បរទេស៖ សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បានសម្រេចបណ្តេញលោក Hossam Hassan ចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ បន្ទាប់ពីមានរឿងអាស្រូវដ៏រសើបមួយ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា វាយតប់គ្នារវាងភរិយាទាំងពីររបស់លោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
យោងតាមសារព័ត៌មាន The New Arab សហព័ន្ធ EFA បានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រុមប្រឹក្សាភិបាលបានបោះឆ្នោត ទម្លាក់លោក Hassan ស្របតាមលក្ខខណ្ឌ នៃកិច្ចសន្យារបស់លោក ដោយលើកឡើងពីការប៉ះពាល់ ដល់មុខមាត់របស់ក្រុមជម្រើសជាតិ ក្រោយពីរឿងអាស្រូវនេះបានផ្ទុះឡើង។
លោក Hassan នឹងត្រូវជំនួសតំណែងដោយលោក Ali Maher ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅរបស់ក្លិប Ceramica Cleopatra នៃលីគកំពូលអេហ្ស៊ីប។
ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធ បានសម្រេចជាស្ថាពរ លើការផ្លាស់ប្តូរអ្នកដឹកនាំនេះ បន្ទាប់ពីកិច្ចប្រជុំមួយដើម្បីពិភាក្សា អំពីការចុះផ្សាយព័ត៌មានអវិជ្ជមានជុំវិញជីវិតឯកជនរបស់លោក Hassan ។
ការបណ្តេញចេញនេះ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧត្តមក្រុមប្រឹក្សាបទប្បញ្ញត្តិប្រព័ន្ធផ្សព្វផ្សាយរបស់អេហ្ស៊ីប បានហាមឃាត់ជាផ្លូវការមិនឱ្យលោក Hassan បង្ហាញខ្លួននៅលើកម្មវិធីទូរទស្សន៍ និងការផ្តល់បទសម្ភាសន៍ ដោយសារតែរលកនៃប្រតិកម្មព័ត៌មានជុំវិញការវាយតប់គ្នារវាងភរិយាទាំងពីររបស់លោកកាលពីខែសីហា។
វីដេអូនៃអំពើហិង្សាវាយតប់គ្នារវាងស្ត្រីទាំងពីរនាក់នៅក្នុងហាងកាហ្វេនៃសណ្ឋាគារដ៏ប្រណិតមួយ នៅតំបន់ឆ្នេរខាងជើង (North Coast) ប្រទេសអេហ្ស៊ីប បានសាយភាយយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ អ្វីដែលបានផ្តើមចេញពីការជជែកដេញដោលយ៉ាងក្តៅគគុក បានវិវត្តយ៉ាងលឿនទៅជាការប្រឈមមុខដាក់គ្នាដោយហិង្សា ដែលជំរុញឱ្យអ្នកដំណើរឆ្លងកាត់ទីនោះទូរស័ព្ទហៅប៉ូលិស។ យោងតាមសារព័ត៌មាន The Sun លោក Hassan បានព្យាយាមយ៉ាងលំបាកដើម្បីរំងាប់ស្ថានការណ៍ ហើយទីបំផុតបានសន្លប់បាត់ស្មារតីនៅក្នុងចំណោមការវាយតប់ដ៏តានតឹងនោះ។
ហេតុការណ៍នេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់ការជជែកវែកញែក ទាំងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងក្នុងវិស័យកីឡា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅពេលក្រោយមកថា លោក Hassan បានលែងលះជាផ្លូវការជាមួយភរិយាទី១ គឺអ្នកស្រី Howaida al-Gharbawy បន្ទាប់ពីឧប្បត្តិហេតុនោះ។
បើទោះបីជាមានភាពរញ៉េរញ៉ៃ ក្នុងជីវិតផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែលោក Hassan ធ្លាប់ទទួលបានការកោតសរសើរ ចំពោះភាពជោគជ័យរបស់លោកជាមួយក្រុមជម្រើសជាតិ។ អតីតខ្សែប្រយុទ្ធអន្តរជាតិរូបនេះ បានដឹកនាំក្រុមអេហ្ស៊ីបឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលជាការនាំប្រទេសនេះឆ្ពោះទៅកាន់វគ្គចាញ់ធ្លាក់ (Knockout Stage) ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រ។
ក្រោយការផ្លាស់ប្តូរអ្នកចាត់ការទូទៅ សហព័ន្ធ EFA បានអំពាវនាវដល់អ្នកគាំទ្របាល់ទាត់អេហ្ស៊ីបទាំងអស់ ឱ្យបន្តការគាំទ្រ និងរួបរួមគ្នាឈរនៅពីក្រោយក្រុមជម្រើសជាតិ នៅក្នុងដំណាក់កាលអន្តរកាលនេះ។
ប្រែសម្រួល៖ គីរី
