កីឡា

កីឡាករហែលទឹកចិន Zhang Zhanshuo ឈ្នះមេដាយមាសចំនួន ៧ ក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុន

NAGOYA ៖ កីឡាករហែលទឹកឆ្នើម បែបសេរីជនជាតិចិន Zhang Zhanshuo បានបញ្ចប់ការប្រកួតដោយឈ្នះមេដាយមាសសរុបចំនួន ៧ គ្រឿងក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដោយបានឈ្នះការប្រកួតហែលទឹកបែបសេរីចម្ងាយ ៤០០ ម៉ែត្រ ក្នុងរយៈពេល ៣ នាទី និង ៤១,២៨ វិនាទី កាលពីថ្ងៃសុក្រ ជាថ្ងៃចុងក្រោយនៃការប្រកួតហែលទឹក។

ពេលវេលាដែលកីឡាកររូបនេះសម្រេចបាន គឺយឺតជាងកំណត់ត្រាពិភពលោកដែលកាន់កាប់ដោយកីឡាករ Lukas Martens មកពីប្រទេសអាល្លឺម៉ង់ (៣:៣៩,៩៨) ត្រឹមតែ ១,៣០ វិនាទីប៉ុណ្ណោះ។ កីឡាករ Zhang ក៏បានឈ្នះមេដាយមាសលើវិញ្ញាសាហែលទឹកបែបសេរីចម្ងាយ ១.៥០០, ៨០០ និង ២០០ ម៉ែត្រ ព្រមទាំងមេដាយមាសលើវិញ្ញាសាហែលទឹកជាក្រុម (relays) ចំនួន ៣ ទៀត។

លោកបានអបអរសាទរជ័យជម្នះនៅមាត់អាងហែលទឹក ដោយអង្គុយលើរបាំងខណ្ឌផ្លូវហែលទឹក ហើយរាប់ចំនួនមេដាយមាសដោយប្រើម្រាមដៃរបស់លោក។ ក្រុមអត្តពលិកចិនបានឈ្នះមេដាយមាសចំនួន ៣០ (ដែលជាកំណត់ត្រាថ្មី) និងមេដាយសរុបចំនួន ៥៤ ក្នុងអំឡុងពេល ៦ ថ្ងៃនៃការប្រកួតហែលទឹកនៅ Asian Games នេះ ដោយបានវ៉ាដាច់ចំនួនមេដាយមាស ២៨ ដែលពួកគេធ្លាប់ឈ្នះកាលពី ៣ ឆ្នាំមុននៅទីក្រុង Hangzhou។

ជប៉ុនក៏បានធ្វើបានល្អក្នុងការប្រកួតជាច្រើន ដោយឈ្នះមេដាយមាសចំនួន ៧ និងមេដាយសរុបចំនួន ៣៧ ជាលទ្ធផលល្អជាងចំនួនសរុបដែលពួកគេទទួលបានកាលពី ៣ ឆ្នាំមុនដែរ។ អត្តពលិកជប៉ុនវ័យ ១៧ ឆ្នាំ Shin Ohashi បានបង្កើតកំណត់ត្រាពិភពលោកតែមួយគត់ក្នុងព្រឹត្តិការណ៍នេះ ដោយឈ្នះការប្រកួតហែលទឹកបែបកង្កែបចម្ងាយ ២០០ ម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងរយៈពេល ២:០៤,៨៣។ Ohashi បានបំបែកកំណត់ត្រាចាស់ ២:០៥,៤៨ ដែលបង្កើតឡើងដោយ Qin Haiyang របស់ចិនកាលពីឆ្នាំ ២០២៣ ក្នុងការប្រកួតជើងឯកពិភពលោកនៅទីក្រុង Fukuoka ប្រទេសជប៉ុន។

