កីឡា

ឧកញ៉ា ស្រ៊ុន ប៊ុនថាត ៖ វគ្គនេះរៀបចំឡើង ដើម្បីលើកកម្ពស់សមត្ថភាព មន្ត្រីបច្ចេកទេសលើផ្នែកជំនាញ និងបច្ចេកទេស បង្ហាត់ដល់អត្តពលិកវូស៊ូ

ភ្នំពេញ ៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា និងលោក ខាត់ សារ៉ង នាយកសាលាវិទ្យាល័យ បាក់ទូក លោក ម៉ែន ម៉ាលីន អនុប្រធានសហព័ន្ធ និង កញ្ញា ព្រាប ម៉ូនីកា អនុប្រធានសហព័ន្ធ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសកីឡាវូស៊ូថ្នាក់ជាតិកម្រិត នៅសាលប្រជុំ នៅសាលប្រជុំវិទ្យាល័យ វិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ដែលរៀបចំដោយ សហព័ន្ធកីឡាវូស៊ូកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា បានប្រាប់ឲ្យដឹថា ដោយអនុវត្តតាមលិខិតឧទ្ទេសនាម ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាវូស៊ូកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ធត្រូវបាន ចាត់តាំងជាគណៈ គណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសថ្នាក់ជាតិកីឡាវូស៊ូ កម្រិត១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៣០ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យ វិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា បានបន្តថា គ្រូឧទ្ទេសរួមមាន លោក ម៉ែន ម៉ាលីន អនុប្រធាន សហព័ន្ធកីឡាវូស៊ូកម្ពុជា លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ លោកស្រី ម៉ៅ មុយចាន់នីជា អគ្គលេខាធិការរង និងលោក ម៉ៅ មុយចន្ថាឫទ្ធិ មន្ត្រីបច្ចេកទេសវិញ្ញាសាសាន់ដា។ សិក្ខាកាមចូលរួមមានចំនួន ៣៨ នាក់អញ្ជើញមកពីបណ្តាក្លិប-សមាគម រាជធានី ខេត្ត។

ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាវូស៊ូកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ រវាងនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ជាមួយសហព័ន្ធកីឡាវូស៊ូកម្ពុជាបានផ្តួចផ្តើម រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេសលើផ្នែកជំនាញ និងបច្ចេកទេសបង្ហាត់ដល់កីឡាករ-កីឡាការិនីក្នុងការឈានទៅទទួលជោគជ័យសម្រាប់ការប្រកួត ថ្នាក់ជាតិ និងអន្តរជាតិនានា។

ដូច្នេះសិក្ខាកាមទាំងអស់ដែលអញ្ជើញចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចំណេះដឹងទៅបម្រើការហ្វឹកហាត់កីឡាករ-កីឡាការិនីនៅតាមក្លិប-សមាគមរៀងៗខ្លួនឲ្យទទួល បានជោគជ័យក្នុងការប្រកួតគ្រប់កម្រិត ក៍ដូចជាលើឆាកអន្តរជាតិនានា។

លោកប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា បានបន្ថែមថា សិក្ខាកាមទាំងអស់ឆ្លងតាមរយៈ ការទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងទៅបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីនៅតាមក្លិប-សមាគមរៀងៗខ្លួន ដោយការយកចិត្តទុកដាក់ធ្វើ យ៉ាងណាឲ្យកីឡាករ-កីឡាការិនីទទួលបានលទ្ធផលល្អក្នុងការប្រកួតទាំងលក្ខណៈជាតិ និងអន្តរ ជាតិនានា។

ពិសេសការជុំរុញនិងអភិវឌ្ឍកីឡាករ-កីឡាការិនីថ្នាលសម្រាប់ឆ្នាំខាងមុខជាបន្ត ។ ជាថ្មីម្តងទៀត ក្នុងនាមសហព័ន្ធកីឡាវូស៊ូកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅជូនចំពោះក្រសួងអប់រំ យុវជន និងកីឡាដែលតែងតែយកចិត្តដាក់ដល់សហព័ន្ធ កីឡាវូស៊ូកម្ពុជា៕

Most Popular

To Top