ជប៉ុន៖ទីភ្នាក់ងារព័ត៌មាន Xinhua បានចេញផ្សាយកាលពីថ្ងៃពុធថា អត្តពលិកមកពីប្រទេសចិន និងប្រទេសផ្សេងទៀតមួយចំនួន បានជាប់គាំងអស់រយៈពេលជាច្រើនម៉ោងនៅក្បែរព្រលានយន្តហោះ Nagoya បន្ទាប់ពីការរៀបចំការដឹកជញ្ជូនមានបញ្ហា ហេតុការណ៍នេះបានធ្វើឲ្យពួកគេខ្លះត្រូវរង់ចាំជិត ៦ ម៉ោងដោយគ្មានអាហារ ខណៈពួកគេព្យាយាមធ្វើដំណើរទៅកាន់កន្លែងស្នាក់នៅមុនពេលការប្រកួតកីឡាអាស៊ីចាប់ផ្តើម។
សមាជិកនៃគណៈប្រតិភូចិន និងក្រុមជាច្រើនបានមកដល់ព្រលានយន្តហោះ Nagoya នៅម៉ោងប្រហែល ១២:១៥ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ដោយត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដែលនឹងមកដល់។ យន្តហោះរបស់ពួកគេបានចុះចតទាន់ពេលវេលា ប៉ុន្តែពួកគេមិនអាចឡើងឡានក្រុងដើម្បីទៅកាន់កន្លែងស្នាក់នៅរបស់ពួកគេបានទេ។
យោងតាមផែនការ បានននិយាយថា គណៈប្រតិភូដែលមកដល់នៅថ្ងៃនោះ ត្រូវជិះឡានក្រុងពីក្បែរព្រលានយន្តហោះទៅកាន់កន្លែងស្នាក់នៅ។ ទោះជាយ៉ាងណាក៏ដោយ នៅម៉ោង ២ រសៀល អ្នកយកព័ត៌មានរបស់ Xinhua ប្រចាំនៅមជ្ឈមណ្ឌលដឹកជញ្ជូននៃព្រលានយន្តហោះ បានឃើញអត្តពលិកមកពីប្រទេស និងតំបន់មួយចំនួនអង្គុយ ឬដេកនៅលើឥដ្ឋ និងអង្គុយផ្អែកលើកៅអីទាំងអស់កម្លាំង ខណៈពួកគេកំពុងរង់ចាំ។
យោង Xinhua ដកស្រងសម្តីគ្រូបង្វឹកកីឡាអុំទូករបស់ឥណ្ឌាម្នាក់បាននិយាយថា ក្រុមរបស់គាត់បានចុះចតនៅម៉ោងប្រហែល ១០ ព្រឹក ប៉ុន្តែបានរង់ចាំនៅមជ្ឈមណ្ឌលដឹកជញ្ជូនអស់រយៈពេលជាង ៤ ម៉ោងហើយ នៅតែមិនអាចចេញដំណើរបាន។
គ្រូបង្វឹកនោះបានបន្តថា ប្រព័ន្ធរបស់បុគ្គលិកមិនអាចស្វែងរកព័ត៌មានអំពីអត្តពលិកបានទេ ដូច្នេះពួកគេមិនអាចរៀបចំយានយន្តបានឡើយ។ លោកបានបន្ថែមថា ក្រុមដែលមកដល់មុននោះក៏មិនអាចទទួលបានឡានក្រុងដែរ បន្ទាប់ពីបានរង់ចាំអស់រយៈពេល ២ ទៅ ៣ ម៉ោង។
ក្រុមកីឡាកាយសម្ព័ន្ធរបស់ចិនក៏បានជួបប្រទះបញ្ហាស្រដៀងគ្នានេះដែរ។ មានតែព័ត៌មានរបស់សមាជិកក្រុម ២ នាក់ប៉ុណ្ណោះក្នុងចំណោមសមាជិក ២១ នាក់ត្រូវបានបង្ហាញជាធម្មតាក្នុងប្រព័ន្ធ ធ្វើឲ្យការចេញដំណើររបស់ក្រុមត្រូវជាប់គាំងទាំងស្រុង និងធ្វើឱ្យសមាជិកក្រុមទាំងមូលត្រូវរង់ចាំនៅព្រលានយន្តហោះ។
ខណៈពេលដែលការរង់ចាំអូសបន្លាយពេលយូរ អត្តពលិកចិនបានក្រាលកម្រាលហាត់យូហ្គា និងប្រើប្រាស់ឧបករណ៍រមៀលហ្វូម និងខ្សែយឺតសម្រាប់ហាត់ប្រាណនៅនឹងកន្លែង។
អត្តពលិកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា នៅម៉ោងប្រហែល ៤ រសៀល ក្រុមបាញ់កាំភ្លើងរបស់ប្រទេសកាហ្សាក់ស្ថានបានត្រៀមខ្លួនចាកចេញ។ ពួកគេបានរង់ចាំរយៈពេលជាង ២ ម៉ោង ប៉ុន្តែបុគ្គលិកមិនបានប្រាប់ពួកគេពីមូលហេតុនៃការរង់ចាំនោះទេ៕
