ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ ជាអធិបតី ក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” ដោយមានការអញ្ជើញចូល រួមពីសំណាក់ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត និងលោកស្រី គឹម គន្ធារីន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋាន អប់រំកាយនិងកីឡាសិស្ស និស្សិតបានគូសបញ្ជាក់ថា វគ្គសិក្ខាសាលារយៈពេល៤ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលជនភៀសសឹក តាកឹងបៃតង នៃរដ្ឋបាលខេត្តព្រះវិហារ ដោយមានសិក្ខាកាម ចូលរួមសរុប៤០នាក់ ក្នុងនោះស្ត្រីចំនួន២៣នាក់ មកពីបណ្តាគ្រឹះស្ថានសិក្សាចំនួន១១ដូចជា សាលាបឋមសិក្សាអូដាអានសេះ សាលាបឋម សិក្សាទួលឈើក្រម សាលាបឋមសិក្សាតេជោបុស្បូវ សាលាបឋមសិក្សាតេជោមរកត វិទ្យាល័យគូលែន អនុវិទ្យាល័យត្បែង២ សាលាបឋមសិក្សាថ្នល់បែក សាលាបឋមសិក្សាស្ទឹងសែនមនោរម្យ សាលាបឋមសិក្សាសង្គមថ្មី ការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្បែងមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡា។

លោកប្រធានបន្តទៀតថា វគ្គសិក្ខាសាលានេះបានសិក្សា និងពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ១.ការណែនាំអំពីគោលការណ៍ និងទស្សនវិជ្ជានៃកម្មវិធីសិក្សាអប់រំកាយ ២. ការបង្ហាញអំពីរចនាសម្ព័ន្ធ និងខ្លឹមសារសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ ៣.ការណែនាំអំពីការរៀបចំផែនការ បង្រៀនដោយប្រើសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយនិងកីឡា ៤. វិធីសាស្ត្របង្រៀន ដែលផ្តោតលើសិស្សការអនុវត្តបរិយាបន្ន និងការធានាសុវត្ថិភាពក្នុងការរៀនអប់រំកាយ ៥. ការវាស់វែង និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ការអនុវត្តជាក់ស្តែង ៦. ការងារជាក្រុម ការពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍។
លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតបញ្ជាក់ទៀតថា ក្រោយពីសិក្សាអស់រយៈពេល៤ថ្ងៃ សិក្ខាកាមបានពិភាក្សា យ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា សិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីគោលបំណង រចនាសម្ព័ន្ធ និងខ្លឹមសារនៃសៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ អាចរៀបចំផែនការបង្រៀន និងប្រើប្រាស់សៀវភៅសិក្សាគោលបានត្រឹមត្រូវ និងមានប្រសិទ្ធភាព បានពង្រឹងចំណេះដឹង និងជំនាញលើវិធីសាស្ត្របង្រៀនទំនើប ការវាយតម្លៃ និងការរៀបចំសកម្មភាព សិក្សាដែលផ្តោតលើសិស្ស មានការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងមន្ត្រីជំនាញ គ្រូឧទ្ទេស និងគ្រូបង្រៀន ដែលអាចយកទៅអនុវត្តនៅតាមគ្រឹះស្ថានសិក្សា បានបង្ហាញការប្តេជ្ញាចិត្តក្នុងការអនុវត្តខ្លឹមសារដែលបានសិក្សា ដើម្បីលើកកម្ពស់ គុណភាពនៃការបង្រៀនអប់រំកាយ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡាបានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា ក៏ជាផ្នែកមួយនៃការចូលរួមអនុវត្ត កំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដែលមានគោលដៅធ្វើឱ្យការអប់រំកាយ និងកីឡាមានគុណភាព ប្រសិទ្ធភាព បរិយាបន្ន និងនិរន្តរភាព។

លោករដ្ឋលេខាធិការបន្តទៀតថា ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យអង្គភាពជំនាញបន្តកំណែទម្រង់តាមទិសដៅសំខាន់ៗ ទី១. កំណែទម្រង់កម្មវិធីសិក្សា និងការបង្រៀនធ្វើឱ្យកម្មវិធីសិក្សា អប់រំកាយ និងកីឡាមានភាពទាន់សម័យ ផ្តោតលើសមត្ថភាពសិស្ស និងអាចអនុវត្តបានតាមបរិបទជាក់ស្តែង។ ទី២. ការពង្រឹងគុណភាពគ្រូអប់រំកាយ បង្កើនការបណ្តុះបណ្តាល ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការចែករំលែកបទពិសោធន៍ល្អៗរវាងគ្រូបង្រៀន។ ទី៣. អប់រំកាយប្រកបដោយបរិយាបន្ន ធានាឱ្យកុមារ និង សិស្សគ្រប់រូប រួមទាំងសិស្សមានពិការភាព និងសិស្សដែលមានតម្រូវការពិសេស អាចចូលរួមសកម្មភាព អប់រំកាយ និងកីឡាបានដោយស្មើភាព។ ទី៤. ការពង្រឹងសុវត្ថិភាព សុខភាព និងការគ្រប់គ្រងហានិភ័យ គ្រប់សាលាត្រូវ យកសុវត្ថិភាពសិស្សជាអាទិភាព ក្នុងការរៀបចំមេរៀន កន្លែងហាត់ប្រាណ សម្ភារៈ និងសកម្មភាពកីឡា។ ទី៥. ការពង្រឹងសកម្មភាពកីឡាក្រៅម៉ោងសិក្សា ជំរុញឱ្យសិស្សមានឱកាសធ្វើសកម្មភាព រាងកាយជាប្រចាំ តាមរយៈក្លឹបកីឡា ការប្រកួតកីឡា និងសកម្មភាពកីឡាសម្រាប់ទាំងអស់គ្នា។ ទី៦. ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈកីឡា ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងបង្កើនការគាំទ្រដល់សាលាដែលខ្វះខាត ជាពិសេសសាលានៅតំបន់ជនបទ តំបន់ដាច់ស្រយាល និងតំបន់រងផលប៉ះពាល់។ ទី៧. ការពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃ និងទិន្នន័យ ត្រូវមានការតាមដានការអនុវត្តអប់រំកាយនៅតាមសាលា ដើម្បីដឹងពីលទ្ធផល បញ្ហាប្រឈម និងតម្រូវការគាំទ្រជាក់ស្តែង។ ទី៨. ការពង្រឹងភាពជាដៃគូ និងការចូលរួមរបស់សហគមន៍ ត្រូវបង្កើនកិច្ចសហការរវាងក្រសួង មន្ទីរ សាលារៀន អាជ្ញាធរមូលដ្ឋាន សហគមន៍ សហព័ន្ធកីឡា និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាលើកកម្ពស់សកម្មភាពរាងកាយ និងកីឡា ៕



