បច្ចេកវិទ្យា

ចិន នឹងបញ្ជូនអ្នកអវកាសយានិក៣រូប បន្ថែមទៀតទៅកាន់ស្ថានីយ៍អវកាស នៅក្នុងខែមិថុនា

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីម្នាក់បានលើកឡើងកាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹងបាញ់បង្ហោះយាននាំអ្នកអវកាសយានិក៣នាក់ទៀតទៅកាន់ស្ថានីយអវកាសថ្មីបំផុតរបស់ខ្លួនក្នុងខែមិថុនា បន្ទាប់ពីនាវិកចុងក្រោយបានត្រឡប់មកវិញនៅចុងសប្តាហ៍នេះ បន្ទាប់ពីស្នាក់នៅក្នុងគន្លងតារាវិថីរយៈពេល៦ខែ ។

នាវិកនៃយានអវកាស Shenzhou 14 នឹងចំណាយពេល៦ខែនៅលើស្ថានីយ៍ Tiangong ដើម្បីបន្ថែមម៉ូឌុលពីរទៅកាន់ស្ថានីយ៍នេះ លោក Hao Chun ប្រធានការិយាល័យវិស្វកម្មអវកាសចិនបានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថាយ៉ាងដូច្នេះ ។

កម្មវិធីអវកាសដ៏មានមហិច្ឆតារបស់ប្រទេសចិន បានបើកដំណើរការអវកាសយានិកដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថីក្នុងឆ្នាំ២០០៣ ចុះចតមនុស្សយន្តរ៉ូវ័រនៅលើព្រះចន្ទ្រ នៅក្នុងឆ្នាំ២០១៣ និងនៅលើភពព្រះអង្គារកាលពីឆ្នាំមុន។ ក្រុមមន្ត្រីបានពិភាក្សាអំពីបេសកកម្មនាវិកដែលអាចធ្វើទៅបានទៅកាន់ឋានព្រះចន្ទ្រ ។

ម៉ូឌុលស្នូលនៃស្ថានីយ៍ Tiangong ឬ Heavenly Palace ត្រូវបានដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ ។ ផែនការអំពាវនាវឱ្យបញ្ចប់ការសាងសង់នៅក្នុងឆ្នាំនេះ ។

លោក Hao បានលើកឡើងថា ម៉ូឌុល Wentian នឹងត្រូវបានដាក់ឱ្យដំណើរការនៅខែកក្កដា និងម៉ូឌុល Mengtian នៅក្នុងខែតុលា ។

កាលពីថ្ងៃសៅរ៍ នាវិកនៃយាន Shenzhou 13 បានចុះចតនៅវាលខ្សាច់ Gobi ក្នុងតំបន់ភាគខាងជើងនៃប្រទេសម៉ុងហ្គោលី ។

ក្នុងអំឡុងពេលបេសកកម្មនេះ អវកាសយានិក Wang Yaping បានអនុវត្តការដើរលើលំហដំបូងដោយស្ត្រីជនជាតិចិនម្នាក់។ លោក Wang មេបញ្ជាការ Zhai Zhigang និងនាវិក Ye Guangfu ក៏បានបង្រៀនមេរៀនរូបវិទ្យាសម្រាប់សិស្សវិទ្យាល័យផងដែរ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top