធានតំណាង លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅសាលហ្វឹកហាត់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ 

លោក កុសល សុវណ្ណវិសាល អនុប្រធាន បានបន្តថា ឆ្លងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត បានបង្ហាញឱ្យឃើញច្បាស់ពីការ គាំទ្រយកចិត្តទុកដាក់ និងការទំនុកបំរុងដល់វិស័យកីឡាវាយសីពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាក្លឹបកីឡាវាយសីចូលរួមប្រកួតនៅទីនេះ និងការខិតខំបំពេញ ការងាររបស់មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំង ចៅក្រម អាជ្ញាកណ្តាលទាំងអស់ ស្មារតីទទួលខុសត្រូវខ្ពស់។ បានប្រឹងប្រែងយកអស់ស្មារតីបំពេញភារកិច្ចប្រកបដោយ ការប្រកួតលើកនេះមានប្រតិភូកីឡាអញ្ជើញមកពីបណ្តាសកលវិទ្យាស្ថាន និងវិទ្យាស្ថាន ចូលរួមចំនួន០៨ គ្រឹះស្ថានសិក្សា ក្នុងនោះមានប្រតិភូគ្រូបង្វឹក១៩នាក់ កីឡាករ៣៨នាក់ កីឡាការិនី ៣០នាក់ សរុបចំនួន៨៧នាក់។

លោកអនុប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជាបានបន្ថែមថា ខ្ញុំសូមផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ទោះបីដណ្តើមបានមេដាយក្តី ឬមិនបានក្តី ត្រូវតែ ប្តេជ្ញាចិត្តហ្វឹកហាត់ឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាកីឡាករឆ្នើមមានសិទ្ធផល ខ្ពស់ ក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ ដណ្តើមយកមេដាយមាសជូនជាតិមាតុភូមិរបស់ យើងជាបន្តទៀត នឹងជាពិសេសត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំសូមកោតសរសើរដល់អត្តពលិកទាំងអស់ ដែលបានសម្តែងកាយវិការជាវិជ្ជមាន ឆ្លុះបញ្ចាំង ពីសារៈសំខាន់អត្តចរិក សីលធម៌ គុណតម្លៃនៃចលនាស្មារតីអូឡាំពិក៕

ដោយ៖លី ភីលីព 

Most Popular

To Top