កីឡា

គ្រូបង្វឹក និងអត្តពលិកហែលទឹកចំនួន ៥ នាក់ ចូលរួមវគ្គThe 2026 Clean Sport Youth Camp នៅកូរ៉េខាងត្បូង

ខេត្តកណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ពេលយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សហព័ន្ធកីឡាក្នុងទឹកកម្ពុជាបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៥នាក់របស់ខ្លួនទៅចូលរួមសិក្សារយៈ ៧ ថ្ងៃក្នុងកម្មវិធី The 2026 Clean Sport Youth Camp នៅប្រទេសកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់ឲ្យដឹងថាដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទីភ្នាក់ងារកម្ពុជា ប្រឆាំងដូប៉ា និង ការឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានសម្រេចចាត់ បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៥នាក់ ទៅចូលរួមក្នុងវិធី The 2026 Clean Sport Youth Camp ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុង Busan នៅប្រទេសកូរ៉េខាងត្បូង។

លោកអគ្គលេខាធិការនៃសហព័ន្ធកីឡា ក្នុងទឹកកម្ពុជា បានបន្តថា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៥នាក់ដែលទៅសិក្សាវគ្គបណ្តុះបណ្តាល យល់ដឹងពីប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡារយៈពេល ៧ ថ្ងៃនេះរួមមាន លោក ឆោម ច័ន្ទថុន គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ លឹម សុខវឌ្ឍន៍នន្ទ និងកីឡាករ សុង អង្គារ កីឡាករ៕
ដោយ៖លី ភីលីព

Most Popular

To Top