កីឡា

ក្រុម Arsenal សម្លឹងចង់ បានខ្សែប្រយុទ្ធវ័យក្មេង Christian Kofane របស់ក្លិប Bayer Leverkusen ដើម្បីដោះស្រាយបញ្ហាតំបន់ ប្រយុទ្ធក្នុងទីផ្សារដោះដូរ កីឡាករខែមករា ឆ្នាំ២២០៧

​បរទេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាកំពុងថ្លឹងថ្លែងក្នុងការនាំយកខ្សែប្រយុទ្ធក្លិប Bayer Leverkusen កីឡាករ Christian Kofane នៅពាក់កណ្តាលរដូវកាល ខណៈដែលអ្នកចាត់ការទូទៅលោក Mikel Arteta កំពុងសម្លឹងរកការបង្កើនភាពមុតស្រួចនៅតំបន់ប្រយុទ្ធរបស់ខ្លួន។ ក្រុមរហស្សនាមកាំភ្លើងធំមួយនេះ បានចាប់ផ្តើមរដូវកាលយ៉ាងល្អឥតខ្ចោះ ប៉ុន្តែនៅតែមានក្តីព្រួយបារម្ភជុំវិញកង្វះ ភាពច្បាស់លាស់ក្នុងការបញ្ចប់ទីសម្រាប់ការប្រកួតដែលតានតឹង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

យោងតាមសារព័ត៌មាន BBC Sport បានឱ្យដឹងថា Arsenal កំពុងពិចារណាយ៉ាងសកម្មលើការផ្ទេរយកកីឡាករ Kofane នៅក្នុងខែមករា ខណៈដែលពួកគេសម្លឹងរកការដោះស្រាយក្តីបារម្ភជាបន្តបន្ទាប់ទាក់ទងនឹងប្រសិទ្ធភាពនៃការស៊ុតបញ្ចូលទី។ បើទោះបីជាកំពុងឈរនៅកំពូលតារាង Premier League ដោយនាំមុខដាច់ ៥ ពិន្ទុក៏ដោយ ក្រុមកាំភ្លើងធំតែងតែជួបការលំបាកក្នុងការបិទការប្រកួត ដោយពឹងផ្អែកយ៉ាងខ្លាំងលើគម្លាតគ្រាប់បាល់ដ៏ប្រផិតប្រផើយដើម្បីទទួលបាន ៣ ពិន្ទុ។ ក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ ដណ្តើមបានជ័យជម្នះ ៩ លើក ពីការប្រកួតលីគ ១០ លើកដំបូងរបស់ពួកគេ ប៉ុន្តែជ័យជម្នះ ៦ លើកក្នុងចំណោមនោះ ត្រូវបានសម្រេចដោយគម្លាតត្រឹមតែ ១ គ្រាប់ប៉ុណ្ណោះ ដែលជំរុញឱ្យលោក Arteta ត្រូវស្វែងរកកម្លាំងប្រយុទ្ធបន្ថែមនៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងា។

​ខណៈដែលកីឡាករ Kai Havertz, Martin Odegaard និង Bukayo Saka បច្ចុប្បន្នកំពុងនាំមុខគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិប ជាមួយនឹងការរកបាន ៣ គ្រាប់ម្នាក់ក្នុងលីគ កង្វះខាតអ្នកស៊ុតបញ្ចូលទីដ៏លេចធ្លោមួយរូប នៅតែជាប្រធានបទដែលត្រូវជជែកវែកញែក។ ក្រុមរបស់លោក Arteta ថ្មីៗនេះបានតាមស្មើកំណត់ត្រាចាប់ផ្តើមរដូវកាលដ៏ល្អបំផុតរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះ ១-០ លើក្រុម Hull City ប៉ុន្តែការលើកឡើងរបស់អ្នកចាត់ការទូទៅរូបនេះក្រោយចប់ការប្រកួត បានបញ្ជាក់យ៉ាងច្បាស់ថា លោកហាក់មិនទាន់ពេញចិត្តទាល់តែសោះចំពោះលទ្ធផលនៃតំបន់ប្រយុទ្ធបច្ចុប្បន្ន។

​កីឡាករ Kofane បានលេចចេញជាបេក្ខភាពដ៏សំខាន់មួយរូបសម្រាប់ក្រុមកាំភ្លើងធំ ជាមួយនឹងទម្រង់លេងរបស់គេនៅលីគកំពូលអាល្លឺម៉ង់ Bundesliga ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកសង្កេតការណ៍ (Scouts) ទូទាំងទ្វីបអឺរ៉ុប។ ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះ បានបង្ហាញសក្តានុពលរបស់ខ្លួនរួចទៅហើយនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៦ លើកសម្រាប់ក្លិប Bayer Leverkusen មុនពេលរងរបួសសរសៃពួរជើង (Hamstring) កាលពីខែតុលា ដែលបានរារាំងដំណើរអភិវឌ្ឍរបស់គេជាបណ្តោះអាសន្ន។ កាយសម្បទា និងសមត្ថភាពបច្ចេកទេសរបស់គេ បានធ្វើឱ្យគេក្លាយជាយុវជនមានទេពកោសល្យម្នាក់ដែលទទួលបានការចាប់អារម្មណ៍បំផុតនៅក្នុងពិភពបាល់ទាត់អាល្លឺម៉ង់ ហើយអ្នកគាំទ្រ Arsenal ប្រហែលជាធ្លាប់បានស្គាល់រួចមកហើយពីភាពសកម្មនៅលើទីលានរបស់កីឡាកររូបនេះ។

​ឈ្មោះរបស់ Kofane អាចនឹងមិនប្លែកនោះទេសម្រាប់អ្នកគាំទ្រ Arsenal ដោយសាររូបគេធ្លាប់បានបង្ហាញខ្លួនជាជម្រើសដំបូងទាំងពីរជើង ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ទល់នឹងក្រុមជើងឯក Premier League មួយនេះកាលពីរដូវកាលមុន ខណៈដែល Leverkusen បានចាញ់ក្នុងលទ្ធផលសរុប ៣-១។ បើទោះបីជាខ្សែប្រយុទ្ធសញ្ជាតិកាមេរូនរូបនេះ មិនអាចរកគ្រាប់បាល់បានក្នុងការប្រកួតទាំងពីរលើកនោះក្តី ប៉ុន្តែចលនារត់ និងការដាក់សម្ពាធ (Pressing) របស់គេពិតជាបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។

​ដំណើរឆ្ពោះទៅកាន់ភាពជោគជ័យរបស់ Kofane មានសភាពយ៉ាងឆាប់រហ័ស; រូបគេបានផ្លាស់ពីក្លិប AS Nylon ក្នុងប្រទេសកាមេរូនដែលជាស្រុកកំណើត ទៅកាន់ក្លិប Albacete របស់អេស្ប៉ាញក្នុងឆ្នាំ ២០២៤។ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ លើកនៅលីគលំដាប់ទី២ អេស្ប៉ាញ ក្លិប Leverkusen បានធ្វើសកម្មភាពយ៉ាងលឿនក្នុងការនាំយករូបគេមកកាន់ប្រទេសអាល្លឺម៉ង់ក្នុងខែកក្កដា ឆ្នាំ ២០២៥ ដែលគិតមកទល់ពេលនេះ គេស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទី (Assist) ៩ ដង ក្នុងការបង្ហាញខ្លួនសរុប ៥០ លើក។

ប្រែសម្រួល៖ គីរី

Most Popular

To Top