ភ្នំពេញ៖ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាកម្ពុជា និងលោក ព្រាប សកល ប្រធាននាយកដ្ឋានផ្នែកលក់ និងទីផ្សា តំណាងក្រុមហ៊ុន អេស អិល ហាយ ធិច បានអញ្ជើញកម្មវិធីពិធីសន្និសីទសារព័ត៍មាន ស្តីពីចុះអនុស្សរណៈយោគយល់ (MOU) រវាងសហព័ន្ធ និងក្រុមហ៊ុនដើម្បត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ (The 6th Asian Vovinam Champion ships in 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាកម្ពុជា បានប្រសាសន៍ថា ក្រុមហ៊ុន អេស អិល ហាយ ធិច និងសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាប់ដៃគ្នាដើម្បីជួយអភិឌ្ឍនវិស័យវ៉ូវីណាម ជាពិសេសក្រុមហ៊ុន បានឧបត្ថម្ភទឹកសុទ្ធ ហាយ ធិច និងថវិកាសម្រាប់ការចំណាយទាំងស្រុង ក្នុងការរៀបចំប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ ហើយក្រុមហ៊ុនឯកជនជាដៃគូ ដ៏សំខាន់ចំពោះសហព័ន្ធកីឡាជាតិ ក្នុងប្រទេសកម្ពុជា ដូច្នេះកីឡាករ-កីឡាការិនីជម្រើសជាតិ ត្រូវខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់ ការបំប៉នសុខភាព និងការអភិវឌ្ឍសមត្ថភាពឲ្យកាន់តែល្អប្រសើរ។

លោកប្រធាន សហព័ន្ធកីឡាវ៉ូវីណាកម្ពុជា បានបន្តថា លោកសង្ឃឹមថា ការចូលរួមតូចមួយនេះនឹងក្លាយជាកម្លាំង ចិត្តដ៏មានតម្លៃ សម្រាប់កីឡាករ-កីឡាការិនីក្នុងការត្រៀមខ្លួនប្រកួតប្រជែង ដណ្ដើមមេដាយ និងនាំយកកិត្តិយសជូនជាតិមាតុភូមិ។ ការសប្បាយរីករាយនឹងកើតឡើងចំពោះកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា បន្ទាប់ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦នេះ ។

លោក អ៊ូ រតនា បញ្ជាក់ថា សហព័ន្ធកីឡាវ៉ូវីណាកម្ពុជាធ្លាប់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំជាច្រើនដូចជាការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ ជាពិសេសការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ហើយកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាក៏ធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធជូនជាតិជាច្រើនគ្រឿង មិនថា ក្នុងនាមម្ចាស់ផ្ទះ និងក្រៅប្រទេស ជាពិសេសក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ២៣គ្រឿង ក្នុងនោះមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿងក្នុព្រឹត្តិការណ៍ The 8th WVVF World Vovinam Championships នៅប្រទេសឥណ្ឌូណេស៊ី៕










