កីឡា

លោក សាមុត សុធារិទ្ធ ៖ កីឡាករ-កីឡាការិនីទាំងអស់បានចូលរួមប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវក្នុងនាមចិត្តជាកីឡាករ

ខេត្តព្រះសីហនុ៖លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តតំណាងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាកាច់ដៃក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ក្រោមប្រធានបទ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» អមដំណើរដោយលោក  តាំង សុចិត្តគ្រឹស្នា  ប្រធានមន្ទីរ ទេសចរណ៍ខេត្តព្រះសីហនុ និង លោក  វ៉ា គ្រី អនុប្រធានសហព័ន្ធកីឡាកាច់ដៃកម្ពុជា នៅខេត្តព្រះសីហនុ  ។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីទាំងអស់បានចូលរួមប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវក្នុងនាមចិត្តជាកីឡាករយ៉ាងពិតប្រាកដដោយស្ម័គ្រចិត្តទទួលយកនូវលទ្ធផលចាញ់-ឈ្នះដែលជាធាតុដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ ក្នុងនោះកត្តាសំខាន់ គណៈកម្មការរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធនានា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការនៃការប្រកួតកីឡា បានប្រពឹ្រត្តិទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំងអស់គ្នាអាចទទួលយកបាន។ 

លទ្ធផល ដែលយើងទទួលបាននាពេលនេះ គឺពិតជាសក្តិសមសម្រាប់កីឡាករ-កីឡាការិនីដែលត្រូវបានវិនិច្ឆ័យនូវ លក្ខណៈសម្បត្តិ កាយសម្បទា និងលក្ខខណ្ឌ ដទៃទៀតដោយគណៈកម្មការរៀបចំការប្រកួត ។ ក្នុងស្មារតីនេះ វិស័យកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌  សុចរិតធម៌ជានិច្ច ។ 

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ក្នុងការពន្លឿនចក្ខុវិស័យដល់ឆ្នាំ២០៣៨ អភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាទីក្រុង បៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្រ្តជាតិ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ឆ្នេរសមុទ្រខេត្តព្រះសីហនុ ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅទីក្រុង  តូបាកូតា (Toubacouta) ប្រទេសសេណេហ្កាល់ (Senegal) ដោយសារភាពសម្បូរបែបនៃជីវៈចម្រុះ ភាពល្អប្រណីតនៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណីក្នុងតំបន់ ព្រមទាំងភាពទាក់ទាញផ្នែកទេសចរណ៍ មានដូចជាធនធានធម្មជាតិ សមុទ្រ កោះ ឆ្នេរសមុទ្រ ទឹកសមុទ្រខៀវស្រងាត់ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម មច្ឆាសមុទ្រ ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃ ឧទ្យានជាតិ ឧទ្យានជាតិសមុទ្រ និងជីវៈចម្រុះគ្រប់ប្រភេទដែលជាសក្តានុពលនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រនិងកោះប្រកបដោយប្រជាប្រិយភាពដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់មកទស្សនាលម្ហែកម្សាន្តក្នុងមួយឆ្នាំៗ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការអនុវត្តយុទ្ធនាការ «រដូវកាលបៃតង» ដែលជាគំនិតផ្តួចផ្តើម ទីផ្សារទេសចរណ៍ ដែលផ្តោតលើភ្ញៀវទេសចរមកពីជុំវិញពិភពលោកដោយការរំលេចនូវទេសភាពស្រស់ត្រកាល វប្បធម៌ដ៏សម្បូរបែប និងបរិយាកាសប្រកបដោយសុខសន្តិភាពរបស់ប្រទេសកម្ពុជា រួមនឹងការប្តូរ ឈ្មោះរដូវមូសុងជាពេលវេលាដ៏ល្អសម្រាប់ទស្សនាប្រទេស៕

ដោយ៖លី ភីលីព

Most Popular

To Top