កីឡា

Ben White បញ្ជាក់ជំហរច្បាស់លាស់ជុំវិញ ការអវត្តមានពីជម្រើសជាតិអង់គ្លេស ក្រោយលោក Thomas Tuchel កោះហៅជាថ្មី

បរទេស ៖ ខ្សែការពារក្លិប Arsenal កីឡាករ Ben White បានបើកកកាយអំពីស្ថានការណ៍ ដ៏អាថ៌កំបាំងជុំវិញការចាកចេញ របស់គេពីព្រឹត្តិការណ៍ World Cup 2022 និងការអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសបន្ទាប់ពីនោះមក។ ពេលនេះ ជាមួយនឹងការត្រឡប់មកវិញក្រោមការដឹកនាំរបស់លោក Thomas Tuchel ខ្សែការពារពហុជំនាញរូបនេះ បានអះអាងថា គេនៅតែប្រកាន់ខ្ជាប់នូវការសម្រេចចិត្តដែលខ្លួនបានធ្វើឡើង ក្នុងអំឡុងពេលដ៏ច្របូកច្របល់នៃអាជីពអន្តរជាតិរបស់គេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១០ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

ទីបំផុត White បានចេញមុខបកស្រាយជុំវិញការសម្រេចចិត្តរបស់គេ ក្នុងការដើរចេញពីក្រុមជម្រើសជាតិអង់គ្លេស ក្នុងអំឡុងពេលនៃការដឹកនាំរបស់លោក Gareth Southgate។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ ដែលត្រូវបានគេដឹងថាល្បីល្បាញដោយសារការចាកចេញពីជំរំហ្វឹកហាត់របស់ក្រុមតោរ៉ូម ក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ដោយសារមូលហេតុផ្ទាល់ខ្លួននោះ បានបន្តអវត្តមានមិនអាចកោះហៅបានអស់រយៈពេលជិត ៣ ឆ្នាំ។ បើទោះបីជាមានការរិះគន់ពីសាធារណជន និងការជជែកវែកញែកជុំវិញការប្តេជ្ញាចិត្តរបស់គេចំពោះជាតិក៏ដោយ ក៏ White នៅតែប្រកាន់ជំហរយ៉ាងរឹងមាំ ដោយជឿជាក់ថា គេបានដោះស្រាយស្ថានការណ៍នោះបានយ៉ាងត្រឹមត្រូវ ដើម្បីជាប្រយោជន៍ និងសុខុមាលភាពផ្ទាល់ខ្លួន។

ពេលនេះ ខ្សែការពាររូបនេះត្រូវបានលោក Tuchel បញ្ចូលទៅក្នុងក្រុមវិញ សម្រាប់ការប្រកួតពានរង្វាន់ Nations League នាពេលខាងមុខ។ ពេលរំលឹកដល់អំឡុងពេលដែលរូបគេបានឃ្លាតឆ្ងាយពីឆាកអន្តរជាតិ White បានបង្ហើបថា ការលើកឡើងរបស់មហាជនមិនបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានការណ៍នោះទេ។

​ថ្លែងប្រាប់វិទ្យុ BBC Radio 5 live កីឡាករ White បានពន្យល់ថា៖ «ខ្ញុំគិតថា ជាការពិតណាស់មនុស្សជាច្រើនមិនដឹងសាច់រឿងទាំងស្រុងនោះទេ ពីព្រោះខ្ញុំមិនដែលនិយាយអ្វីទាំងអស់ ហើយខ្ញុំក៏នឹងមិនទម្លាក់កំហុសលើនរណាម្នាក់ ឬចែករំលែករឿងរ៉ាវទាំងនោះដែរ។ ខ្ញុំគិតថានោះប្រហែលជាវិធីដ៏ល្អបំផុត។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងដ៏អស្ចារ្យ ថ្វីត្បិតតែវាមានភាពស្មុគស្មាញ និងមិនសូវរលូនក៏ដោយ ប៉ុន្តែវាពិតជាអស្ចារ្យណាស់ដែលបានមកទីនេះនៅពេលនេះ។»
​គិតមកទល់ពេលនេះ White ធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេសបានចំនួន ៦ លើក ដែលការបង្ហាញខ្លួននីមួយៗសុទ្ធសឹងតែជាការប្រកួតមិត្តភាពអន្តរជាតិ។ ឆ្លងកាត់ការបង្ហាញខ្លួនទាំង ៦ លើកនោះ ខ្សែការពាររូបនេះរកបាន ១ គ្រាប់សម្រាប់ក្រុមតោរ៉ូម។

​នៅពេលត្រូវបានសាកសួរថា តើគេចង់ធ្វើអ្វីផ្សេងពីនេះដែរឬទេ ប្រសិនបើអាចត្រឡប់ពេលវេលាថយក្រោយ White បានឆ្លើយតបយ៉ាងច្បាស់លាស់។ «ទេ ខ្ញុំមិនគិតថាខ្ញុំនឹងធ្វើបែបនោះទេ។ ជាការពិតណាស់ ពេលនោះខ្ញុំនៅក្មេងបន្តិច ពេលនេះខ្ញុំមានវ័យរាងចំណាស់បន្តិចហើយ។ ក្នុងនាមជាមនុស្សម្នាក់ ខ្ញុំគិតថាខ្ញុំពិតជាមនុស្សប្រាកដប្រជា ហើយខ្ញុំគិតថាខ្ញុំបានធ្វើការសម្រេចចិត្តមួយ ដែលខ្ញុំប្រហែលជានៅតែបន្តធ្វើវាដដែល។ ដូច្នេះ វាជារឿងមួយដែល ខ្ញុំមិនសប្បាយចិត្ត ប៉ុន្តែជាក់ស្តែងវាបានកើតឡើងរួចទៅហើយ ហើយនេះគឺជាពេលវេលា ដែលត្រូវបន្តដំណើរទៅមុខទៀត» ខ្សែការពាររូបនេះបានបន្ថែមក្នុងកិច្ចសម្ភាសន៍។

ប្រែសម្រួល៖ គីរី

Most Popular

To Top