កីឡា

លោក សរ សិទ្ធិ ដឹនាំមន្រ្តីបច្ចេកទេស និងកីឡាករ-កីឡាការិនី​ទូក ចូលរួមពិធីរត់ភ្លើងគប់អបអរសាទរ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានដឹនាំមន្រ្តីបច្ចេកទេស និងកីឡាករ-កីឡាការិនីទូក របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាចូលរួមពិធីរត់ភ្លើងគប់ អបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង។

ពិធីរត់ភ្លើងគប់ អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀងបានដំណើរការយ៉ាងរលូននាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នព ក្រោមការអញ្ជើញជាអធិបតីភាពលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ុន សុវណ្ណ តំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅខេត្តស្វាយរៀង។

យោងតាមរបាយការណ៍ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង និងជានាយបេសកម្មដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ទៅចូលរួមការប្រកួតកីឡាជាតិលើកទី៥ បានបញ្ជាក់ថាប្រតិភូគ្រូបង្វឹក និងអត្តពលិកខេត្តស្វាយរៀង បានចុះឈ្មោះចូលរួមប្រកួតសរុប ២២៣នាក់ ក្នុងនោះកីឡាករ មានចំនួន១៧០នាក់ និងកីឡាការិនី ៧២នាក់ លេងលើ ១៦ប្រភេទកីឡា។

ខេត្តស្វាយរៀងជាខេត្តដំបូងដែលបានរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ហើយដំណើរភ្លើងគប់កីឡាជាតិ នឹងធ្វើដំណើរបន្តទៅកាន់ខេត្តកែបដែលទទួលធ្វើជាម្ចាស់ផ្ទះ កីឡាទ្រីយ៉ាត្លុង នៅឆ្នេរអង្កោល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់មកទៅខេត្តកំពង់ឆ្នាំង ។

ខេត្តស្វាយរៀង គឺជាខេត្តមួយដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា កំណត់យកជាទីកន្លែងរៀបចំការប្រកួតកីឡាទូកប្រពៃណី និងកានូ-កាយ៉ាក ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីលានទន្លេវ៉ៃគោ។

ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានរាជធានី ខេត្តធ្វើជាម្ចាស់ផ្ទះរួមមាន រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង៕
ដោយ៖លី ភីលីព

Most Popular

To Top