កីឡា

Dembélé តបទៅ Mbappé ៖ «ខ្ញុំមិនមែនជាអ្នក ដែលគេជ្រើសរើសទេ តែពាន Ballon d’Or បានមកពីការប្រឹងប្រែង ដោយស្ងៀមស្ងាត់»

បរទេស៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Ousmane Dembélé របស់ក្លិប Paris Saint-Germain បានឆ្លើយតបទៅកាន់អតីតមិត្តរួមក្រុម Kylian Mbappé ដោយបានបញ្ជាក់ច្បាស់ៗ ថារូបលោក «មិនដែលជាបុគ្គលដែលគេជ្រើសរើសនោះឡើយ» ប៉ុន្តែគឺការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងស្ងៀមស្ងាត់ទៅវិញទេ ដែលបានជួយឱ្យលោកឈ្នះពានរង្វាន់កិត្តិយស Ballon d’Or កាលពីរដូវកាលមុន។

ការលើកឡើងរបស់ម្ចាស់ពានបាល់មាសរូបនេះ ធ្វើឡើងបន្ទាប់ពីចប់ការប្រកួតដែល PSG យកឈ្នះលើ Brest ១-០ នៅពេលអ្នកសារព័ត៌មានបានចោទសួរអំពីឱកាសការពារពាន Ballon d’Or ជាលើកទីពីរជាប់គ្នា។ សំណួរនេះបានកើតឡើងក្រោយពេល Kylian Mbappé ខ្សែប្រយុទ្ធរបស់ Real Madrid បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តី France Football ដោយបានលើកឡើងថា កាលពីរដូវកាលមុន «គ្មានកីឡាករណាលេងល្អជាងរូបគេឡើយ» ព្រមទាំងបានប្រៀបធៀបថា ខណៈដែល Dembélé ត្រូវបានគេមើលឃើញត្រឹមជាកីឡាករមានទេពកោសល្យ នេះបើយតាមប្រភព ESPN ។

ឆ្លើយតបនឹងការលើកឡើងបែបនេះ Dembélé បានរៀបរាប់ ពីទស្សនៈផ្ទាល់ខ្លួនថា «ពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំប្រៀបដូចជាសិស្សដែលអង្គុយ នៅតុក្រោយគេក្នុងថ្នាក់ ហើយខិតខំប្រឹងប្រែងរៀនសូត្រ ។ ខ្ញុំមិនដែលនិយាយស្តីច្រើននោះទេ គឺមានតែការខិតខំធ្វើការយ៉ាងខ្លាំងបំផុត។ ដូចដែលខ្ញុំបាននិយាយ ខ្ញុំមិនមែនជាបុគ្គលដែលគេជ្រើសរើសឡើយ ប៉ុន្តែខ្ញុំបានខិតខំ ហើយកាលពីឆ្នាំមុន ខ្ញុំទទួលបានរង្វាន់តបស្នង បន្ទាប់ពីរដូវកាលដ៏អស្ចារ្យជាមួយ Paris Saint-Germain ។ ចំពោះឆ្នាំនេះ យើងនឹងរង់ចាំមើលបន្តទៀត គឺគ្មានសម្ពាធអ្វីទាំងអស់ ទៅមុខមួយៗ»។

គួររំលឹកផងដែរថា កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានក្លាយជាកីឡាករបារាំងទី ៦ ក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់ Ballon d’Or បន្ទាប់ពីដើរតួជាកម្លាំងស្នូលក្នុងការដឹកនាំរបស់លោក Luis Enrique។ ក្នុងរដូវកាលជាប្រវត្តិសាស្ត្រនោះ Dembélé រកបានរហូតដល់ ៣៥ គ្រាប់នៅគ្រប់ក្របខ័ណ្ឌប្រកួតទាំងអស់ ដោយបានជួយឱ្យ PSG ឈ្នះពានរង្វាន់ធំៗចំនួនបី (Treble) រួមមាន៖ Ligue 1, Coupe de France និងពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប តាមរយៈការយកឈ្នះ Inter Milan ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ដោយឡែក Kylian Mbappé ដែលបានចាកចេញពី PSG ទៅចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០២៤ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៧ ក្នុងការបោះឆ្នោត Ballon d’Or ឆ្នាំ ២០២៥ ទោះបីជាស៊ុតបញ្ចូលទីបានដល់ទៅ ៤៤ គ្រាប់ក្នុងរដូវកាលដំបូងរបស់គេនៅទឹកដីអេស្ប៉ាញក៏ដោយ។

ពាក់ព័ន្ធនឹងការប្រជែងពាន Ballon d’Or ក្នុងរដូវកាលថ្មីនេះ Dembélé បានជ្រើសរើសកីឡាករ Harry Kane, Khvicha Kvaratskhelia និង Mbappé ជាបេក្ខភាពឈានមុខទាំងបី។ យ៉ាងណាក្តី លោកនៅតែបង្ហាញទំនុកចិត្តខ្ពស់ដោយបានបន្ថែមថា៖«ខ្ញុំមិនគិតថាពានរង្វាន់នេះពិបាកទាយទុកមុននោះទេ។ ខ្ញុំជឿជាក់ថាវានឹងបន្តស្ថិតនៅក្នុងដៃរបស់កីឡាករ Paris Saint-Germain ដដែល»។

ប្រែសម្រួល៖​គីរី

Most Popular

To Top