កីឡា

ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត ៖ សិក្ខាសាលានេះ មានសារសំខាន់ជាពិសេស សម្រាប់គាំទ្រ ដល់គ្រឹះស្ថានសិក្សានៅតំបន់រងផលប៉ះពាល់ ពីស្ថានភាពជម្លោះ និងសង្គ្រាមតាមព្រំដែន

ខេត្តព្រះវិហារ ៖ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” តាមស្តង់ដាសាលារៀនគំរូ ដែលរៀបចំដោយនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត សហការជាមួយមន្ទីរអប់រំកាយ និងកីឡាខេត្តព្រះវិហារ។

ក្នុងពិធីបើកវគ្គសិក្ខាសាលា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត លោក ចាប រតនា អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តការណ៍និងស្ថិតិកីឡា និងលោក ខៀវ ចិន្តាវ័ន្ត ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តព្រះវិហារ ព្រមទាំងលោកគ្រូឧទ្ទេស និងសិក្ខាកាម នៅសាលប្រជុំវិទ្យាល័យតេជោហ៊ុនសែនជាំក្សាន្ត ខេត្តព្រះវិហារ ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតបានប្រាប់ថា វគ្គសិក្ខាសាលានេះមានរយៈពេល ៤ ថ្ងៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមសរុប ចំនួន៤០នាក់ ក្នុងនោះស្ត្រីចំនួន ២២ នាក់ មកពីបណ្តាគ្រឹះស្ថានសិក្សាចំនួន១១ រួមមាន សាលាបឋម សិក្សាជាំក្សាន្ត សាលាបឋមសិក្សាឈើទាលគង សាលាបឋមសិក្សាគោកស្រឡៅ សាលាបឋមសិក្សាសែនតេជៈ សាលាបឋម សិក្សាស្រអែម សាលាបឋមសិក្សាត្រពាំងសង្គែ និងអនុវិទ្យាល័យជាំក្សាន្ត អនុវិទ្យាល័យរំដោះស្រែ វិទ្យាល័យតេជោហ៊ុនសែនជាំក្សាន្ត អនុវិទ្យាល័យត្មោតប៉ើយ យុវជន អនុវិទ្យាល័យអូរជុញ វិទ្យាល័យស្រអែម វិទ្យាល័យខេមរៈតេជោ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្បែងមានជ័យ។

លោកប្រធានបន្តទៀតថា សិក្ខាសាលានេះមានសារសំខាន់ជាពិសេស សម្រាប់គាំទ្រដល់គ្រឹះស្ថានសិក្សានៅតំបន់ ដែលរងផលប៉ះពាល់ពីស្ថានភាពជម្លោះ និងសង្គ្រាមនៅតំបន់ព្រំដែនអាចបង្កការរំខានដល់ ការសិក្សា បរិយាកាសសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពអប់រំកាយ និងកីឡា។ ក្នុង ស្ថានភាពបែបនេះ គ្រូអាចផ្តល់អាទិភាពខ្ពស់ចំពោះសុវត្ថិភាពរបស់សិស្ស និងគ្រូបង្រៀន ការបន្តសិទ្ធិទទួលបានការអប់រំ សុខភាព និងសុខុមាលភាពផ្លូវកាយ និង ផ្លូវចិត្តរបស់សិស្ស ការបន្តសកម្មភាពអប់រំកាយតាមលទ្ធភាព និងបរិបទ និង ការគាំទ្រសាលារៀន ដែលមានការខ្វះខាតសម្ភារៈ និងទីលានកីឡា។

សម្រាប់សាលាដែលមានលក្ខខណ្ឌពិសេស គ្រូបង្រៀនអាចរៀបចំសកម្មភាព អាចអនុវត្តបានដោយសុវត្ថិភាព ដោយប្រើប្រាស់ទីធ្លា និងសម្ភារៈដែលមានស្រាប់ ព្រមទាំងកែ សម្រួលសកម្មភាពឲ្យសមស្រប តាមបរិបទ។ ជាពិសេស មិនត្រូវអនុវត្តសកម្មភាពណាមួយ អាចបង្កហានិភ័យដល់សុវត្ថិភាព សិស្សឡើយ ។ គ្រូអាចធានាថា ទោះបីស្ថិតនៅក្នុងស្ថានភាព លំបាកយ៉ាងណាក៏ដោយ សិស្សនៅតំបន់រងផលប៉ះពាល់ នៅតែទទួលបានឱកាសសិក្សា និងចូលរួមក្នុងសកម្មភាពរាងកាយដែលមានសុវត្ថិភាព និងសមស្រប៕

Most Popular

To Top