កីឡា

ក្រុម ស៊ីប៊ែល អេហ្វស៊ី និងក្រុមយុវតីស្ទាំងភ្លើងក្មេងវត្តក្ដីចាស់ គ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រុមកីឡាករបាល់ទាត់ ស៊ីប៊ែល អេហ្វស៊ី និង ក្រុមកីឡាការិនីបាល់ទាត់ យុវតីស្ទាំងភ្លើងក្មេងវត្តក្ដីចាស់ បានគ្រងតំណែងជើងឯក ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បន្ទាប់ពីទំាំង ២ក្រុមបានយកឈ្នះលើគូប្រកួតរៀងៗនៅវគ្គផ្តាច់ព្រ័ត្រ បានបញ្ចប់ទៅដោយរលូន និង ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានក្រុមចូលរួមប្រកួតសរុបចំនួន ៦៤ក្រុម ក្នុងនោះមានក្រុមបាល់ទាត់ បុរសចំនួន ៥៦ក្រុម និងក្រុមបាល់ទាត់នារីចំនួន ៨ក្រុម រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ។

នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងពិធីបិទការប្រកួតពានរង្វាន់SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួត SOCCER LEAGUE លោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ SOCCER LEAGUE និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ក្រុមកីឡាករបាល់ទាត់ ស៊ីប៊ែល អេហ្វស៊ី បានគ្រងតំណែងជើងឯក ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះក្រុមកីឡាករបាល់ទាត់ អិនអេសអិម អាយអេសភី អេហ្វធី នៅវគ្គផ្តាច់ព្រ័ត្រលទ្ធផលបច្ចេកទេស ៣ ទល់នឹង ១ ដូច្នេះក្រុមកីឡាករបាល់ទាត់ អិនអេសអិម អាយអេសភី អេហ្វធី ទទួលបានជើងឯករង រីឯក្រុមបាល់ទាត់ ប៊ីអាយជី អេហ្វធី ជាប់ចំណាត់ថ្នាក់លេខ ៣ ។
ចំណែក ក្រុមកីឡាការិនីបាល់ទាត់ យុវតីស្ទាំងភ្លើងក្មេងវត្តក្ដីចាស់ក៏បានគ្រងតំណែងជើងឯក ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ដែរ ដោយយកឈ្នះក្រុមកីឡាការិនីបាល់ទាត់ សេនាអង្គរ យូណាយធីត នៅវគ្គផ្តាច់ព្រ័ត្រលទ្ធផលបច្ចេកទេស ៥ ទល់នឹង ១ ធ្វើឲ្យក្រុមកីឡាការិនីបាល់ទាត់ សេនាអង្គរ យូណាយធីត ទទួលបានជើងឯករង និងក្រុមបាល់ទាត់ អំអេង អេហ្វស៊ីជាប់ចំណាត់ថ្នាក់លេខ ៣ ។

ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានដំណើរការអស់រយៈពេលជាងមួយខែ ដោយមានក្រុមបាល់ទាត់ជាច្រើនចូលរួមប្រកួតប្រជែងក្រោមស្មារតីមិត្តភាព យុត្តិធម៌ និងកីឡារស់ក្នុងសន្តិភាព។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ យើងបានរកឃើញក្រុមបាល់ទាត់ផ្នែកបុរសចំនួន ២ ក្រុម និងក្រុមបាល់ទាត់ផ្នែកនារីចំនួន ២ ក្រុម ដែលបានឡើងមកប្រកួតដណ្តើមជើងឯកនៅវគ្គផ្តាច់ព្រ័ត្រនេះ៕

Most Popular

To Top