តូក្យូ៖លោក Hajime Moriyasu គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់បន្សល់ទុកនូវស្នាដៃដ៏ល្អសម្រាប់អ្នកដែលនឹងមកបន្តតំណែងពីលោក ដោយការឈ្នះពានរង្វាន់ Asian Cup នៅខែមករា មុនពេលលោកចាកចេញពីតំណែង បន្ទាប់ពីបានដឹកនាំក្រុមអស់រយៈពេលជាង ៨ ឆ្នាំមកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
លោក Moriyasu នឹងដឹកនាំក្រុមជប៉ុនក្នុងការប្រកួតដណ្តើមពានរង្វាន់ប្រចាំទ្វីបអាស៊ីនេះ នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយពួកគេសង្ឃឹមថានឹងឈ្នះពានរង្វាន់នេះជាលើកដំបូងក្នុងរយៈពេល ១៦ ឆ្នាំ។ បន្ទាប់មក លោកនឹងប្រគល់តួនាទីដឹកនាំក្រុមបន្តទៅឲ្យលោក Go Oiwa បច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិជប៉ុនអាយុក្រោម ២៣ ឆ្នាំ។
ក្រុមជប៉ុនត្រូវបានជម្រុះចេញពីការប្រកួត World Cup ឆ្នាំនេះដោយក្រុមប្រេស៊ីលនៅវគ្គ ៣២ ក្រុមចុងក្រោយ បន្ទាប់ពីការរបូតគ្រាប់បាល់នៅនាទីចុងក្រោយ ដែលធ្វើឲ្យពួកគេចាញ់ក្នុងលទ្ធផល ២-១។
លោក Moriyasu នៅតែបន្តជឿជាក់លើកីឡាករភាគច្រើនដែលធ្លាប់លេងក្នុងព្រឹត្តិការណ៍ World Cup នោះ ដោយលោកបានជ្រើសរើសពួកគេចូលក្នុងក្រុមសម្រាប់ការប្រកួតមិត្តភាពក្នុងផ្ទះចំនួន ៤ លើកខាងមុខ ហើយលោកបាននិយាយថា លោកចង់បញ្ចប់តួនាទីរបស់លោកជាមួយនឹងលទ្ធផលដ៏អស្ចារ្យ។
លោកបានបន្តថា ថ្នាក់ដឹកនាំនឹងមានការផ្លាស់ប្តូរ ប៉ុន្តែអ្នកដែលមកដឹកនាំបន្តនឹងមានគោលដៅដូចគ្នា គឺជួយឲ្យជប៉ុនទទួលបានជ័យជម្នះ និងមានការអភិវឌ្ឍ។ យើងចង់បន្តកសាងក្រុមឆ្ពោះទៅរកការប្រកួត Asian Cup ហើយបន្ទាប់មកប្រគល់តួនាទីបន្តទៅឲ្យអ្នកថ្មីក្នុងលក្ខណៈដ៏ល្អមួយ។
ក្រុមជប៉ុននឹងត្រូវប្រកួតជាមួយក្រុមអ៊ុយរូហ្គាយ (Uruguay) និងវេណេស៊ុយអេឡា (Venezuela) នៅខែនេះ មុនពេលចូលរួមការប្រកួតដែលមាន ៤ ក្រុមចូលរួម រួមមាន អេក្វាទ័រ (Ecuador) នូវែលសេឡង់ (New Zealand) និងប៉ាណាម៉ា (Panama) នៅខែតុលា។
លោក Moriyasu បានកោះហៅអ្នកចាំទីថ្មីរបស់ក្លឹប Aston Villa គឺកីឡាករ Zion Suzuki ចូលក្នុងក្រុម រួមជាមួយនឹងកីឡាករពីររូបរបស់ក្លឹប Crystal Palace គឺ Daichi Kamada និង Takehiro Tomiyasu ព្រមទាំង Daizen Maeda របស់ក្លឹប Ipswich Town។
កីឡាករចំនួន ៦ នាក់ធ្លាប់លេងក្នុងព្រឹត្តិការណ៍ World Cup ត្រូវបានដកចេញពីក្រុម ខណៈកីឡាករថ្មីចំនួន ៤ នាក់ត្រូវបានកោះហៅចូល រួមទាំង Kuryu Matsuki របស់ក្លឹប Southampton ផងដែរ។
លោក Moriyasu បានបន្ថែមថា តួនាទីរបស់លោក មិនមែនដើម្បីរំលាយក្រុមចោលនោះទេ ប៉ុន្តែដើម្បីបន្តដំណើរទៅមុខតាមផ្លូវដដែល។ ខ្ញុំយល់ថាការបន្តដំណើរតាមផ្លូវនេះផ្តល់ឲ្យយើងនូវឱកាសកាន់តែប្រសើរក្នុងការឈ្នះពានរង្វាន់ Asian Cup។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការធ្វើរឿងដដែលៗនោះទេ គឺតែងតែមានការរីកចម្រើន និងការប្រកួតប្រជែងគ្នាក្នុងចំណោមកីឡាករ»។
ក្រុមជប៉ុនត្រូវបានចាប់ឆ្នោតឲ្យស្ថិតនៅក្នុងពូលតែមួយជាមួយក្រុមការពារតំណែងជើងឯក Qatar ព្រមទាំងថៃ និងឥណ្ឌូណេស៊ី សម្រាប់ការប្រកួត Asian Cup។ ពួកគេធ្លាប់ត្រូវបានជម្រុះចេញនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រដោយក្រុមអ៊ីរ៉ង់៕
