កីឡា

លោក កែ ប៊ុនខៀង ៖ ពិធីរត់ភ្លើងគប់ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដ៏មានអត្ថន័យ និងជាការបោះជំហានយ៉ាងរឹងមាំបន្ថែមទៀត ក្នុងវិស័យកីឡជាតិកម្ពុជា

ខេត្តស្វាយរៀង ៖ ពិធីរត់ភ្លើងគប់ អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀងបានដំណើរការយ៉ាងរលូននាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នព ក្រោមការអញ្ជើញជាអធិបតីភាពលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ុន សុវណ្ណ តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅខេត្តស្វាយរៀង។

ក្នុងឱកាសពិធីរត់ភ្លើងគប់អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី ៥ នេះក៏មានការអញ្ជើញពីសំណាក់ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អ្នកឧកញ្ញា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី. ឯក. លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា មន្រ្តីបច្ចេកទេស និងកីឡាករ-កីឡាការិនីទូករបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ផងដែរ។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា ពិធីរត់ភ្លើងគប់ការ ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏មានអត្ថន័យ និងជាការបោះជំហាន យ៉ាងរឹងមាំបន្ថែមទៀតក្នុងវិស័យកីឡជាតិយើង។ ភ្លើងគប់កីឡាដែលយើងកំពុងប្រគល់ និងដង្ហែរនាពេលនេះ មិនត្រឹមតែជាអណ្តាតភ្លើងនៃការប្រកួតប្រជែងនោះទេ ប៉ុន្តែជាសិរិមង្គល និមិត្តរូបនៃស្មារតីកីឡា មិត្តភាព និងកម្លាំងថាមពលនៃការបង្រួបបង្រួម ចាំងឆ្លុះអណ្តាតភ្លើង សន្តិភាពពាសពេញផ្ទៃប្រទេស។

លោករដ្ឋលេខាធិការ បានបន្តថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ រៀបចំឡើងក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» និងលើកកម្ពស់ស្មារតី «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» ព្រមទាំង «កីឡារស់ក្នុងសន្តិភាព» និងយុទ្ធនាការសំខាន់ៗ ដូចជា កីឡាគ្មានគ្រឿងញៀន និងផ្សែងបារី កីឡាបៃតង កីឡាស្អាតស្អំ និងកីឡាគ្មានសារធាតុដូប៉ា-ដូពីង ហើយរៀបចំរៀងរាល់២ឆ្នាំម្តង មានសារសំខាន់ក្នុងការវាស់វែង និងពង្រឹងសមត្ថភាពបច្ចេកទេស សម្រិតសម្រាំងកីឡាករ-កីឡាការិនីសម្រាប់ប្រកួតតំណាងជាតិលើឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់បរិយាបន្ន សមភាពសង្គម និងសមត្ថភាពរៀបចំការប្រកួតឲ្យកាន់តែមានស្តង់ដារ។

លោក កែ ប៊ុនខៀង បន្ថែមទៀតថា ខេត្តស្វាយរៀង បានទទួលធ្វើជាម្ចាស់ផ្ទះ កីឡាទូកប្រពៃណី ហើយការបែងចែកនេះជួយពង្រីកចលនាកីឡាទៅទូទាំងប្រទេស និងបង្កើតឱកាសឲ្យមូលដ្ឋានចូលរួមកាន់តែសកម្ម និងបានផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទាក់ទាញប្រតិភូ កីឡាករ កីឡាការិនី និងអ្នកគាំទ្រ ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ ជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា និងបណ្តុះស្មារតីស្រឡាញ់ កីឡាក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្តែងក្តីរំភើប និងរីករាយជាខ្លាំងសម្រាប់ខេត្តស្វាយរៀង ដែលទទួលបានសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះនៃពិធីរត់ភ្លើងគប់ អបអរសាទរ ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦។ អភិបាលខេត្តស្វាយរៀង បានផ្តាំផ្ញើរទៅកាន់អត្តពលិកតំណាងខេត្តរបស់ខ្លួន ដែលត្រៀមចូលរួមការប្រកួតថ្នាក់ជាតិត្រូវតែខិតខំប្រឹងប្រែងប្រកួតឱ្យពីសមត្ថភាព និងគោរពបទបញ្ជានៃការប្រកួត ប្រកាន់ខ្ជាប់នូវគោលការណ៍ Fair Play ។ លោកបានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡាបានយកចិត្តទុកដាក់ ចំពោះការរៀបចំការប្រកួតកីឡាជាតិ និងបានផ្តល់សិទ្ធិដល់ខេត្តស្វាយរៀង រៀបចំធ្វើជាម្ចាស់ផ្ទះលើប្រភេទកីឡាកីឡាទូកប្រពៃណី និងទូកកានូ កាយ៉ាក៕

Most Popular

To Top