កីឡា

ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS រៀបចំឡើងដោយឆន្ទៈ ក្តីស្រឡាញ់នៅបន្ត ដើម្បីរួមចំណែកអភិវឌ្ឍ ធនធានកម្ពុជា

ភ្នំពេញ ៖ លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS ឆ្នាំ២០២៦បានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់លោកថា បើទោះបីជាការរៀបចំមានឧបសគ្គច្រើនយ៉ាងណាក្តី ក៏ឆន្ទៈ និងក្តីស្រឡាញ់របស់លោក មិនថមថយឡើយ ដោយសារតែលោកនៅតែចង់រួម ចំណែកអភិវឌ្ឍនធនធានកីឡាករ កីឡាការិនីកម្ពុជាឱ្យកាន់តែសម្បូរបែប និងគុណភាពសម្រាប់ជាតិ។

ការលើកឡើងរបស់អ្នករៀបចំរូបនេះ បានធ្វើឡើងនៅក្នុងឱកាសរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS ឆ្នាំ២០២៦ ដែលបានធ្វើឡើងចុងសប្តាហ៍នេះ នៅទីលានវាលឥន្ទ្រី (ទួលពង្រ) ស្ថិតនៅក្នុងសង្កាត់ ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកគូសបញ្ជាក់ថា ការប្រណាំងម៉ូតូត្រៃ វគ្គទី២នេះ ត្រូវបានគណៈកម្មការបច្ចេកទេសរៀបចំទីលានប្រកួតមានឧបសគ្គច្រើនជាងវគ្គទី១ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨-២៩ ខែមីនា កន្លងទៅ ដែលការរប្រកួតប្រជែងកាន់តែខ្លាំងក្លា និងទាក់ទាញជាមួយនឹងការគាំទ្រ ពីមហាជនបានយ៉ាងច្រើនកុះករ ។ ការរៀបចំទីលានឱ្យមានឧបសគ្គកាន់តែច្រើននេះ គឺដើម្បីឱ្យគណៈកម្មការសម្រិត សម្រាំងបានកីឡាករមានគុណភាពកាន់តែខ្ពស់ ហើយក៏បង្ហាញពីការរៀបចំរបស់ព្រឹត្តិការណ៍ថា កម្ពុជាយើងអាចរៀបចំបានល្អប្រសើរផងដែរ។

លោក ពេជ្រ សុខា គូសបញ្ជាក់ថា ក្នុងនាមជាអ្នករៀបចំ លោកពិតជារំភើបរីករាយណាស់ ដែលលោកបានឃើញនូវការគាំទ្រពីមហាជន ជាពិសេសការចូលរួមរបស់កីឡាករបានយ៉ាងច្រើនកុះករ ក្រោមការគាំទ្ររបស់សហព័ន្ធកីឡាយានយន្តកម្ពុជា និងឧបត្ថម្ភដោយ ENEOS ព្រមទាំងដៃគូឧបត្ថម្ភមួយចំនួនទៀត។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋបន្តចូលរួមគាំទ្រ លើកស្ទួយវិស័យកីឡាប្រណាំងម៉ូតូត្រៃនេះ ឱ្យកាន់តែមានសកម្មភាពផុសផុល និងរីកចម្រើន ព្រមទាំងរួមចំណែកផលិតធនធានកីឡាករឱ្យកាន់តែសម្បូរបែប និងគុណភាពល្អៗផងដែរ។ អ្នកជំនាញរៀបចំរូបនេះបានងបង្ហាញសុទិដ្ឋិនិយមថា បើទោះបីជាការរៀបចំមានការលំបាកច្រើនក្តី ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់រូបលោកនោះឡើយ ដោយឆន្ទៈ និងស្មារតីរបស់លោកជិត១០ឆ្នាំមកនេះនៅតែរីករាយ ក្នុងការខិតខំប្រឹងប្រែង រួមចំណែកបន្តការអភិវឌ្ឍប្រភេទកីឡាប្រណាំង ម៉ូតូត្រៃកម្ពុជាឱ្យរីកចម្រើន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងនេះ គណៈកម្មការរៀបចំការប្រកួតបានកំណត់យក៧ វិញ្ញាសារដាក់ឱ្យប្រកួតប្រជែង ក្នុងនោះមានដូចជា៖ វិញ្ញាសាប្រណាំង Class A ដែលជាប្រភេទម៉ូតូជំនាញកម្រិតខ្ពស់ Class B ដល់ Class G ក្នុងនោះជាកម្រិតយុវជនពាក់កណ្តាលជំនាញ វ័យចំណាស់ពាក់កណ្តាលជំនាញ អាយុ40 ឆ្នាំឡើង។ ជាមួយគ្នានេះ គណៈកម្មការជំនាញក៏សម្រិតសម្រាំង បានម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់ ប្រកបដោយគុណភាពខ្ពស់ៗផងដែរ៕

Most Popular

To Top