កីឡា

ក្រុមប្រតិភូកីឡាចំបាប់ ៧ រូប របស់កម្ពុជា ចេញដំណើរចូលរួម “The 20th Asian Games Aichi-Nagoya 2026” នៅជប៉ុនហើយ

ខេត្តកណ្តាល ៖ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមការងារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានជូនដំណើរគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ចំនួន ៧ រូបដែលចេញដំណើរចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៧ រូបចូលរួម“The 20th Asian Games Aichi-Nagoya 2026” នៅប្រទេសជប៉ុន ។ សម្រាប់ប្រកួតកីឡាចំបាប់ចាប់ផ្តើមពីថ្ងៃ២៦ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ហើយក្រុមអត្តពលិកទាំង ៧ រូបរួមមាន លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹក អ្នកស្រី ចូវ សុធារ៉ា គ្រូជំនួយ កីឡាករ ហេង រ័ត្នថា កីឡាករ ហេង វុទ្ធី កីឡាករ សឿន សុភាស់ កីឡាការិនី ជា កញ្ញា និងកីឡាការិនី ឌិត សំណាង។

លោកគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា បានបន្តថា កីឡាការិនី ឌិត សំណាង ប្រកួតប្រភេទទម្ងន់ក្រោម ៥០ កីឡូក្រាមលើវិញ្ញាសាឯកត្តជននារី កីឡាការិនី ជា កញ្ញា ប្រកួតប្រភេទទម្ងន់ក្រោម ៦២ កីឡូក្រាមលើវិញ្ញាសាឯកត្តជននារី កីឡាករ ហេង រ័ត្នថា ប្រកួតប្រភេទទម្ងន់ក្រោម ៩៧ កីឡូក្រាមលើវិញ្ញាសាឯកត្តជនបុរស(Freestyle) កីឡាករ ហេង វុទ្ធី ប្រកួតប្រភេទទម្ងន់ក្រោម ៨៦ កីឡូក្រាមលើវិញ្ញាសាឯកត្តជនបុរស(Freestyle) និង កីឡាករ សឿន សុភាស់ ប្រកួតប្រភេទទម្ងន់ក្រោម ៥៧ កីឡូក្រាមលើវិញ្ញាសាឯកត្តជនបុរស(Freestyle)។

បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ អៃឈី-ណាហ្គោយ៉ា ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។ ព្រឹត្តិការណ៍ពហុកីឡាដ៏សំខាន់នេះមានកីឡាចំនួន ៤៣ ប្រភេទ និងព្រឹត្តិការណ៍នេះ កីឡាករ-កីឡាការិនីចំនួន ៤៦៩ នាក់ មកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ៕
ដោយ៖លី ភីលីព

Most Popular

To Top