ទីក្រុង Buraidah ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម លោក Cristiano Ronaldo ប្រធានក្រុម Al Nassr បានជំរុញឲ្យលីគ Saudi Pro League ដាក់បម្រាមហាមឃាត់ពេញមួយជីវិតចំពោះអ្នកគាំទ្រដែលបានស្រែកហៅឈ្មោះអតីតមិត្តរួមក្រុមរបស់គាត់ គឺ Diogo Jota ដើម្បីឌឺដងដាក់ Ruben Neves ក្នុងអំឡុងពេលការប្រកួតមួយ។
ការស្រែកហៅឈ្មោះនេះបានកើតឡើងក្នុងអំឡុងពេលការប្រកួតលីគរវាងក្រុម Al Taawoun និង Al Hilal នៅទីក្រុង Buraidah កាលពីថ្ងៃសៅរ៍។ នៅពេលកីឡាករ Neves កំពុងត្រៀមទាត់បាល់ហ្វ្រីឃីក មានសេចក្តីរាយការណ៍ថា ក្រុមអ្នកគាំទ្រ Al Taawoun មួយក្រុមបានស្រែកហៅឈ្មោះអតីតមិត្តរួមក្រុមរបស់គាត់ដាក់កីឡាករបម្រើរបស់ក្រុម Al Hilal រូបនេះ។
យោងតាមសារព័ត៌មាន The Guardian បាននិយាយថា កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះបានឆ្លើយតបដោយការទះដៃបែបឌឺដង និងលើកមេដៃទៅកាន់កន្លែងអង្គុយរបស់អ្នកគាំទ្រ មុនពេលចង្អុលទៅភ្នែករបស់គាត់ ហើយបន្ទាប់មកចង្អុលឡើងទៅលើមេឃ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត Neves បាននិយាយថា ខ្ញុំសង្ឃឹមថាពួកគេនឹងមិនទៅអធិស្ឋាននៅពេលក្រោយនោះទេ។
លោក Ronaldo បានចេញមុខបញ្ចេញមតិយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដោយទាមទារឲ្យអ្នករៀបចំការប្រកួតលីគចាត់វិធានការប្រឆាំងនឹងអ្នកដែលពាក់ព័ន្ធនឹងហេតុការណ៍នេះ។
លោក Ronaldo បានសរសេរលើមតិយោបល់មួយនៅលើបណ្តាញសង្គម Instagram ថា លីគត្រូវតែចាត់វិធានការ និងដាក់ទណ្ឌកម្មចំពោះអាកប្បកិរិយាបែបនេះរបស់អ្នកគាំទ្រ ។ នេះមិនមែនជាកីឡាបាល់ទាត់ទៀតទេ ហើយវាត្រូវតែមានដែនកំណត់ ហើយអ្នកដែលមានអាកប្បកិរិយាបែបនេះ មិនគួរត្រូវបានអនុញ្ញាតឲ្យចូលក្នុងកីឡដ្ឋានទៀតឡើយ។
លោក Jota បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅទីក្រុង Zamora ប្រទេសអេស្ប៉ាញ កាលពីខែកក្កដា ឆ្នាំ ២០២៥ វ័យ ២៨ ឆ្នាំ រួមជាមួយប្អូនប្រុសរបស់គាត់គឺ Andre Silva។ Jota គឺជាមិត្តរួមក្រុមរបស់ Ronaldo និង Neves នៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់៕
