ភ្នំពេញ៖ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បី ដណ្តើមជើងឯកឆ្នាំ២០២៦ បានប្រាប់ឲ្យដឹងថា ការរៀបចំរយៈពេល ២ ថ្ងៃពីថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានវាលឥន្ទ្រី រាជធានីភ្នំពេញជាការរៀបចំមានភាពរលូន និងល្អប្រសើរ ដែលលោកចាត់ទុកថា ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយជោគជ័យធំធេងជាមួយនឹងបណ្តុះបានធនធានកីឡាករវ័យក្មេងកម្ពុជាលើប្រភេទកីឡាប្រណាំងប្រភេទម៉ូតូតៃ ។

អ្នករៀបចំរូបនេះចាត់ទុកថា ការរៀបចំឆ្នាំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានការប្រណាំងប្រភេទម៉ូតូតៃ ការប្រណាំងកង់បី ការបង្ហាញរថយន្តជាមួយនឹងវិញ្ញាសាជាច្រើនទៀត។ សម្រាប់ការចូលរួមរបស់កីឡាករចូលរួមប្រកួតបានបាត់ចំនួនកីឡាករនៅតាមបណ្តាខេត្តមួយចំនួន ប៉ុន្តែកីឡាករនៅរាជធានីភ្នំពេញនៅតែមានកំណើនគួរឱ្យកត់សម្គាល់។ កីឡាករគ្រប់កម្រិតវិញ្ញាសាទាំងអស់សុទ្ធតែបានបង្ហាញគុណភាពបច្ចេកទេសខ្ពស់តាំងជុំជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក ដោយលោក ពេជ្រ សុខា បានសង្កេតឃើញថា គុណភាពបច្ចេកទេសរបស់កីឡាករមានការរីកចម្រើនល្អ។
ព្រឹត្តិការណ៍ម៉ូតូត្រៃ និងកង់បី ដណ្តើមជើងឯកឆ្នាំ២០២៦ ដែលក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាយានយន្តកម្ពុជា រួមទាំងដៃគូឧបត្ថម្ភគាំទ្រមួយនេះជាចំណែកដ៏សំខាន់ ក្នុងការជួយរុញឱ្យវិស័យប្រភេទកីឡាយានយន្តកម្ពុជាឱ្យកាន់តែអភិវឌ្ឍល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមពីលើនេះ លោក ពេជ្រ សុខា បានបង្ហាញក្តីរីករាយជាខ្លាំង ដែលព្រឹត្តិការណ៍មួយនេះទទួលបានការជួយជ្រោមជ្រែងពីសហព័ន្ធជំនាញ បណ្តាក្រុមហ៊ុនដៃគូឧបត្ថម្ភ ជាពិសេសការគាំទ្រជឿជាក់របស់កីឡាករ ក្នុងការចូលរួមប្រកួតបង្ហាញសមត្ថភាពកាន់តែខ្លាំងក្លា បើទោះបីជាការរៀបចំព្រឹត្តិការណ៍មួយលើកៗតែងតែជួបការលំបាកយ៉ាងណាក្តី។

លោកអះអាងថា ការរៀបចំព្រឹត្តិការណ៍កាន់តែច្រើន ក៏ជាការបំផុសស្មារតីដល់កីឡាករនានា ជាពិសេសធនធានកីឡាករវ័យក្មេងបានចូលរួមប្រកួត ក្នុងការបង្កើនគុណភាពបច្ចេកទេសល្អៗ ដើម្បីឱ្យគណៈកម្មការរៀបចំបានជ្រើសរើសបានធនធានឆ្នើមៗប្រចាំវិញ្ញាសានីមួយៗ ហើយពួកគាត់ក៏នឹងក្លាយជាធនធានកីឡាករល្អៗ សម្រាប់ត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិ នាពេលខាងមុខផងដែរ។ សង្កត់ធ្ងន់បន្ថែមពីលើនេះ លោកកត់សម្គាល់ថា កីឡាករក្មេងៗក៏បានចូលរួមច្រើន ហើយលោកក៏បានមើលឃើញច្បាស់ពីភាពវិជ្ជមាននៃការចូលរួមប្រកួតរបស់ពួកគាត់នឹងកាន់តែរីកចម្រើន នៅឆ្នាំបន្តបន្ទាប់ ជាពិសេសក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលជាការដុសខាត់សមត្ថភាពរបស់ពួគគាត់កាន់តែល្អប្រសើរបន្ថែមទៀត។
លោក ពេជ្រ សុខា ក៏បានអំពាវនាវដល់កីឡាករ ជាពិសេសឪពុកម្តាយ អាណាព្យាបាល ដែលមានកូនៗមានទេពកោសល្យកីឡា ទោះបីជាប្រភេទកីឡាអ្វីក៏ដោយ អាចបញ្ជូនកូនៗមកចូលរួមហ្វឹកហាត់ និងចូលរួមប្រកួត ដើម្បីដុសខាត់ជំនាញឲ្យក្លាយជាធនធានឆ្នើមៗសម្រាប់វិស័យកីឡាកម្ពុជាផង និងជៀសឆ្ងាយគ្រឿងញៀន ព្រមទាំងជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីឱ្យក្លាយជាពន្លកល្អសម្រាប់ជាតិ៕
ដោយ៖លី ភីលីព
