កីឡា

អ្នកគាំទ្រកីឡាករ Messi អាយុ ១០០ ឆ្នាំកំពុងល្បីល្បាញនៅព្រឹត្តិការណ៍ World Cup 2026 

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីអាមេរិកអាយុ ១០០ ឆ្នាំម្នាក់ឈ្មោះ Pauline Kana បានទាក់ទាញចិត្តអ្នកគាំទ្របាល់ទាត់ នៅពេលលោកស្រីបានបង្ហាញខ្លួននៅស្តង់ក្នុងព្រឹត្តិការណ៍ World Cup  2026 ដើម្បីអបអរសាទរកីឡាករបាល់ទាត់ឆ្នើម Lionel Messi ក្នុងអំឡុងពេលការប្រកួតរបស់អាហ្សង់ទីនទល់នឹងអូទ្រីស។

រូបថតមួយសន្លឹករបស់លោកស្រីមានវ័យ ១០០ ឆ្នាំកំពុងកាន់ស្លាកសញ្ញាមួយដែលមានសរសេរថា “អ្នកគាំទ្រ Messi អាយុ ១០០ ឆ្នាំ” ត្រូវបានចាក់ផ្សាយនៅលើអេក្រង់យក្សនៃពហុកីឡដ្ឋាននៅរដ្ឋតិចសាស់កាលពីថ្ងៃចន្ទ ។ ពេលវេលានេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា និងអ្នកគាំទ្រទូទាំងពិភពលោកយ៉ាងឆាប់រហ័ស ដោយប្រែក្លាយនាងទៅជាចំណុចលេចធ្លោភ្លាមៗនៃការប្រកួត។

លោកស្រី Kana កើតនៅឆ្នាំ១៩២៦ នៅរដ្ឋអូហៃអូ មិនមែនជាមនុស្សចម្លែកចំពោះពិភពបាល់ទាត់នោះទេ។ រួមជាមួយក្រុមគ្រួសាររបស់លោកស្រី លោកស្រីតែងតែធ្វើដំណើរទៅចូលរួមការប្រកួតដែលមានរូបតំណាងអាហ្សង់ទីនរូបនេះ។ ទោះបីជានាងមានវ័យចំណាស់ក៏ដោយ ចំណង់ចំណូលចិត្តរបស់នាងចំពោះកីឡានេះមិនដែលរសាយឡើយ។

នេះបើយោងតាមការចុះផ្សាយរបស់ ESPN បាននិយាយថាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់នាងមានតាំងពីឆ្នាំ ២០២៣ នៅពេលកីឡាករ Messi បានផ្លាស់ទៅសហរដ្ឋអាមេរិកដើម្បីលេងឲ្យ Inter Miami ដែលធ្វើឲ្យលោកស្រី Kana ក្លាយជាអ្នកទស្សនាជាប្រចាំនៅពហុកីឡដ្ឋានកំណើតរបស់ក្រុម ។

ដំបូងឡើយ លោកស្រីបានល្បីពេញបណ្ដាញសង្គមនៅដើមឆ្នាំ២០២៤ បន្ទាប់ពីបានលើកផ្លាកសញ្ញាលេងសើចមួយថា “Messi តើអ្នកនឹងរៀបការជាមួយខ្ញុំទេ?” ដែលឧទ្ទិសដល់តារាឆ្នើមរូបនេះ។ ពេលឃើញផ្លាកសញ្ញានោះពីទីលាន Messi បានញញឹម ហើយគ្រវីដៃដាក់នាង ដែលបង្កើតជាពេលវេលាដ៏កក់ក្តៅមួយ ដែលទទួលបានការចូលមើលរាប់លានដងនៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

នេះបើយោងតាម Athlon Sports ថា ក្រៅពីសេចក្តីស្រឡាញ់របស់លោកស្រីចំពោះបាល់ទាត់  លោកស្រី Kana ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយតាមអ៊ីនធើណេតថាជា “Gangster Granny”។ រួមគ្នាជាមួយចៅប្រុសរបស់លោកស្រី Ross Smith លោកស្រីបង្កើតខ្លឹមសារសម្រាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយ ដោយទាក់ទាញអ្នកតាមដានរាប់លាននាក់តាមរយៈវីដេអូកំប្លែង សម្លៀកបំពាក់ និងបញ្ហាប្រឈមតាមអ៊ីនធើណេតដ៏ពេញនិយម៕

Most Popular

To Top