ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម្ចាស់កម្មវិធី TikTok ByteDance បានលេចមុខជាអ្នកវិនិយោគច្រើនជាងគេរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ ដោយបានប្តេជ្ញាចិត្តប្រមាណ 80 ពាន់លានយន់ ស្មើនឹង ១១ពាន់លានដុល្លារ ដល់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិតផងដែរ។
នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post ដកស្រង់ចេញពីកំណត់ត្រាស្រាវជ្រាវរបស់ Zheshang Securities បាននិយាយថា ដៃគូប្រកួតប្រជែងសំខាន់ៗរបស់ ByteDance គឺក្រុមហ៊ុន Baidu, Alibaba និង Tencent បានបណ្តាក់ទុនរួមគ្នាចំនួន ១០០ ពាន់លានយន់ក្នុងឆ្នាំនេះ ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបង្កើតឡើងដោយលោក Zhang Yiming បង្កើតលំហូរសាច់ប្រាក់យ៉ាងសំខាន់ពី Douyin ជាសមភាគីចិនរបស់ TikTok ។ ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងបង្កើនការចំណាយដើមទុនរបស់ខ្លួនទ្វេដងដល់១៦០ ពាន់លានយន់ក្នុងឆ្នាំ ២០២៥ ដោយទឹកប្រាក់ ៩០ ពាន់លានយន់ត្រូវបានបែងចែកសម្រាប់ថាមពលកុំព្យូទ័រ។ ការបែងចែកពិតប្រាកដសម្រាប់ AI មិនត្រូវបានបញ្ជាក់ទេ។
ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនកំពុងបង្កើនការចំណាយ AI របស់ពួកគេ ពួកគេនៅតែដើរតាមពីក្រោយដៃគូសហរដ្ឋអាមេរិករបស់ពួកគេ។ ខណៈនេះបើយោងតាមកំណត់ត្រាស្រាវជ្រាវបាននិយាយថា ការចំណាយដើមទុនរបស់ក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤៤.៥ ពាន់លានដុល្លារអាមេរិក ៕
