កីឡា

ខ្សែការពារក្លិប Barcelona កីឡាករ Pau Cubarsi ជាប់ឈ្មោះជាម្ចាស់ពានរង្វាន់យុវជនឆ្នើម (Golden Boy) ប្រចាំឆ្នាំ ២០២៦

​បរទេស៖ តារាឆ្នើមវ័យក្មេងរបស់ក្លិប Barcelona កីឡាករ Pau Cubarsi ត្រូវបានគ្រងតំណែងជាម្ចាស់ពានរង្វាន់ Golden Boy ប្រចាំឆ្នាំ ២០២៦ ជាផ្លូវការ បន្ទាប់ពីឆ្លងកាត់ពេញមួយឆ្នាំដ៏អស្ចារ្យសម្រាប់ទាំងក្លិប និងជម្រើសជាតិ។ ខ្សែការពារកណ្តាលវ័យ ១៩ ឆ្នាំរូបនេះ បានយកឈ្នះលើកីឡាករមានទេពកោសល្យលំដាប់កំពូលជាច្រើនរូប ដើម្បីដណ្តើមបានពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ដែលជាការទទួលស្គាល់កីឡាករអាយុក្រោម ២១ ឆ្នាំល្អបំផុតដែលកំពុងប្រកួតប្រជែងនៅទូទាំងទ្វីបអឺរ៉ុប នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

រលកនៃធនធានកីឡាករឆ្នើមៗរបស់ក្លិប Barcelona ហាក់មិនមានសញ្ញាថមថយនោះឡើយ ខណៈដែល Cubarsi បានក្លាយជាយុវជនចេញពីសាលាបណ្តុះបណ្តាល La Masia ចុងក្រោយគេបង្អស់ដែលទទួលបានពានរង្វាន់ Golden Boy ដែលរៀបចំឡើងដោយកាសែតអ៊ីតាលី Tuttosport ។ ខ្សែការពារកណ្តាលវ័យក្មេងរូបនេះ បានលេចធ្លោជាអ្នកឈ្នះ បន្ទាប់ពីការបោះឆ្នោតដោយគណៈកម្មការអន្តរជាតិដែលរួមមានអ្នកសារព័ត៌មានចំនួន ៥០ រូបមកពីស្ថាប័នព័ត៌មានឈានមុខគេនៅអឺរ៉ុប។ ពួកគេបានជ្រើសរើសរូបគេចេញពីបញ្ជីបេក្ខភាពសម្រាំង ២៥ នាក់ចុងក្រោយ ដែលចម្រាញ់ចេញពីបញ្ជីឈ្មោះបេក្ខជនដំបូងចំនួន ១០០ នាក់ដែលបានប្រកាសកាលពីដើមឆ្នាំ។

​ការប្រកួតប្រជែងសម្រាប់ពានរង្វាន់នេះមានភាពស្វិតស្វាញយ៉ាងខ្លាំង ដោយកីឡាកររបស់ក្លិប Barcelona រូបនេះបានយកឈ្នះលើឈ្មោះល្បីៗជាច្រើនមកពីជុំវិញទ្វីប។ ក្នុងចំណោមអ្នកដែលមានភាគរយខ្ពស់ក្នុងការប្រជែង មានដូចជា Endrick និង Yan Diomande របស់ក្លិប Real Madrid ព្រមទាំងតារាឆ្នើម Estevao របស់ Chelsea និងខ្សែបម្រើ Warren Zaire-Emery របស់ PSG ។ Cubarsi ក៏បានឈរនៅលំដាប់ខ្ពស់ជាងមិត្តរួមក្រុមរបស់គេផងដែរ គឺ Marc Bernal និង Xavi Espart ។

ការសម្រេចចិត្តប្រគល់ពានរង្វាន់ Golden Boy ដល់ Cubarsi កើតឡើងបន្ទាប់ពីរដូវកាលដែលពោរពេញដោយការឈ្នះពានរង្វាន់ ដែលក្នុងនោះគេបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្រុមរបស់លោក Hansi Flick ដោយជួយឱ្យ Barcelona ឈ្នះទាំងជើងឯក La Liga និង Spanish Super Cup ។

