ភ្នំពេញ ៖សហព័ន្ធកីឡាបាល់ឱបកម្ពុជា នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសការប្រកួតកីឡាបាល់ឱបនារី ប្រភេទ ៧នាក់ ទល់ ៧ នាក់ ប្រចាំឆ្នាំ២០២៦ “CFR Women’s 7’s 2026 ” នៅលានបាល់ទាត់វិទ្យាល័យ ជាស៊ីម បឹងកេងកង ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភសហព័ន្ធ និងដៃគូឧបត្ថម្ភក្នុងការអភិឌ្ឍន៍ ព្រមទាំងលើកស្ទួយវិស័យកីឡាបាល់ឱបនារីនៅកម្ពុជា។

លោក ពេជ្រ រតនា អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ឱប CFR Women’s 7’s 2026 គឺលើសពីការប្រកួតប្រជែងមួយទៅទៀត វាគឺជាវេទិកាមួយសម្រាប់ផ្តល់អំណាចដល់ស្ត្រី អភិវឌ្ឍទេពកោសល្យ និងពង្រឹងគ្រួសារបាល់ឱបរបស់យើង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភ អ្នកគាំទ្រ និងអ្នកស្ម័គ្រចិត្តគ្រប់រូបដែលបានជួយធ្វើឲ្យព្រឹត្តិការណ៍នេះអាចធ្វើទៅបាន។ ការគាំទ្ររបស់អ្នក គឺជាកម្លាំងចិត្តដ៏ធំសម្រាប់កីឡាការិនីរបស់យើង។ សូមចូលរួមគាំទ្រ និងលើកស្ទួយវិស័យកីឡាបាល់ឱបនារីនៅកម្ពុជា។
លោកអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានបន្តថា ការប្រកួតបាល់ឱប CFR Women’s 7’s 2026 មានក្រុមកីឡាការិនីបាល់ឱបចំនួន ៤ គឺក្រុមកីឡាការិនីបាល់ឱប ភាពញញឹកនៃកុមារ (PSE) ក្រុមកីឡាការិនីបាល់ឱបកូនខ្លា ខេត្តបាត់ដំបង ក្រុមកីឡាការិនីបាល់ឱប Blue Diamond និងក្រុមកីឡាការិនីបាល់ឱប សាលាបារាំង លីសេដេកាត (LRD) និងការប្រកួតមិត្តភាពបុរស ក្រុមកីឡាករ បាល់ឱប សេះបង្កង់ (Zebra) ជាមួយ ក្រុមកីឡាករ បាល់ឱប រ៉ាហ៊ូ (Rahus) ។

ការប្រកួតប្រព្រឹត្តិទៅរយៈពេល ២ សប្តាហ៍ ដោយសប្តាហ៍ទី១ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ និងសប្តាហ៍ទី២ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នៅលានបាល់ទាត់វិទ្យាល័យ ជាស៊ីម បឹងកេងកង៕







ដោយ៖លី ភីលីព
