កីឡា

Nashville SC បង្កើតប្រវត្តិសាស្ត្រថ្មី Lionel Messi ឈ្នះស្បែកជើងមាស ខណៈគ្រូបង្វឹកជាច្រើន ត្រូវបាត់បង់ការងារ ដោយសារលទ្ធផលមិនល្អ

​បរទេស៖ ទិវាកាត់សេចក្តីចុងក្រោយ (Decision Day) នៃក្របខ័ណ្ឌ Major League Soccer (MLS) ប្រហែលជាមិនមែនជារឿងដែលគួរឱ្យរំភើបបំផុតនោះទេ ប៉ុន្តែកំណត់ត្រាថ្មីៗត្រូវបានបង្កើតឡើង ហើយក្លិបធំៗមួយចំនួនបានធ្លាក់ចេញពីវគ្គជម្រុះ (Playoffs) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១០ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ពិតប្រាកដចំនួនពីរបានកើតឡើង។ ទីមួយ គឺក្លិប Nashville SC បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួន ដោយបានបង្កើតកំណត់ត្រាពិន្ទុថ្មីក្នុងប្រវត្តិសាស្ត្រ MLS ដែលនេះជាសមិទ្ធផលដ៏ស័ក្តិសមបំផុតបន្ទាប់ពីឆ្លងកាត់រដូវកាលដ៏អស្ចារ្យ។ ទីពីរ គឺក្លិប Real Salt Lake (RSL) បានធ្វើការសម្រេចចិត្តយ៉ាងក្លាហានក្នុងការលក់ខ្សែបម្រើស្លាបដ៏ឆ្នើម Zavier Gozo ប៉ុន្តែពួកគេនៅតែអាចរក្សាភាពរឹងមាំ និងអាចឆ្លងផុតឧបសគ្គរហូតដណ្តើមបានកៅអីទៅលេងវគ្គ Playoffs។ នេះគឺជាភាពវៃឆ្លាតក្នុងលីគ MLS ពោលគឺការលក់កីឡាករចេញ តែនៅតែអាចបន្តឈរជើងបានរឹងមាំ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់។
​ទោះជាយ៉ាងណាក្តី ចាប់តាំងពីសំឡេងកញ្ចែបញ្ចប់ការប្រកួតចុងក្រោយបានបន្លឺឡើង ស្ថានការណ៍ហាក់មានភាពរញ៉េរញ៉ៃបន្តិច ដោយមានការបណ្តេញគ្រូបង្វឹកជាច្រើនចេញពីតំណែង។

ខាងក្រោមនេះ គឺជាការវិភាគលម្អិតរបស់សារព័ត៌មាន GOAL អំពីអ្នកដែលទទួលបានភាពជោគជ័យ (Winners) និងអ្នកដែលខាតបង់ (Losers) ក្នុងអំឡុងពេល ៤៨ ម៉ោងចុងក្រោយនេះ៖

វាជារឿងដែលងាយស្រួលទាយទុកមុនបំផុត ដោយសារតែ Messi រកបានរហូតដល់ ២៦ គ្រាប់ក្នុងរដូវកាលនេះ និងបានឈ្នះពានរង្វាន់ស្បែកជើងមាស (Golden Boot) ប្រចាំលីគ MLS។ ការរំពឹងទុកថានឹងមានអ្នកផ្សេងអាចធ្វើបានដូចគាត់ គឺជារឿងដែលរាងឆោតល្ងង់បន្តិច។ ជាក់ស្តែង ក្នុងចំណោមអ្នកឈ្នះពានរង្វាន់ស្ថិតិផ្សេងៗ “ការឈ្នះស្បែកជើងមាសរបស់ Messi” ប្រហែលជាអាចទស្សន៍ទាយបានយ៉ាងងាយតាំងពីខែមករាមកម្ល៉េះ។ ដូច្នេះ សូមអបអរសាទរ Leo សម្រាប់ការធ្វើរឿងមួយដែលយើងទាំងអស់គ្នាជឿជាក់ថាអ្នកពិតជាអាចធ្វើបាន។

Pascal Jansen ត្រូវបានក្លិប NYCFC បញ្ចប់តំណែងភ្លាមៗបន្ទាប់ពីការប្រកួតចុងក្រោយនៃរដូវកាលធម្មតា។ តាមពិតទៅ គាត់បានធ្វើការងារយ៉ាងល្អកាលពីឆ្នាំ ២០២៥ ជាមួយនឹងក្រុមដែលមិនសូវមានភាពលេចធ្លោ ដោយជួយឱ្យ NYCFC ឡើងដល់វគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់ Eastern Conference។ សមិទ្ធផលនេះគួរតែគ្រប់គ្រាន់ ដើម្បីឱ្យគាត់មានឱកាសដឹកនាំបន្តក្នុងរដូវកាលដែលពោរពេញដោយបញ្ហារបួស និងទម្រង់លេងធ្លាក់ចុះនេះ។

