កីឡា

លោក សែម សុខា ៖ ការចូលរួមកម្មវិធីនេះ​ ជារួមចំណែកលើកស្ទួយវិស័យពិការភាព និងផ្តល់តម្លៃលើប្រភេទកីឡា សម្រាប់ជនមានពិការភាព

ខេត្តសៀមរាប ៖ បើកការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្តឆ្នាំ២០២៦ ជាផ្លូវការស្ថិតក្រោមអធិបតីភាពលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក ព្រឹម រដ្ឋា អភិបាលរង និងជាអនុប្រធានអនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តសៀមរាប នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានខេត្តសៀមរាប ។

លោក សែម សុខា បានមានប្រសាសន៍ថា ការចូលរួមការប្រកួតនេះជារួមចំណែកលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីឲ្យចេះពិនិត្យវាយតម្លៃលើប្រភេទកីឡាសម្រាប់ជនមានពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនមានពិការភាពខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។ ម៉្យាងវិញទៀត ខ្ញុំសូមចាត់ទុកកម្មវិធីនេះ ជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នាដើម្បីបានយល់ដឹង និងជ្រួតជ្រាបបន្ថែមពីចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានកំពុងអនុវត្តសកម្មភាពការងារពីដំណាក់មួយទៅដំណាក់កាលមួយ។

លោកអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា បានបន្តថា វិស័យពិការភាពជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជាសេនាធិការ ។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានកំណត់យ៉ាងច្បាស់ នូវគោលនយោបាយ អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់កសាងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេស ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិ វឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅរកការសម្រេចបាន និងប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋលេខាធិការ បានបបន្ថែមថា ខ្ញុំសូមអំពាវនាវដល់អនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តទាំងអស់ ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា៕

Most Popular

To Top