​ក្រៅពីសមិទ្ធផលនៅកម្រិតក្លិប ស្នាដៃអន្តរជាតិរបស់ Cubarsi ក៏ជាកត្តាចម្បងមួយនៅក្នុងដំណើរការបោះឆ្នោតផងដែរ។ រូបគេគឺជាកម្លាំងស្នូលនៃក្រុមជម្រើសជាតិអេស្ប៉ាញ ដែលទើបតែទទួលបានជ័យជម្នះនៅលើឆាកអន្តរជាតិថ្មីៗនេះ ដោយបានបង្ហាញខ្លួនជាជម្រើសដំបូងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងត្រូវបានចាត់តាំងជាកីឡាករវ័យក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៍។ ភាពជោគជ័យនារដូវក្តៅនេះ ក៏បានជួយឱ្យគេត្រូវបានតែងតាំងជាបេក្ខភាពដណ្តើមពានរង្វាន់ Ballon d’Or ផងដែរ ដែលនេះបញ្ជាក់ថា គេលែងគ្រាន់តែជាកីឡាករវ័យក្មេងមានសក្តានុពលទៀតហើយ តែជាតារាឆ្នើមពិតប្រាកដនៅក្នុងការប្រកួតកម្រិតខ្ពស់។

​ជាមួយនឹងជ័យជម្នះនេះ Cubarsi ក្លាយជាកីឡាករទី ៥ របស់ក្លិប Barcelona ដែលដណ្តើមបានកិត្តិយសឯកត្តជនដ៏មានតម្លៃមួយនេះ ដោយបានចូលរួមក្នុងបញ្ជីឈ្មោះអ្នកឈ្នះពីមុនៗដែលរួមមាន Lionel Messi (២០០៥), Pedri (២០២១), Gavi (២០២២) និង Yamal (២០២៤)។ ខ្សែការពារវ័យ ១៩ ឆ្នាំរូបនេះ នឹងត្រូវទទួលពានរង្វាន់របស់ខ្លួនជាផ្លូវការនៅក្នុងកម្មវិធីជប់លៀងដែលនឹងរៀបចំឡើងនៅទីក្រុង Turin នាថ្ងៃទី ១៤ ខែធ្នូ ខាងមុខ។

​នៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៦ នៅទីក្រុងឡុងដ៍ ជាកន្លែងដែល Harry Kane បានឈ្នះពានរង្វាន់ធំ Cubarsi បានឈរនៅចំណាត់ថ្នាក់ទី ១២ សរុប។ ខ្សែការពារក្លិប Barcelona រូបនេះ ក៏ទទួលបានចំណាត់ថ្នាក់លេខ ២ សម្រាប់ពានរង្វាន់យុវជនឆ្នើមប្រចាំឆ្នាំ (Men’s Young Talent of the Year) ដោយទទួលបាន ៩៤ ពិន្ទុ ពោលគឺចាញ់ប្រៀបមិត្តរួមក្រុម Yamal ដែលបានឈ្នះពានរង្វាន់នេះដោយទទួលបាន ៩៦ ពិន្ទុយ៉ាងប្រកៀកប្រកិតបំផុត។

​ក្នុងរដូវកាលនេះ Cubarsi បានបង្ហាញខ្លួនចំនួន ១៣ លើកក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់សម្រាប់ Barcelona ដោយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន ២ ដង។ កាលពីថ្ងៃអាទិត្យ គេបានបង្ហាញវត្តមាននៅក្នុងជ័យជម្នះ ២-១ លើក្រុម Atletico Madrid ដែលជួយឱ្យ Barcelona ពង្រឹងទីតាំងរបស់ខ្លួននៅកំពូលតារាង La Liga ជាមួយនឹង ៣៣ ពិន្ទុ ពោលគឺនាំមុខ ៣ ពិន្ទុពីលើក្រុមលេខ ២ Real Madrid ។

ប្រែសម្រួល៖ គីរី

Most Popular

To Top