​ប៉ុន្តែវាច្បាស់ណាស់ថា NYCFC ត្រូវការការផ្លាស់ប្តូរថ្មី។ ក្លិបមានកីឡដ្ឋានថ្មីដែលត្រៀមនឹងបើកសម្ពោធ ហើយក្រុមនេះប្រហែលជាត្រូវការកីឡាករឆ្នើមៗ រួមជាមួយគ្រូបង្វឹកល្បីឈ្មោះម្នាក់ដើម្បីដឹកនាំ។ Jansen គឺជាអ្នកយុទ្ធសាស្ត្រដ៏ឆ្លាតវៃម្នាក់ ប៉ុន្តែសំណួរថាតើគាត់ជាបុគ្គលដែលអាចទាក់ទាញប្រជាប្រិយភាពតាមដែលក្លិបត្រូវការដែរឬទេ? ប្រហែលជាមិនមែនទេ។

នៅលើទីលានប្រកួតថ្ងៃចុងក្រោយនៃរដូវកាលធម្មតារបស់ MLS មានកីឡាករយុវជនពីររូបដែលបានស៊ុតបញ្ចូលទីយ៉ាងលេចធ្លោ នោះគឺ៖

  • ​Cavan Sullivan (រកបាន ២ គ្រាប់ឱ្យក្លិប Philadelphia Union)
  • ​Adri Mehmeti (ក្លិប New York Red Bulls)
    ​នេះគឺជាសញ្ញាដ៏ល្អសម្រាប់កីឡាករដែលមានក្តីសង្ឃឹមចូលរួមក្រុមជម្រើសជាតិអាមេរិក (USMNT)។ ទោះបីជាក្រុម New York Red Bulls របស់ Mehmeti ធ្លាក់ចេញពីការប្រជែងកៅអី Playoff ជាឆ្នាំទីពីរជាប់ៗគ្នាក៏ដោយ ប៉ុន្តែយុវជនទាំងនេះបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដែលជាឱកាសល្អក្នុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ។

Wicky ត្រូវបានក្លិប Sporting KC បណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមទទួលបានកំណត់ត្រាអាក្រក់បំផុតប្រចាំតំបន់ Western Conference។ ការបណ្តេញចេញនេះគឺជារឿងដែលគួរឱ្យឆ្ងល់ ព្រោះគ្រប់គ្នាសុទ្ធតែរំពឹងទុកមុនទៅហើយថា Sporting KC នឹងជួបការលំបាក ដោយសារតែកម្រិតកីឡាកររបស់ពួកគេមិនសូវល្អតាំងពីដើមរដូវកាល។ Wicky ហាក់ដូចជាគ្រូបង្វឹកដែលមកដើម្បី “កសាងក្រុមឡើងវិញ” ដូច្នេះសំណួរសួរថា តើនាយកផ្នែកកីឡា លោក David Lee កំពុងរៀបចំផែនការអ្វីបន្តទៀត?
​

Courtois បានដឹកនាំក្រុម Columbus Crew ដណ្តើមបានកៅអី Playoffs ទោះបីជាពួកគេមានការចាប់ផ្តើមរដូវកាលដ៏លំបាកក៏ដោយ។ ពួកគេបានបាត់បង់គ្រូបង្វឹកដ៏ល្អបំផុតរបស់លីគ រួមទាំងខ្សែប្រយុទ្ធឆ្នើមដែលរងរបួសជង្គង់ពេញមួយរដូវកាល។ បន្ទាប់ពីចាញ់ជាច្រើនប្រកួត ពួកគេចាប់ផ្តើមធ្វើបានល្អវិញនៅពាក់កណ្តាលខែកញ្ញា ដោយបានយកឈ្នះក្លិបធំៗដូចជា Orlando, Montreal និង Inter Miami តាមរយៈទម្រង់លេងសង្កត់ធ្ងន់លើការគ្រប់គ្រងបាល់ និងការបញ្ជូនបាល់យ៉ាងច្បាស់លាស់។ ទោះបីជាខ្វះភាពមុតស្រួចតំបន់ប្រយុទ្ធ ប៉ុន្តែ Courtois ពិតជាស័ក្តិសមទទួលបានការសរសើរសម្រាប់ការស្រោចស្រង់ក្រុមមួយនេះឱ្យរស់ឡើងវិញ។

វាគឺជារដូវកាលដ៏ខកចិត្តសម្រាប់ក្លិបទាំងពីរ។ សម្រាប់ LA Galaxy ការអវត្តមាន Riqui Puig គឺជាការខាតបង់ដ៏ធំ ដែលធ្វើឱ្យពួកគេចាញ់ RSL ២-១ ក្នុងថ្ងៃចុងក្រោយ និងធ្លាក់ចេញពីវគ្គ Playoffs។
​ចំណែកឯ LAFC ដែលត្រូវបានអ្នកវិភាគជាច្រើនចាត់ទុកថាជាបេក្ខភាពជើងឯកនៅតំបន់ Western Conference ដោយមានគ្រូបង្វឹក Marc Dos Santos និងកីឡាករល្បីៗដូចជា Son Heung-Min និង Denis Bouanga ក៏បានជួបភាពខកចិត្តផងដែរ។ ការបញ្ចប់រដូវកាលដោយមិនឈ្នះសោះ ៤ ប្រកួតចុងក្រោយ និងត្រូវទៅប៉ះក្រុមខ្លាំង St. Louis CITY SC ក្នុងជុំទីមួយនៃវគ្គ Playoffs ធ្វើឱ្យសប្តាហ៍នេះក្លាយជាសប្តាហ៍ដ៏លំបាកបំផុតសម្រាប់ក្រុមនៅទីក្រុង L.A.។

ប្រែសម្រួល៖ គីរី

Most Popular

To Top