កីឡា

កីឡាករវ័យក្មេងជនជាតិជប៉ុនវ័យ ១១ ឆ្នាំ ឈ្នះមេដាយមាសកីឡាអេឡិចត្រូនិក (eSports) ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ Asian Games

ណាហ្គោយ៉ា៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កីឡាករវ័យក្មេងជនជាតិជប៉ុនវ័យ ១១ ឆ្នាំ កុមារា Yuki Kurihara ដែលជាកីឡាករអេឡិចត្រូនិក ( eSports) ដ៏ឆ្នើមបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី (Asian Games) កាលពីថ្ងៃសៅរ៍យ៉ាងអស្ចារ្យ បន្ទាប់ពីបានយកឈ្នះគូប្រកួតជាបន្តបន្ទាប់ដែលមានអាយុច្រើនជាងខ្លួនរហូតដល់ទៅ ៣ ដង។

សិស្សសាលាបឋមសិក្សាដែលពាក់វ៉ែនតារូបនេះ ត្រូវបានគេជឿថា ជាអ្នកចូលរួមប្រកួតក្មេងជាងគេក្នុងព្រឹត្តិការណ៍កីឡានៅ Aichi-Nagoya នេះ បានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសា Puyo Puyo Champions ក្នុងលទ្ធផល ១០-២។ រូបគេជាអត្តពលិកក្មេងជាងគេរបស់ប្រទេសម្ចាស់ផ្ទះជប៉ុនក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ី។

Puyo Puyo Champions គឺជាហ្គេមប្រភេទតម្រៀបរូបភាព (puzzle game) ដែលអ្នកលេងព្យាយាមលុបបំបាត់រូបរាងពណ៌ផ្សេងៗចេញពីអេក្រង់ ដោយការតម្រៀបពួកវាឲ្យត្រូវគ្នា ហើយធ្វើឲ្យពួកវាផ្ទុះបាត់ទៅ។ ដោយរក្សាបាននូវភាពស្ងប់ស្ងាត់ និងមិនភ័យព្រួយពេញមួយការប្រកួត កុមារា Kurihara បានឈានចូលដល់វគ្គដណ្តើមមេដាយមាសយ៉ាងរលូនជាមួយនឹងការបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយបានយកឈ្នះកីឡាករថៃ Tanarak Wongkitkun មានអាយុ ២៨ ឆ្នាំ (ចាត់ទុកថាជាកីឡាករជើងចាស់) លទ្ធផល ១០-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីធានាបានយ៉ាងហោចណាស់មេដាយប្រាក់មួយ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រ គេស្ទើរតែមិនបង្ហាញស្នាមញញឹមសោះ បន្ទាប់ពីបានយកឈ្នះកីឡាករកូរ៉េខាងត្បូងអាយុ ២៤ ឆ្នាំ Kang Dongshin បន្ទាប់ពីបានចាញ់មុន ១-០ នៅដើមការប្រកួត។ Kurihara បានចាប់ផ្តើមលេងហ្គេម Puyo Puyo តាំងពីថ្នាក់ទីមួយ ហើយមិនយូរប៉ុន្មានក៏បានចាប់ផ្តើមចូលរួមប្រកួត និងឈ្នះពានរង្វាន់នានា។ គេទទួលបានអាជ្ញាប័ណ្ណជាកីឡាករអាជីពនៅខែមេសាឆ្នាំនេះ ហើយតែងតែយកឈ្នះលើមនុស្សពេញវ័យជាញឹកញាប់។

កុមារានេះជាសម្តីរបស់គេមុនពេលការប្រកួតចាប់ផ្តើមថា វាពិតជាពិបាកក្នុងការបែងចែកពេលវេលារវាងការលេងហ្គេម និងការសិក្សានៅសាលាធម្មតា រួមទាំងសាលាបង្រៀនបន្ថែម ប៉ុន្តែវាពិតជាសប្បាយរីករាយណាស់។ ឥឡូវនេះជាវិស្សមកាលរដូវក្តៅ ដូច្នេះខ្ញុំមានពេលច្រើនក្នុងការហ្វឹកហាត់។ ខ្ញុំចង់ហ្វឹកហាត់ឲ្យបានច្រើន និងអភិវឌ្ឍសមត្ថភាពថ្មីៗបន្ថែមទៀត។

មិនមានកំណត់ត្រាជាសាធារណៈស្តីពីអត្តពលិកក្មេងជាងគេដែលឈ្នះមេដាយនៅក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ី បានចាប់ផ្តើមប្រកួតប្រជែងជាលើកដំបូងនៅឆ្នាំ ១៩៥១ នោះទេ។

ប៉ុន្តែ កីឡាការិនីឥណ្ឌូណេស៊ី Bunga Nyimas បានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាជិះស្គីលើក្តារ (skateboarding) ផ្នែកនារី នៅពេលនាងមានអាយុ ១២ ឆ្នាំ នៅទីក្រុងហ្សាការតា កាលពីឆ្នាំ ២០១៨។ ចំណែក Cui Chenxi អាយុ ១៣ ឆ្នាំ បានឈ្នះមេដាយមាសក្នុងការប្រកួតជិះស្គីលើក្តារផ្នែកនារី (វិញ្ញាសា street skateboarding) កាលពីបីឆ្នាំមុននៅទីក្រុង Hangzhou៕

Most Popular

To Top