កីឡា

បន្ទាប់ពីមានភ្លៀង ធ្លាក់ខ្លាំងបំផុតជាប្រវត្តិសាស្ត្រ ពេលនេះព្យុះទីហ្វុងកំពុងបង្ក ជាបញ្ហាប្រឈមថ្មីមួយទៀត ដល់ការប្រកួត Asian Games

ទីក្រុង Nagoya ៖ដំបូងឡើយមានភ្លៀងធ្លាក់ខ្លាំងបំផុតជាប្រវត្តិសាស្ត្រ បន្ទាប់មកមានបញ្ហាខ្វះខាតគ្រែគេង ហើយឥឡូវនេះ អ្នករៀបចំការប្រកួតកីឡាអាស៊ី (Asian Games) នៅប្រទេសជប៉ុនកំពុងបួងសួងកុំឲ្យព្យុះទីហ្វុងបង្កផល ប៉ះពាល់ធ្ងន់ធ្ងរដល់នាវាទេសចរណ៍ដ៏ធំមួយ ដែលជាកន្លែងស្នាក់នៅរបស់អត្តពលិករាប់ពាន់នាក់។

អត្តពលិក និងមន្ត្រីជាង ១៧,០០០នាក់ កំពុងធ្វើដំណើរមកកាន់ទីក្រុងកំពង់ផែណាហ្គោយ៉ា និងខេត្ត Aichi សម្រាប់ការប្រកួតកីឡាដ៏ធំប្រចាំទ្វីបនេះ។ ដើម្បីសន្សំសំចៃថវិកា ដោយមិនមានការសាងសង់ភូមិអត្តពលិកតាមបែបប្រពៃណីនោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកចូលរួមត្រូវស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ន សណ្ឋាគារ និងនៅលើនាវាទេសចរណ៍ Costa Serena។

កាលពីសប្តាហ៍មុន ភ្លៀងធ្លាក់ខ្លាំងបំផុតជាប្រវត្តិសាស្ត្របានវាយប្រហារទីក្រុងណាហ្គោយ៉ា និងបង្ខំឲ្យអ្នកចូលរួមជម្លៀសខ្លួនជាបណ្តោះអាសន្នចេញពីកន្លែងស្នាក់នៅដែលមានលក្ខណៈដូចជាកុងតឺន័រដឹកទំនិញ។ ក្រុមជាច្រើនបានត្អូញត្អែរអំពីគុណភាពនៃផ្ទះបណ្តោះអាសន្នទាំងនោះ រួមទាំងបញ្ហាគ្រែគេងខ្លីពេក ខណៈក្រុមផ្សេងទៀតបានលើកឡើងថា មានបន្ទប់មិនគ្រប់គ្រាន់សម្រាប់អ្នកចូលរួមទាំងអស់នៅក្នុងការប្រកួតនេះ។

នៅថ្ងៃព្រហស្បតិ៍ ពោលគឺ ២ ថ្ងៃមុនពិធីបើកការប្រកួត អ្នកព្យាករណ៍អាកាសធាតុបានព្យាករណ៍ថា ព្យុះទីហ្វុងអាចនឹងវាយប្រហារកោះធំរបស់ប្រទេសជប៉ុន ដែលជាទីតាំងនៃទីក្រុងណាហ្គោយ៉ា នៅថ្ងៃអាទិត្យ ឬថ្ងៃចន្ទ។ ស្ថានភាពនេះនឹងបង្កផលប៉ះពាល់ដល់អ្នកចូលរួមប្រកួតប្រហែល ៤,០០០នាក់ ដែលកំពុងស្នាក់នៅលើនាវាទេសចរណ៍ដែលចតនៅកំពង់ផែទីក្រុងណាហ្គោយ៉ា។

កាសែត Asahi Shimbun បានដកស្រង់សម្តីមន្ត្រីសហព័ន្ធកីឡាម្នាក់ដែលមិនបញ្ចេញឈ្មោះថា អ្វីដែលយើងអាចធ្វើបានគឺបួងសួងកុំឱ្យមានស្ថានភាពអាក្រក់បំផុតកើតឡើង។ កាសែតនេះបានកត់សម្គាល់ថា គន្លងផ្លូវរបស់ព្យុះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា ផលវិបាកធ្ងន់ធ្ងរមួយក្នុងចំណោមផលវិបាកផ្សេងទៀត គឺការដែលនាវាត្រូវជម្លៀសចេញពីតំបន់កំពង់ផែ ហើយផ្លាស់ទីទៅកាន់ទីតាំងផ្សេង។

ខែកញ្ញា និងខែតុលា គឺជារដូវកាល ព្យុះទីហ្វុងក្នុងប្រទេសជប៉ុន។ នៅថ្ងៃព្រហស្បតិ៍ អាកាសធាតុនៅទីក្រុងណាហ្គោយ៉ា មានសភាពល្អប្រសើរដោយគ្មានភ្លៀង និងមានពន្លឺថ្ងៃ ប៉ុន្តែដោយសារអាកាសធាតុមានភ្លៀងធ្លាក់នៅថ្ងៃមុនៗនោះ ការប្រកួតកីឡាគ្រីឃីតផ្នែកនារីរវាងប្រទេសចិន និងបង់ក្លាដែស ត្រូវបានលុបចោលដោយមិនបានចាប់ផ្តើមការប្រកួតឡើយ។ ទឹកភ្លៀងប្រហែល ១០៤មីលីម៉ែត្របានធ្លាក់ក្នុងរយៈពេលមួយម៉ោងនៅទីក្រុង៕

Most Popular

To Top