បរទេស៖ ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិបារាំង លោក Zinedine Zidane បានបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោកសម្រាប់ខ្សែប្រយុទ្ធ Kylian Mbappe ដោយបញ្ជាក់យ៉ាងច្បាស់ថាតារាឆ្នើមរូបនេះ នឹងបន្តរក្សាតំណែងជាប្រធានក្រុមដដែល ខណៈលោកក៏បានបង្ហើបពីការផ្លាស់ប្តូរតំណែងលេងរបស់គេផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ គ្រូបង្វឹកឆ្នើមរូបនេះ ក៏បានឆ្លើយតបទៅនឹងក្តីបារម្ភជុំវិញការជួយរត់ចុះការពាររបស់ខ្សែប្រយុទ្ធរូបនេះ ព្រមទាំងបានចៀសវាងយ៉ាងប៉ិនប្រសប់ក្នុងការពិភាក្សាអំពីភាពចម្រូងចម្រាសផ្នែកនយោបាយជុំវិញក្រុមជម្រើសជាតិ មុនពេលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៧ ឈានចូលមកដល់។
លោក Zidane បានចាប់ផ្តើមការដឹកនាំរបស់ខ្លួនជាផ្លូវការ ដោយបានប្រកាសបញ្ជីឈ្មោះកីឡាករ ២៣នាក់ដំបូងកាលពីថ្ងៃសុក្រ សម្រាប់ការប្រកួតព្រឹត្តិការណ៍ Nations League នាពេលខាងមុខ។ យោងតាមសារព័ត៌មាន RMC Sport អ្នកចាត់ការថ្មីរូបនេះបានបញ្ជាក់ថា Mbappe នឹងបន្តពាក់ស្លាកប្រធានក្រុម ក្រោមការដឹកនាំរបស់លោក។
អ្នកចាត់ការរូបនេះបានបង្ហើបថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ប្រហែលជាមិនត្រូវបានដាក់ឱ្យលេងជាខ្សែប្រយុទ្ធកណ្តាល (Central striker) នោះទេ។
ថ្លែងពាក់ព័ន្ធនឹងភាពបត់បែនរបស់តារាឆ្នើមរូបនេះ នៅក្នុងក្រុមដែលមានការកោះហៅកីឡាករចំណូលថ្មីមិនធ្លាប់លេងឱ្យជម្រើសជាតិចំនួន ៥រូប លោក Zidane បានបញ្ជាក់ថា Mbappe អាចលេងបានយ៉ាងល្អនៅគ្រប់តំបន់នៃជួរមុខ។
ទាក់ទងនឹងចំណូលចិត្តផ្ទាល់ខ្លួន លោក Zidane បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានថា៖ “គាត់ (Mbappe) មានសមត្ថភាពអាចលេងបានទាំងបីតំណែងនៅតំបន់ប្រយុទ្ធ។ គាត់ផ្ទាល់ក៏ធ្លាប់បាននិយាយបែបនេះដែរ។ ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តឱ្យគាត់លេងនៅតំបន់ស្លាបឆ្វេងខ្លាំងជាងគេ។” ៕
ប្រែសម្រួល៖ គីរី
