ទីក្រុងហ្សឺណែវ ៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលកំពុងប្រឈមមុខនឹងការរិះគន់ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្តេជ្ញាចិត្តបង្កើតវប្បធម៌ថ្មី នៃភាពបើកចំហក្នុងស្ថាប័នបាល់ទាត់នេះ ដែលមិនមែនគ្រាន់តែ ដើម្បីទទួលបានចំណងជើង ព័ត៌មានល្អៗនោះឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ពីរខែបន្ទាប់ពីមានវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងពិភពបាល់ទាត់ ដោយសារផែនការលក់សិទ្ធិពានរង្វាន់ World Cup មានតម្លៃ ៤,២ ពាន់លានដុល្លាររបស់លោក Infantino ។ លោកបានស្នើទៅកាន់អ្នករិះគន់របស់លោកនៅសប្តាហ៍នេះ នូវការត្រួតពិនិត្យដោយឯករាជ្យមួយលើរបៀបដែល FIFA ដំណើរការ និងធ្វើការសម្រេចចិត្ត។
លោកបានសរសេរលើសារបង្ហោះលើបណ្តាញសង្គម Instagram ពីទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដែលកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Arabian Gulf Cup ថា ខ្ញុំបានទទួលសារវិជ្ជមានអំពីបញ្ហានេះពីតំបន់ផ្សេងៗគ្នានៃពិភពលោក ហើយវាជារឿងសំខាន់ដែលយើងត្រូវបន្តស្តាប់គ្នាទៅវិញទៅមក។
លោក Infantino នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា FIFA ដែលមានសមាជិក ៣៧ រូប នៅថ្ងៃទី ១៥ ខែតុលា។ ក្រុមប្រឹក្សានេះក៏នឹងត្រូវបានស្នើសុំឲ្យអនុម័តលើការពិគ្រោះយោបល់ជាមួយសហព័ន្ធសមាជិកចំនួន ២១១ និងស្ថាប័នបាល់ទាត់ប្រចាំទ្វីបចំនួន ៦ អំពី របៀបពង្រឹងបន្ថែមទៀតនូវដំណើរការសម្រេចចិត្តរបស់ FIFA។
តាមពិតទៅ សមាជិកទាំង ២១១ គឺជាម្ចាស់របស់ FIFA ដែលជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមានមូលដ្ឋាននៅប្រទេសស្វីស និងមានទុនបម្រុងជាសាច់ប្រាក់យ៉ាងហោចណាស់ ៥ ពាន់លានដុល្លារ បន្ទាប់ពីការប្រកួត World Cup បុរសនៅអាមេរិកខាងជើងទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ។
ក្រុមប្រឹក្សាដឹកនាំរបស់ FIFA រួមមានអនុប្រធាន ៣ រូប គឺ លោក Aleksander Ceferin (ប្រធានបាល់ទាត់អឺរ៉ុប) លោក Victor Montagliani (អាមេរិកខាងជើង) និងលោក Sheikh Salman bin Ebrahim Al Khalifa (អាស៊ី)។ ពួកគេបានដឹកនាំការប្រឆាំងទៅនឹងលោក Infantino ក្នុងអំឡុងពេលមានភាពចម្រូងចម្រាសជុំវិញសំណើរបស់លោកក្នុងការបង្កើតផ្នែកពាណិជ្ជកម្មមួយ ដែលមានការចូលរួមជាម្ចាស់កម្មសិទ្ធិដោយវិនិយោគិនដឹកនាំដោយលោក Josh Kushner។
លោក Infantino បានសរសេរកាលពីថ្ងៃព្រហស្បតិ៍អំពីកិច្ចប្រជុំក្រុមប្រឹក្សានៅទីក្រុង Zurich ថា ត្រូវតែមានវប្បធម៌នៃការសន្ទនា ការស្តាប់គ្នាទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក។ នេះមិនមែនជារឿងនៃការបង្កើតចំណងជើងព័ត៌មានល្អៗនោះទេ ប៉ុន្តែវាជារឿងនៃការធ្វើអ្វីដែលត្រឹមត្រូវសម្រាប់កីឡានេះ៕
