កីឡា

Rodri ក្រើនរំឭក Barcelona ឱ្យផ្ដោតលើ «ភាពរឹងមាំ និងវិន័យលើទីលាន» ប្រសិនបើចង់ឈ្នះ Champions League ឡើងវិញ

បរទេស៖ តាមការចេញផ្សាយ​ពីសារព័ត៌មាន​Goal នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអោយដឹងថា ខ្សែបម្រើចំណូលថ្មីរបស់ក្លិប Barcelona កីឡាករ Rodri បានវាយតម្លៃដោយត្រង់ៗអំពីឱកាសរបស់ក្លិបក្នុងការឈ្នះពានរង្វាន់ Champions League ដោយបានលើកឡើងថា វិន័យ និងយុទ្ធសាស្ត្រលេងនៅលើទីលាន ត្រូវតែជាអាទិភាពធំជាងទម្រង់លេងដែលល្អមើល។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជឿជាក់ថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែង ប៉ុន្តែនៅមិនទាន់ល្អឥតខ្ចោះនៅឡើយ ដោយបានព្រមានថា ក្លិបយក្សមួយនេះ ត្រូវតែរៀនសូត្រពីកំហុសកន្លងមក ដើម្បីអាចត្រលប់ទៅគ្រងជើងឯកអឺរ៉ុបវិញបាន។

Rodri បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Hansi Flick បន្ទាប់ពីផ្លាស់ពីក្លិប Manchester City កាលពីរដូវក្តៅកន្លងទៅ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានផ្លាស់មកកាន់កីឡដ្ឋាន Camp Nou ក្រោយចំណាយពេល ៧ ឆ្នាំដ៏ជោគជ័យនៅអង់គ្លេស ជាទីដែលលោកបានឈ្នះពាន Premier League ៤ ដង និងធ្លាប់ជួយ City ឱ្យឈ្នះពាន Champions League ជាលើកដំបូង។

ស្របពេលដែលអ្នកគាំទ្រ Blaugrana មានការរំភើបចំពោះវត្តមានរបស់លោក ខ្សែបម្រើរូបនេះនៅតែប្រាកដប្រជាចំពោះគោលដៅចម្បងរបស់ក្លិប គឺការបញ្ចប់ការខកខានឈ្នះពានអឺរ៉ុបរយៈពេល ១២ ឆ្នាំមកនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Mundo Deportivo កីឡាករ Rodri បានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ក្រុមនៅអឺរ៉ុបបច្ចុប្បន្នថា៖ “បាទ ជាក់ស្តែងខ្ញុំមើលឃើញថាវាជាពានរង្វាន់មួយដែលអាចធ្វើទៅបាន ហើយវាជាជំហានចុងក្រោយដែលយើងត្រូវពង្រឹង​ដើម្បីបង្ហាញប្រាប់អឺរ៉ុបថាយើងជាក្រុមបែបណា។ ប៉ុន្តែក្រៅពីនោះ ខ្ញុំមិនគិតថាយើងជាក្រុមដែលគេចាត់ទុកថាមានភាគរយឈ្នះខ្ពស់ (Favorites) នោះទេ។ យើងត្រូវយល់ថាយើងមកពីណា ត្រូវយល់ពីអ្វីដែលទាមទារដើម្បីក្លាយជាជើងឯក ហើយក្រុមនេះនៅតែត្រូវការកែលម្អចំណុចមួយចំនួនទៀត ដើម្បីក្លាយជាម្ចាស់ជើងឯក។”

ប្រវត្តិសាស្ត្រថ្មីៗរបស់ Barcelona ក្នុងពានរង្វាន់ Champions League ត្រូវបានញាំញីដោយភាពទន់ខ្សោយនៃតំបន់ការពារ និងកំហុសដែលត្រូវបង់ថ្លៃខ្ពស់។ ជាក់ស្តែងដូចជាការធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយក្រោមថ្វីជើង Atletico Madrid កាលពីរដូវកាលមុន ដែលពួកគេបរាជ័យ ២-០ ក្នុងដី បន្ទាប់ពីខ្សែការពារ Pau Cubarsí ទទួលបានកាតក្រហម។

Rodri បានសង្កត់ធ្ងន់អំពីតម្រូវការយុទ្ធសាស្ត្រដើម្បីជោគជ័យ ដោយលោកបានលើកឡើងថា ពានរង្វាន់ Champions League មិនមែនជាការប្រកួតដែលវាស់វែងថាអ្នកណាពូកែជាងគេនោះទេ តែវាជា “ព្រឹត្តិការណ៍នៃពេលវេលាជាក់ស្តែង”។

ប្រែសម្រួល៖ គីរី

Most Popular

To Top