បរទេស៖ អតីតកីឡាករឆ្នើមរបស់ក្លឹប Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Messi បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីទិញយកសិទ្ធិកាន់កាប់ពេញលេញ លើក្លឹបបាល់ទាត់មួយនៅប្រទេសអេស្ប៉ាញ។
ក្លឹបដែលលោក Messi កំពុងចរចាទិញយកនោះ គឺ CD Eldense ដែលបច្ចុប្បន្នកំពុងលេងនៅលីគទី២ របស់អេស្ប៉ាញ (Segunda División)។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃអង្គារ បានឱ្យដឹងថា “Lionel Messi បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីទិញយកក្លឹប Eldense។ Messi នឹងកាន់កាប់ភាគហ៊ុន ១០០% ដោយមិនមានការចូលរួមពីភាគីទីបីណាមួយឡើយ”។
ប្រសិនបើការទិញយកនេះត្រូវបានបញ្ចប់ជាផ្លូវការនៅពេលខាងមុខ វានឹងក្លាយជាលើកទី២ ក្នុងឆ្នាំនេះ ដែល Messi ចូលរួមក្នុងវិស័យគ្រប់គ្រងក្លឹបបាល់ទាត់នៅប្រទេសអេស្ប៉ាញ។ កាលពីខែមេសា កន្លងទៅ Messi បានចាប់ផ្តើមចូលក្នុងវិស័យជាម្ចាស់ក្លឹបជាលើកដំបូង បន្ទាប់ពីក្លឹបលីគទី៥ របស់អេស្ប៉ាញ UE Cornellà បានប្រកាសថា លោកបានទិញយកសិទ្ធិកាន់កាប់ ១០០% លើក្លឹបរបស់ខ្លួន។
ប្រែសម្រួលដោយ៖ គីរី
