កីឡា

ក្រុមកីឡាករបាល់ទាត់ចិនឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Games បន្ទាប់ពីការរង់ចាំអស់រយៈពេល ២៨ ឆ្នាំ

ជប៉ុន៖ក្រុមបាល់ទាត់ជម្រើសជាតិចិនអាយុក្រោម ២៣ ឆ្នាំ (U23) បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Games កាលពីថ្ងៃសៅរ៍ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិថៃ ក្នុងលទ្ធផល ៣-០ នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នេះជាការឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ។

ក្រុមយុវជនចិននេះត្រូវបានបង្កើតឡើងដោយផ្អែកលើក្រុមដែលធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងព្រឹត្តិការណ៍ AFC U23 Asian Cup 2026 ដោយមានការបន្ថែមនូវកីឡាករដែលមានអាយុលើសកម្រិតកំណត់ចំនួន ៣ រូបគឺកីឡាករ Zhang Yuning កីឡាករ Wu Xi និងកីឡាករ Zhu Chenjie។

ការប្រកួតទល់នឹងក្រុមថៃ ក្រុមចិនបានប្រើប្រាស់ទម្រង់ការពារដែលមានខ្សែការពារ ៥ នាក់ម្តងទៀត។ គ្រូបង្វឹក Antonio Puche Vicente បានធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៤ នាក់ក្នុងជម្រើស ១១ នាក់ដំបូង។ កីឡាករ Xiang Yuwang និងកីឡាករ Kuai Jiwen បានចាប់ដៃគូគ្នាជាខ្សែប្រយុទ្ធ ដោយជំនួសកន្លែងរបស់កីឡាករ Zhang Yuning និង Wang Yudong។ ទន្ទឹមនឹងនេះ កីឡាករ Imran បានចាប់ផ្តើមលេងនៅតំបន់បម្រើកណ្តាល។ កីឡាករ Peng Xiao ដបានចូលលេងជាជម្រើសដំបូងជាលើកដំបូង បានបង្កើតជាខ្សែការពារកណ្តាល ៣ នាក់ រួមជាមួយ Zhu Chenjie និង Liu Haofan។

ក្រុមចិនបានគ្រប់គ្រងការប្រកួតយ៉ាងពេញទំហឹងនៅតង់ទីមួយ ដោយបានស៊ុតបាល់ចំនួន ៧ លើក ក្នុងនោះ ៤ លើកចំគោលដៅ និងគ្រប់គ្រងបាល់បានជាង ៦០ ភាគរយ។ មុនពេលបញ្ចប់តង់ទីមួយបន្តិច Wu Xi បានទាត់បាល់ហ្វ្រីឃីកទៅកាន់ Peng Xiao ដែលកំពុងរត់ចូលទៅកាន់បង្គោលទីឆ្ងាយ។ ការស៊ុតយ៉ាងខ្លាំងរបស់ Peng ត្រូវបានអ្នកចាំទីថៃរារាំងបាន ប៉ុន្តែបាល់បានប៉ះនឹងខ្សែការពារថៃ ហើយផ្លាស់ប្តូរទិសដៅចូលទៅក្នុងសំណាញ់ទីរបស់ខ្លួនឯង។ ក្រុមចិនបានបញ្ចប់តង់ទីមួយដោយនាំមុខ ១-០។

បន្ទាប់ពីការប្រកួតបន្តនៅតង់ទី២ ក្រុមថៃជាក្រុមដំបូងគេដែលធ្វើការផ្លាស់ប្តូរកីឡាករ ប៉ុន្តែពួកគេបែរជាត្រូវរបូតគ្រាប់បាល់មួយទៀតក្នុងរយៈពេលត្រឹមតែ ២ នាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកួតតង់ទី២ចាប់ផ្តើម។ ដោយនាំមុខ ២ គ្រាប់ ក្រុមចិនបានបញ្ជូនខ្សែប្រយុទ្ធ Zhang Yuning ចូលលេងនៅនាទីទី ៥៨។ ត្រឹមតែ ៥ នាទីក្រោយមក គាត់បានស៊ុតបញ្ចូលទីគ្រាប់ទី ៣ ឱ្យក្រុមចិន ដោយទទួលបានការបញ្ជូនបាល់ពី Zhu Chenjie។

ដោយសារត្រូវតាមពីក្រោយ ៣ គ្រាប់ ក្រុមថៃត្រូវបានបង្ខំឲ្យលេងរុញច្រានឡើងលើទីលាន ដែលនេះបានបើកឱកាសឱ្យក្រុមចិនធ្វើការវាយបកបានកាន់តែច្រើន។ Zhang Yuning ស្ទើរតែអាចរកបានគ្រាប់បាល់មួយទៀតតាមរយៈការស៊ុតបាល់ទាបពីចម្ងាយជិត។ ជាចុងក្រោយ ក្រុមចិនទទួលបានជ័យជម្នះយ៉ាងដាច់ខាតក្នុងលទ្ធផល ៣-០ លើក្រុមថៃ និងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមបាល់ទាត់បុរសរបស់ប្រទេសចិនបានឈ្នះមេដាយប្រាក់នៅក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ ១៩៩៤ និងមេដាយសំរឹទ្ធនៅក្នុងការប្រកួតឆ្នាំ ១៩៩៨។ ចាប់តាំងពីការប្រកួតកីឡាអាស៊ីឆ្នាំ ២០០២ បានដាក់ចេញនូវវិធានកំណត់អាយុក្រោម ២៣ ឆ្នាំ (U23) សម្រាប់ការប្រកួតបាល់ទាត់បុរសមក ក្រុមចិនមិនដែលបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ។ ក្នុងរយៈពេល ៦ លើកចុងក្រោយនេះ ក្រុមនេះបានធ្លាក់ចេញនៅវគ្គ ១៦ ក្រុមចុងក្រោយចំនួន ៣ ដង និងនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រចំនួន ៣ ដង៕

Most Popular

To Top