អត្តពលិកចិនវ័យ ១៣ ឆ្នាំ កីឡាការិនី Yu Zidi ជាអត្តពលិកហែលទឹកដែលគេចាប់អារម្មណ៍ខ្លាំងបំផុតមុនពេលចាប់ផ្តើមព្រឹត្តិការណ៍ Asian Games។ នាងមិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយបានឈ្នះមេដាយមាសលើវិញ្ញាសាហែលទឹកបែបមេអំបៅចម្ងាយ ២០០ ម៉ែត្រ និងវិញ្ញាសាហែលទឹកចម្រុះ ចម្ងាយ ២០០ និង ៤០០ ម៉ែត្រ។

ពេលវេលាដែលនាងសម្រេចបានលើវិញ្ញាសាហែលទឹកចម្រុះ (IM) ចម្ងាយ ២០០ ម៉ែត្រ គឺ ២:០៦,១០ ខុសគ្នាបន្តិចបន្តួចពីកំណត់ត្រាពិភពលោកដែលកាន់កាប់ដោយ Summer McIntosh របស់កាណាដា (២:០៥,៧០)។ ពេលវេលារបស់ Yu នៅតែយឺតជាងស្តង់ដាររបស់ McIntosh បន្តិចលើវិញ្ញាសាទាំងបីនេះ។ ប៉ុន្តែ នាងគឺជាគូប្រជែងដ៏ខ្លាំងក្លាមួយរូបសម្រាប់ការប្រកួតជើងឯកពិភពលោកនៅឆ្នាំក្រោយ និងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៨ ដែលជាការពិតណាស់ នឹងមានវត្តមានរបស់ប្រទេសមហាអំណាចផ្នែកហែលទឹកផ្សេងទៀតដូចជា អូស្ត្រាលី និងសហរដ្ឋអាមេរិក។

ប្រទេសចិនបានឈ្នះមេដាយមាសចំនួន ៥ ក្នុងចំណោមការប្រកួតទាំង ៧ កាលពីថ្ងៃសុក្រ ដោយបង្ហាញពីភាពខ្លាំងដូចដែលពួកគេបានធ្វើពេញមួយសប្តាហ៍។

កីឡាការិនី Zhang Yufei បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលស្ទីលមេអំបៅចម្ងាយ ៥០ ម៉ែត្រនារី ដោយប្រើពេល ២៥,៤១ វិនាទី ខណៈមិត្តរួមក្រុមរបស់នាងគឺ Wu Qingfeng ទទួលបានមេដាយប្រាក់។ កីឡាករចិន Qin Haiyang បានឈ្នះវិញ្ញាសាហែលស្ទីលកង្កែបចម្ងាយ ៥០ ម៉ែត្រ (២៦,៦៨ វិនាទី) ដោយកីឡាករ Ohashi ដែលជាអ្នកបំបែកកំណត់ត្រាកាលពីថ្ងៃព្រហស្បតិ៍ បានត្រឹមតែមេដាយសំរិទ្ធប៉ុណ្ណោះ។

អ្នកឈ្នះផ្សេងទៀតមកពីប្រទេសចិនរួមមាន Li Bingjie ក្នុងវិញ្ញាសាហែលសេរីចម្ងាយ ៨០០ ម៉ែត្រ (៨:២៤,០២ នាទី), Zhang Zhanshuo ក្នុងវិញ្ញាសាហែលសេរីចម្ងាយ ៤០០ ម៉ែត្រ (៣:៤១,២៨ នាទី) និងក្រុមនារីក្នុងវិញ្ញាសាហែលផ្លាស់ប្តូរស្ទីល (medley relay) ៤x១០០ ម៉ែត្រ (៣:៥៤,៥៥ នាទី)។

កីឡាករជប៉ុន Kodai Nishiono បានឈ្នះវិញ្ញាសាហែលស្ទីលផ្ងារ (backstroke) ចម្ងាយ ២០០ ម៉ែត្របុរស (១:៥៦,៤២ នាទី) ហើយកីឡាករតៃវ៉ាន់ Wang Kuan-hung បានឈ្នះវិញ្ញាសាហែលស្ទីលមេអំបៅចម្ងាយ ២០០ ម៉ែត្រ (១:៥៥,០៥ នាទី)៕

Most Popular

To Top