ទីក្រុងឡុងដ៍៖ ក្រុម Newcastle United បានកក់កៅអីទៅកាន់ជុំទី៤ នៃពានរង្វាន់ League Cup បន្ទាប់ពីយកឈ្នះក្រុម Millwall ដោយលទ្ធផល ១-០ កាលពីថ្ងៃអង្គារ ដោយគ្រាប់បាល់ចុងម៉ោងរបស់ Joe Willock ជាអ្នកសម្រេចជោគវាសនាការប្រកួត នេះបើងតាមការចេញផ្សាយ The42 Soccer។
ការប្រកួតនៅកីឡដ្ឋាន The Den មានភាពតានតឹងខ្លាំង ហើយ Newcastle ស្ទើរតែរងគ្រោះនៅចុងការប្រកួត។ ខ្សែប្រយុទ្ធ Millwall គឺ Tairyk Arconte បានស៊ុតបាល់ប៉ះបង្គោលទី ប៉ុន្តែ Newcastle អាចរួចផុតពីគ្រោះថ្នាក់នោះ។
បន្ទាប់មក Newcastle បានឆ្លៀតឱកាសរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី ៨១។ Lewis Hall បញ្ជូនបាល់ទាបចូលតំបន់គ្រោះថ្នាក់ ហើយ Willock បានស៊ុតពីចម្ងាយជិត។ បាល់បានប៉ះអ្នកការពារមុនពេលរមៀលចូលជ្រុងឆ្ងាយ ធ្វើឱ្យ Newcastle នាំមុខ ១-០។
នៅនាទីចុងក្រោយ Millwall បានបញ្ចូលកីឡាករវ័យក្មេង Regan Anderson អាយុ ១៥ ឆ្នាំ ចូលលេង ដែលធ្វើឱ្យគេក្លាយជាកីឡាករវ័យក្មេងបំផុតទី២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ ទោះជាយ៉ាងណា Millwall មិនអាចរកគ្រាប់តាមស្មើបានឡើយ ខណៈ Newcastle រក្សាលទ្ធផល ១-០ រហូតដល់ចប់ការប្រកួត។
ជ័យជម្នះនេះបានជួយឱ្យ Newcastle បន្តក្តីសង្ឃឹមក្នុងការលើកពាន League Cup ជាលើកទី២ ក្នុងរយៈពេល ៣ ឆ្នាំ។
សម្រាប់អ្នកចាត់ការ Matthias Jaissle នេះជាការបន្តទម្រង់ លេងមិនចាញ់របស់ Newcastle ដោយក្រុមបានមិនទាន់ ចាញ់ក្នុងការប្រកួតទាំងអស់ ៥ លើកចាប់តាំងពីលោកចូលកាន់តំណែង ។ Jaissle ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី បន្ទាប់ពី Eddie Howe លាលែងពីតំណែងកាលពីខែសីហា ។
ប្រែសម្រួល៖ គីរី
