ខេត្តព្រះវិហារ ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ និង ណែនាំការប្រើប្រាស់ សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា ជាសកម្មភាពដ៏មាន សារសំខាន់មួយ ក្នុងការគាំទ្រ ការអនុវត្តកម្មវិធីសិក្សាអប់រំកាយ និងកីឡាឲ្យមានប្រសិទ្ធភាព ឯកភាពគ្នា និងឆ្លើយតបនិងតម្រូវការ អភិវឌ្ឍសមត្ថភាពសិស្សនៅតាមគ្រឹះស្ថានសិក្សា ព្រោះអប់រំកាយ និងកីឡា មិនមែនជាសកម្មភាព សម្រាប់តែការលេង ឬការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃការអប់រំមនុស្សទាំងមូល។

លោក កែ ប៊ុនខៀង បានលើកឡើងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត និងលោកស្រី គឹម គន្ធារីន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ។

លោករដ្ឋលេខាធិការក្រសួងអប់រំ បានបន្តថា សៀវភៅសិក្សាគោលមុខ វិជ្ជាអប់រំកាយ និងកីឡាជាឯកសារគោល សម្រាប់ជួយគ្រូបង្រៀនរៀបចំ និងអនុវត្តការបង្រៀនឲ្យមានទិសដៅច្បាស់លាស់ ស្របតាមកម្មវិធីសិក្សា និងសមស្របនិងកម្រិតអាយុ និង សមត្ថភាពរបស់សិស្ស ។ ក្នុងបរិបទបច្ចុប្បន្ន យើងត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះសាលារៀន និងសិស្សា នុសិស្សដែលបានរងផលប៉ះពាល់ពីស្ថានភាពសង្គ្រាម និងអស្ថិរភាពនៅតំបន់ព្រំដែន។ សម្រាប់សាលា ដែលមានការខ្វះខាតទីធ្លា សម្ភារៈកីឡា ឬមានការរំខានដល់ដំណើរការសិក្សា ការអនុវត្តអប់រំកាយមិន គួរត្រូវបានបោះបង់ចោលឡើយ។ យើងត្រូវមានភាពបត់បែន និងច្នៃប្រឌិត ដោយប្រើប្រាស់ទីធ្លាដែលមានសុវត្ថិភាព សម្ភារៈដែលអាចរកបានក្នុងមូលដ្ឋាន និងសកម្មភាពដែលមានហានិភ័យទាប។

លោក កែ ប៊ុនខៀង បានបញ្ជាក់ថា យើងត្រូវធានាថា សិស្សដែលរស់នៅក្នុងបរិបទលំបាក អាចទទួលបានឱកាសចូលរួម សកម្មភាពអប់រំកាយ និងកីឡា ដើម្បីជួយលើកកម្ពស់សុខភាព កម្លាំងកាយ ស្មារតី សាមគ្គីភាព និងភាពធន់របស់ពួកគេ។ ជាពិសេស លោកសូមកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន នៅតំបន់ដែលមានការលំបាក និងរងផលប៉ះពាល់។ ការបន្តអប់រំ និងថែរក្សាសុខភាពកាយ-ចិត្តរបស់សិស្ស ក្នុងគ្រប់ស្ថានភាព គឺជាការងារដ៏មានតម្លៃសម្រាប់អនាគតកុមារ និងប្រទេសជាតិ។

លោកសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃសិក្ខាសាលានេះ នឹងត្រូវយកទៅអនុវត្តជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា ហើយនឹងក្លាយជាកម្លាំងចលករជំរុញមួយក្នុងការលើកកម្ពស់គុណភាពអប់រំកាយ និងកីឡានៅខេត្តព្រះវិហារ និងទូទាំងប្រទេស។ ការអប់រំកាយ និងកីឡាដែលមានគុណភាព មិនត្រឹមតែបង្កើតសិស្សដែលមានសុខភាពល្អ និងកាយសម្បទារឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតសិស្សដែលមានវិន័យ សាមគ្គីភាព ការទទួលខុសត្រូវ ស្មារតីតស៊ូ និងសមត្ថភាពរស់នៅក្នុងសង្គម។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតបានគូសបញ្ជាក់ថា វគ្គសិក្ខាសាលារយៈពេល៤ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលជនភៀសសឹកតាកឹងបៃតង នៃរដ្ឋបាលខេត្តព្រះវិហារ ដោយមានសិក្ខាកាមចូលរួមសរុប ៤០នាក់ ក្នុងនោះស្ត្រីចំនួន២៣នាក់ មកពីបណ្តាគ្រឹះស្ថាន សិក្សាចំនួន១១ដូចជា សាលាបឋមសិក្សាអូដាអានសេះ សាលាបឋមសិក្សាទួលឈើក្រម សាលាបឋមសិក្សាតេជោបុស្បូវ សាលាបឋមសិក្សាតេជោមរកត វិទ្យាល័យគូលែន អនុវិទ្យាល័យត្បែង២ សាលាបឋមសិក្សាថ្នល់បែក សាលាបឋមសិក្សាស្ទឹងសែនមនោរម្យ សាលាបឋមសិក្សាសង្គមថ្មី ការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្បែងមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡា៕






