កីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងដឹកនាំកប្រតិភូ​ កីឡាកម្ពុជាចូលរួម ពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាទ្វីបអាស៊ីនាថ្ងៃទី១៩ នៅជប៉ុន

ទីក្រុង Nagoya ៖នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូកីឡាកម្ពុជាទៅដល់ប្រទេសជប៉ុន ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ “(the 20th Asian Games 2026)”នៅទីក្រុង Nagoya ប្រទេសជប៉ុននាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ជាផ្លូវការ។

ការអញ្ជើញទៅដល់ទីក្រុង Nagoya ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក អ៊ុក សិទ្ធិជាតិ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងអនុប្រធានប្រតិភូ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយបេសកកម្ម លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅអាកាសយានដ្ឋានអន្តរជាតិ Nagoya។

គិតមកដល់ពេលនេះក្រុមជម្រើសជាតិកម្ពុជាបានអញ្ជើញដល់ប្រទេសជប៉ុន ចំនួន ៧ ប្រភេទកីឡា រួមមាន បាល់ទាត់លើតុ(Taqball) ហែលទឹក ការ៉ាតេ ទ្រីយ៉ាត្លុង យុទ្ធគុនចម្រុះ សូហ្វតិន្នីស និងប្រភេទកីឡាប្រដាល់សកល ដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ។

កម្ពុជាបានបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ ប្រភេទកីឡា កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប្រដាល់សកល កីឡាជីជីតស៊ូ កីឡាយូដូ កីឡាការ៉ាតេ កីឡាតេក្វាន់ដូ WT កីឡាទ្រីយ៉ាត្លង កីឡាចំបាប់ កីឡា E-Sports កីឡាបាល់ទាត់លើតុ កីឡាគុនចម្រុះ កីឡាទូកក្តោង និងកីឡាប្រភេទកីឡាសូហ្វតិន្នីស ។

ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩ នាក់ កីឡាការិនី ២០ នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦ នាក់។ ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៕
ដោយ៖លី ភីលីព

Most Popular

To Top