កីឡា

ប្រទេសម៉ាឡេស៊ី បន្ថែមកីឡាករខ្សែប្រយុទ្ធ មានដើមកំណើតប្រេស៊ីលឲ្យស្ថិតក្នុង ក្រុមបាល់ទាត់ជម្រើសជាតិ

ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Bergson da Silva មានដើមកំណើតនៅប្រទេសប្រេស៊ីល បានក្លាយជាកីឡាករដែលមានសិទ្ធិលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីជាផ្លូវការ បន្ទាប់ពីបានបំពេញលក្ខខណ្ឌនៃការស្នាក់នៅជាប់លាប់រយៈពេល ៥ ឆ្នាំ។

ទីភ្នាក់ងារព័ត៌មាន Bernama បានរាយការណ៍ថា សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានទទួលការបញ្ជាក់ពី FIFA បន្ទាប់ពីមានការត្រួតពិនិត្យលើលក្ខណសម្បត្តិ និងសិទ្ធិរបស់លោកក្នុងការចូលរួមជាមួយក្រុម។ កីឡាករ Bergson បានមកដល់ប្រទេសម៉ាឡេស៊ីនៅឆ្នាំ ២០២១ ហើយបានបំពេញលក្ខខណ្ឌស្នាក់នៅជាប់លាប់រយៈពេល ៥ ឆ្នាំនៅដើមឆ្នាំនេះ។

កីឡាករ Bergson ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាខ្សែប្រយុទ្ធបរទេសដែលទទួលបានជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្រលីគកំពូលម៉ាឡេស៊ី (Malaysia Super League)។ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពតាមរយៈថ្នាលយុវជនរបស់ក្លឹបធំៗនៅប្រេស៊ីល គឺ Internacional និង Gremio មុនពេលចំណាយពេលជាច្រើនឆ្នាំប្រកួតប្រជែងក្នុងលីគកំពូលៗនៃប្រទេសប្រេស៊ីល ព័រទុយហ្គាល់ និងកូរ៉េខាងត្បូង។

ចាប់តាំងពីបានចូលរួមជាមួយក្លឹប Johor Darul Ta’zim ជាក្លឹបខ្លាំងបំផុតរបស់ប្រទេសម៉ាឡេស៊ីមក ខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះបានស៊ុតបញ្ចូលទីបាន ១៩៦ គ្រាប់ក្នុងការប្រកួតចំនួន ១៩៧ លើគ្រប់កម្មវិធីប្រកួតទាំងអស់។ រដូវកាល MSL ឆ្នាំ ២០២៤-២០២៥ លោកបានបង្កើតកំណត់ត្រាលីគដោយស៊ុតបញ្ចូលទីបាន ៣១ គ្រាប់ក្នុងការប្រកួតចំនួន ២២ លើក ហើយបានបន្តទម្រង់លេងដ៏ខ្លាំងក្លានេះ ក្នុងរដូវកាល ២០២៥-២០២៦ ដោយរកបាន ២៧ គ្រាប់ក្នុងលីគ និងសរុបបាន ៤២ គ្រាប់ពីការបង្ហាញខ្លួនសរុបចំនួន ៤៧ លើក៕

Most Popular

To Top