កីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Hideaki OHMURA អភិបាលខេត្ត Aichi នៃប្រទេសជប៉ុន

ទីក្រុងណាហ្គូយ៉ា ៖ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Hideaki OHMURA អភិបាលខេត្ត Aichi នៃប្រទេសជប៉ុន ក្នុងឱកាសលោកដឹកនាំប្រតិភូកីឡាអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីហ្គេមលើកទី២០ ឆ្នាំ២០២៦ (Aichi-Nagoya Asian Games) នៅទីក្រុង Nagoya ខេត្ត Aichi ប្រទេសជប៉ុន។

នាឱកាសនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ និងការរៀបចំដ៏ល្អរបស់ប្រទេសជប៉ុន សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីលើកទី២០ ដោយរំលេចនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Nagoya និងខេត្ត Aichi ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ និងមានសារសំខាន់នេះ ជាវេទិកាសម្រាប់ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ សន្តិភាព និងពង្រឹងការយោគយល់គ្នារវាងប្រជាជននិងប្រទេសក្នុងតំបន់លើទស្សនវិស័យ «Imagine One Asia» ដែលបង្កប់នូវសារនៃសាមគ្គីភាពទៅកាន់តំបន់អាស៊ី ។

បន្ថែមលើនេះ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ព្រមទាំងការគាំទ្ររបស់ជប៉ុនចំពោះការអភិវឌ្ឍប្រទេស និងការកសាងសន្តិភាពនៅកម្ពុជា ដោយរំលេចពីសារសំខាន់នៃការវិនិយោគរបស់ជប៉ុន និងការចូលរួមរបស់ក្រុមហ៊ុនជប៉ុនក្នុងការបង្កើតការងារ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ តាមកំណត់ត្រា ក្រុមហ៊ុនជប៉ុន រួមមាន Toyota និងក្រុមហ៊ុនក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិក បានបង្កើតប្រតិបត្តិការនៅកម្ពុជា និងបង្កើតឱកាសការងារ ខណៈការវិនិយោគជប៉ុនក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងស្រុកផងដែរ។

ជាការឆ្លើយតប ភាគីជប៉ុន បានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកដល់ប្រទេសជប៉ុននាឱកាសនេះ ដោយបានគូសបញ្ជាក់នូវការបន្តគាំទ្រកម្ពុជាលើវិស័យអប់រំ យុវជន និងកីឡា ជាពិសេសការពង្រីកកម្មវិធីអាហារូបករណ៍ និងឱកាសសិក្សាសម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីឱ្យពួកគេអាចទទួលបានបទពិសោធពីប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលរបស់ជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលជាឧត្តមប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។

លោកអភិបាលខេត្ត ក៏បានលើកឡើង អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពយូរអង្វែងរវាងជប៉ុន-កម្ពុជា និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ដោយកន្លងមកខេត្ត Aichi បានទទួលពលករ និងសិក្ខាកាមកម្ពុជាជាច្រើន មកសិក្សានិងបំពេញការងារ ទទួលបាននូវបទពិសោធល្អៗ និងបានវិលត្រឡប់ទៅកម្ពុជាវិញដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការដាក់ដំណើ ការថ្នាក់បណ្ឌិត របស់សាកលវិទ្យាល័យ Nagoya នៅទីក្រុងភ្នំពេញ តាមរយៈមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវច្បាប់ជប៉ុន នៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) ចាប់តាំងពីឆ្នាំ២០០៨មកទល់បច្ចុប្បន្ន។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុន តាមរយៈកីឡា ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនេះដែរ ខ្ញុំសូមជូនពរ ឯកឧត្តមអភិបាលខេត្ត និងភាគីជប៉ុន ឱ្យទទួលបានជោគជ័យក្នុងការរៀបចំការប្រកួតកីឡាអាស៊ីលើកទី២០ ដោយរំពឹងថា ព្រឹត្តិការណ៍នេះនឹងទទួលបានជោគជ័យ ប្រកបដោយស្មារតីមិត្តភាព និងសន្តិភាព ហើយនឹងបន្សល់ទុកនូវកេរដំណែលដ៏ល្អសម្រាប់យុវជន និងជំនាន់ក្រោយ៕

Most Popular

To Top