កីឡា

កីឡាការិនីវាយកូនបាល់ហ្វីលីពីន Alexandra Eala ចូលរួម Asian Games ប្រឈមមុននឹងការផាកពិន័យ បន្ទាប់មិនចូលរួមព្រឹត្តិការណ៍ China Open

ជប៉ុន៖កីឡាការិនីវាយកូនបាល់ Alexandra Eala ដែលជាប់ចំណាត់ថ្នាក់លេខ ១៨ លើពិភពលោក នឹងតំណាងឲ្យប្រទេសហ្វីលីពីនក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ ២០២៦ នៅប្រទេសជប៉ុន ទោះបីជាត្រូវប្រឈមមុខនឹងការផាកពិន័យជាប្រាក់ និងការកាត់បន្ថយពិន្ទុចំណាត់ថ្នាក់ពីសមាគមវាយកូនបាល់នារី (WTA) ដោយសារតែការមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ China Open ជាការប្រកួតកាតព្វកិច្ចក៏ដោយ។

ការប្រកួតវាយកូនបាល់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី “Aichi-Nagoya Asian Games” ត្រូវបានកំណត់ធ្វើឡើងចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា នៅមជ្ឈមណ្ឌលវាយកូនបាល់ Higashiyama Park Tennis Center បានជាន់គ្នាជាមួយការប្រកួត China Open នៅទីក្រុងប៉េកាំង ដែលជាព្រឹត្តិការណ៍កម្រិត WTA 1000 តម្រូវឲ្យកីឡាការិនីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជា Eala ត្រូវតែចូលរួម។

យោងតាមសេចក្តីរាយការណ៍របស់ ABS-CBN បាននិយាយថា សមាគមវាយកូនបាល់ហ្វីលីពីន (PHILTA) បានស្នើសុំជាផ្លូវការទៅកាន់ WTA ដើម្បីលើកលែងកាតព្វកិច្ចនេះសម្រាប់នាង ប៉ុន្តែមិនទាន់ទទួលបានការសម្រេចចិត្តចុងក្រោយនៅឡើយទេ។

ប្រសិនបើស្ថាប័នគ្រប់គ្រងបដិសេធសំណើនេះ កីឡាការិនី Eala អាចនឹងត្រូវផាកពិន័យ និងទទួលបានពិន្ទុស្មើនឹងសូន្យសម្រាប់ការប្រកួត China Open ក្នុងការគណនាចំណាត់ថ្នាក់ផ្លូវការរបស់នាង។ ទោះបីជាពិន្ទុដែលនាងរកបានរួចហើយនឹងមិនត្រូវបានកាត់ចេញក៏ដោយ ប៉ុន្តែលទ្ធផលនៃការប្រកួតដែលទទួលបានពិន្ទុសូន្យនោះ នឹងត្រូវរាប់បញ្ចូលក្នុងចំណោមព្រឹត្តិការណ៍កាតព្វកិច្ចដែលប្រើសម្រាប់គណនាចំណាត់ថ្នាក់ពិភពលោករបស់នាង ដែលអាចជះឥទ្ធិពលដល់ទីតាំងចំណាត់ថ្នាក់របស់នាងបាន។

នេះបើតាមការលើកឡើងរបស់លោក John Rey Tiangco អគ្គលេខាធិការនៃសមាគម PHILTA ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន South China Morning Post ថា យើងបានស្នើសុំការលើកលែងជាផ្លូវការ ហើយយើងគោរពតាមនីតិវិធីរបស់ WTA។ ទន្ទឹមនឹងនេះ កីឡាការិនី Alex បានសម្រេចចិត្តតំណាងឲ្យប្រទេសហ្វីលីពីនក្នុងការប្រកួតកីឡាអាស៊ី (Asian Games) ហើយយើងគាំទ្រនាងយ៉ាងពេញទំហឹង៕

Most Popular

To Top