ភ្នំពេញ៖កីឡាករវាយកូនឃ្លីលើតុ ហ្គូវ បញ្ញាសម្បត្តិ ដណ្តើមបានជើងឯកក្នុងការ ប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកពានរង្វាន់យុវជន-យុវនារី ក្រោមអាយុ ១៩ឆ្នាំ លើកទី១ ប្រចាំឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះលើកីឡាករវាយកូនឃ្លីលើតុ និត នប្ញទ្ធី ក្នុងលទ្ធផល ៣សិតទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រនាក្លិបហាវ៉ៃ អូឡាំពិក ស្ថិតក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ការប្រកួតក្រោម ការសហការរវាង គណៈកម្មការរៀបចំការប្រកួត ក្លិបហាវ៉ៃ អូឡាំពិក និងសហព័ន្ធកីឡាកីឡា វាយកូនឃ្លីលើតុកម្ពុជា ។

ក្នុងឱកាសពិពីបិទ និងប្រគល់ជយលាភី ដល់កីឡាករ ម្ចាស់ជយលាភីក្នុងការប្រកួតកីឡាវាយកូនឃ្លី លើតុជ្រើសរើសជើងឯកពានរង្វាន់យុវជន-យុវនារី ក្រោមអាយុ ១៩ឆ្នាំ លើកទី១ ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញអធិបតីលោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាកីឡា វាយកូនឃ្លីលើតុកម្ពុជា តំណាងឲ្យលោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាកីឡា វាយកូនឃ្លីលើតុកម្ពុជា និងបណ្តាម្ចាស់ឧបត្ថម្ភនានា ។

លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកពានរង្វាន់យុវជន-យុវនារី ក្រោមអាយុ ១៩ឆ្នាំ លើកទី១ ប្រចាំឆ្នាំ២០២៦ របស់ក្លិបប៉េងប៉ុងហាវ៉ៃអូឡាំពិក រៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីកីឡា បង្កើតឱកាសសម្រាប់យុវជន-យុវនារី ក្នុងការបង្ហាញសមត្ថភាព និង សក្តានុពលរបស់ខ្លួន ព្រមទាំងផ្លាស់ ប្តូរបទពិសោធន៍ បច្ចេកទេសដើម្បីអភិវឌ្ឍ ខ្លួនឲ្យកាន់តែខ្លាំងក្លា។ ការចូលរួមរបស់កីឡាករ-កីឡាការិនីទាំងអស់នាឱកាសនេះ បានបង្ហាញយ៉ាងច្បាស់ពីក្តីស្រឡាញ់ ភាព ក្លាហាន និងឆន្ទៈមោះមុតចំពោះវិស័យកីឡាវាយកូនឃ្លីលើតុ ហើយថែមទាំងជាការរួមចំណែកជំរុញទឹកចិត្ត កីឡាករ កីឡាការិនីផ្សេងទៀតឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនសមត្ថភាព និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

លោកអនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបន្តថា តាងនាមឲ្យគណៈកម្មការរៀបចំការប្រកួត និងរូបខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រតិភូ កីឡាករ-កីឡាការិនីទាំងអស់ ដែលបានគាំទ្រ និងចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ។ កីឡាករ-កីឡាការិនី គោរពបានការប្រកួតជា លក្ខណៈស្របតាមបទបញ្ជារការប្រកួត និងឈរលើស្មារតីចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិត្តភាព សាមគ្គីភាពធ្វើឲ្យការប្រកួតទទួលបានជោគជ័យ។

កីឡាករវាយកូនឃ្លីលើតុ ហ្គូវ បញ្ញាសម្បត្តិ ដណ្តើមបានជើងឯក (មេដាយមាស) កីឡាករវាយកូនឃ្លីលើតុ និត នប្ញទ្ធី ទទួលបានមេដាយប្រាក់ និងកីឡាករ វាយកូនឃ្លីលើតុ ជុំ ត្រាយវឌ្ឍនបញ្ញា និងកីឡាករវាយកូនឃ្លីលើតុ តូ គឹមជោ ទទួលបានមេដាយសំរិទ្ធ ៕



