ទីក្រុងប៉េកាំង ៖កីឡាការិនីអត្តពលកម្មជនជាតិអូស្ត្រាលី នាង Joanna Wietrzyk បានចេញមុខសុំទោសជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីជួបបញ្ហាបន្ទោរបង់ ដោយមិនអាចទប់បានកំឡុងពេលប្រកួត Hyrox នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១២ ខែកញ្ញា ខណៈនាងបាននិយាយថា នាងមានការសោកស្តាយ ដែលមិនបានឈប់ប្រកួត ហើយនឹងដកខ្លួនចេញពីការប្រកួតនោះជាផ្លូវការ ព្រមទាំងលះបង់ពិន្ទុដែលនាងទទួលបាន ។
នាង Wietrzyk ជាម្ចាស់កំណត់ត្រាពិភពលោកផ្នែកនារីរបស់ Hyrox បានជួបបញ្ហាបន្ទោរបង់ប្រឡាក់ខ្លួនឯងកំឡុងពេលប្រកួតនារីកម្រិតអាជីព នៅកន្លែងប្រកួត National Speed Skating Oval ទីក្រុងប៉េកាំង។ រូបភាព និងវីដេអូ បានចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញ នូវស្នាមលាមកនៅលើជើង និងស្បែកជើងរបស់នាង ខណៈ នាងនៅតែបន្តការប្រកួតឆ្លងកាត់ តាមដំណាក់កាលនីមួយៗ ។ ទោះបីជានាងទទួលបានជ័យជម្នះ នៅទីបំផុតក៏ដោយ ប៉ុន្តែហេតុការណ៍នេះបានបង្កឲ្យមានការរិះគន់ជុំវិញបញ្ហាអនាម័យ ដោយសារតែអ្នកប្រកួតផ្សេងទៀតត្រូវប្រើប្រាស់កម្រាល និងឧបករណ៍នានាបន្តពីនាង។
សេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនបានបង្ហោះនៅលើគណនីបណ្តាញសង្គម Instagram របស់នាង Wietrzyk បានសុំទោសទៅកាន់ប្រជាជនចិន អ្នកប្រកួតប្រជែងផ្សេងទៀត ទស្សនិកជន និងអ្នករៀបចំកម្មវិធី HYROX”។ នាងបានបន្តថា នាងមានអារម្មណ៍ថា ខ្លួនឯងមានសុខភាពល្អនៅពេលចាប់ផ្តើម ហើយមិនបានរំពឹងថានឹងមានបញ្ហាសុខភាពអ្វីឡើយ។ នាងបានសរសេរថា នៅពេលក្រឡេកមើលត្រឡប់ក្រោយវិញ ខ្ញុំមានការសោកស្តាយចំពោះការសម្រេចចិត្តមិនឈប់ចេញពីការប្រកួត។
នាងបានបន្តថា ខ្ញុំទទួលខុសត្រូវចំពោះការសម្រេចចិត្តបន្តការប្រកួត ហើយខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះភាពមិនស្រួល និងការរំខានដែលបានកើតឡើង។ នាងបានបន្ថែមថា នាងកំពុងរៀនសូត្រពីបទពិសោធន៍នេះ រួមទាំង “ការដឹងថា ពេលណាគួរតែឈប់សម្រាកពីការប្រកួត។ នាងបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួត និងលះបង់ពិន្ទុរបស់នាង ហើយនឹងចំណាយពេលដើម្បីស្តារសុខភាព និងពិចារណាឡើងវិញ។
ដំបូងឡើយ ខាង Hyrox ប្រចាំប្រទេសចិនបានបញ្ជាក់ថា តំបន់ដែលរងផលប៉ះពាល់ត្រូវបានបិទខ្ទប់ និងសម្លាប់មេរោគបន្ទាប់ពីហេតុការណ៍នេះ ហើយឧបករណ៍ពាក់ព័ន្ធត្រូវបានយកចេញ។ ផ្ទៃកម្រាលនៃទីកន្លែងប្រកួតក៏នឹងត្រូវបានផ្លាស់ប្តូរថ្មីផងដែរ។
អ្នករៀបចំកម្មវិធីក៏បានទទួលស្គាល់ថា នៅថ្ងៃអង្គារ ពួកគេបានផ្ញើការជូនដំណឹងទៅកាន់អ្នកចូលរួមក្នុងការប្រកួតនៅទីក្រុងប៉េកាំង ដោយផ្តល់ជូនការសងប្រាក់ថ្លៃចុះឈ្មោះវិញពេញចំនួនដល់អ្នកដែលរងផលប៉ះពាល់ដោយហេតុការណ៍នេះ និងបានសុំទោសចំពោះការបរាជ័យក្នុងការរៀបចំឲ្យអត្តពលិករូបនោះចាកចេញពីទីលានប្រកួតបានទាន់ពេលវេលា ហើយមានការធ្វេសប្រហែសក្នុងការគ្រប់គ្រងប្រតិបត្តិការ ៕
